ក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី Carolyn Turk - នាយិកាធនាគារពិភពលោក (WB) ប្រចាំវៀតណាម នាថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ អគ្គនាយកស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម លោក Nguyen The Manh បានអះអាងថា ក្នុងរយៈពេលកន្លងមក ធនាគារពិភពលោកបានសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិស័យទាំងបី៖ ការធ្វើទំនើបកម្មនៃវិស័យធានារ៉ាប់រងសង្គម ការអនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់ប្រជាជនទាំងមូល និងការបង្កើនការគ្រប់គ្រងមូលនិធិ​វិនិយោគ។

leftcenterrightdel
លោកស្រី Carolyn Turk - នាយិកាធនាគារពិភពលោក (WB) ប្រចាំវៀតណាម និងលោកអគ្គនាយក Nguyen The Manh អគ្គនាយកស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម (រូបថត៖ vov.vn)

កិច្ចសហប្រតិបត្តិការរវាងស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និងធនាគារពិភពលោកបាននិងកំពុងរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ និងធ្វើឱ្យទំនើបកម្មនៃធានារ៉ាប់រងសង្គមរបស់វៀតណាម។

លោកអគ្គនាយក Nguyen The Manh មានបំណងចង់បន្តទទួលបានការជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុ បច្ចេកទេស បទពិសោធន៍អន្តរជាតិ ក៏ដូចជាបច្ចេកវិទ្យាពីធនាគារពិភពលោក ដើម្បីពង្រឹង និងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្ដគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។

នាយិកាធនាគារពិភពលោកប្រចាំវៀតណាម លោកស្រី Carolyn Turk បានអះអាងថា ធនាគារពិភពលោកនឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភវិស័យធានារ៉ាប់រងសង្គមវៀតណាមដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងរយៈពេលខាងមុខ។ យោងតាមលោកស្រី Carolyn Turk បានឲ្យដឹងថា ក្រុមអ្នកជំនាញការរបស់ធនាគារពិភពលោកប្រចាំវៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងដំណើរការស្រាវជ្រាវក្នុងគោលបំណងធ្វើវិសោធនកម្មច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ក្នុងនោះផ្ដោតលើការជំរុញការចូលរួមធានារ៉ាប់រងសង្គមរបស់កម្មករ  និងលើកកម្ពស់ប្រសិទ្ធភាពនៃមូលនិធិវិនិយោគ៕

បកប្រែដោយ Pham Diep