ក្រុមហ៊ុនពហុជាតិជាច្រើនកំពុងមាននិន្នាការផ្លាស់ប្តូរសកម្មភាពផលិតកម្មទៅកាន់ប្រទេសវៀតណាម។ យោងតាមលោក Henrik Bork អ្នកប្រឹក្សាយោបល់នៅ Asia Waypoint ក្រុមហ៊ុនអេឡិចត្រូនិកធំៗរបស់ចិនដូចជា Luxshare Precision Industry, Goertek និងក្រុមហ៊ុនដំឡើង iPhone Pegatron របស់តៃប៉ិដែលកំពុងផ្លាស់ប្តូរមូលដ្ឋានទៅកាន់ប្រទេសវៀតណាម។ ទស្សនាវដ្ដី Nikkei Asia របស់ជប៉ុនកាលពីដើមខែមិថុនា ក៏បានចាត់ទុកដែរថា ក្រុមហ៊ុន Apple កំពុងផ្ទេរសកម្មភាពផលិតកម្ម iPad ទៅកាន់ប្រទេសវៀតណាម។

leftcenterrightdel
តំបន់បច្ចេកវិទ្យាខ្ពស់ ខ័ណ្ឌ ៩ ទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ វិទ្យុ DW របស់អាល្លឺម៉ង់បានជូនដំណឹងថា បណ្តាក្រុមហ៊ុនអេឡិចត្រូនិក កំពុងបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាម។ ជាឧទាហរណ៍ ក្នុងខែកុម្ភៈឆ្នាំនេះ ក្រុមអេឡិចត្រូនិកឈានមុខគេរបស់កូរ៉េខាងត្បូង Samsung បានប្រកាសថាខ្លួននឹងវិនិយោគបន្ថែម ៩២០ លានដុល្លារអាមេរិកក្នុងប្រទេសវៀតណាម។

មូលហេតុចម្បងនៃនិន្នាការផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសវៀតណាម គឺដោយសារប្រាក់ឈ្នួលរបស់កម្មករវៀតណាមមានភាពប្រកួតប្រជែងកាន់តែច្រើន និងការប្រកួតប្រជែងពាណិជ្ជកម្ម សហរដ្ឋអាមេរិក-ចិន បន្តអូសបន្លាយ។ ក្នុងបរិបទនោះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយវៀតណាមត្រូវបានចាត់ទុកថាមានតួនាទីសំខាន់ក្នុងគោលនយោបាយនេះ។

លើសពីនេះ បច្ចុប្បន្ននេះ វៀតណាមមានកម្លាំងពលកម្មវ័យក្មេង និងបណ្តាញផ្លូវសមុទ្រងាយស្រួលសម្រាប់ការនាំចេញ ដែលនាំឱ្យប្រទេសសមាជិកសហភាពអឺរ៉ុប និងប្រទេសអាស៊ីជាច្រើន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម៕

បកប្រែដោយ Huyen Trang