ក្នុងជំនួប លោក Nguyen Van Nen បញ្ជាក់ថា ទីក្រុងហូជីមិញមានគោលបំណង និងត្រៀមជាស្រេចដើរតួនាទីជាកត្តាជម្រុញទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក តាមរយៈកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ក្នុងឋានៈជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

leftcenterrightdel
លោក Nguyen Van Nen ទទួលជួបលោកស្រី Wendy Sherman (រូបថត៖ vnanet.vn)

ទីក្រុងក៏មានគោលបំណងទាក់ទាញការវិនិយោគពីសហគ្រាសអាមេរិក ជាពិសេសលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ដូចជា បច្ចេកវិទ្យាខ្ពស់ ទីក្រុងឆ្លាតវៃ សុខាភិបាល ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ។ អាជ្ញាធរទីក្រុងហូជីមិញសន្យាថា នឹងជួយគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសអាមេរិក ក្នុងការផលិតកម្ម និងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងយូរអង្វែង។

លោកស្រី Wendy Sherman បានសម្ដែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ការជួយគាំទ្រគ្នារវាងអាមេរិក និងវៀតណាមក្នុងបរិបទនៃជំងឺ Covid-19 នៅប្រទេសទាំងពីរ។ អាមេរិកវាយតម្លៃខ្ពស់ចំពោះគោលនយោបាយផ្លាស់ប្ដូរទៅរកថាមពលស្អាតរបស់រដ្ឋាភិបាលវៀតណាម ចូលរួមចំណែកអនុវត្តកិច្ចសន្យារបស់វៀតណាមដែលសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ សហគ្រាសអាមេរិកយកចិត្តទុកដាក់ និងមានគោលបំណងវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងការអប់រំ៕

បកប្រែដោយ Thuy Anh