leftcenterrightdel
រូប​ថតឧទាហរណ៍ (vnanet.vn)

ក្នុងរយៈពេលកន្លងមក សកម្មភាពបណ្តុះបណ្តាល និងការ​ផ្ទេរបច្ចេកវិទ្យាជាច្រើនពីវៀតណាមទៅឡាវត្រូវបានអនុវត្តដូចជា៖ ការកែច្នៃបច្ចេកទេសផលិតទំពាំងឬស្សីពាណិជ្ជកម្មសម្រាប់ទីផ្សារក្នុងប្រទេសឡាវ ការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ការចែករំលែកលទ្ធផល នៃការសាកល្បងផលិតផលការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅវៀតណាម…

អនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាច្រើន

លោកស្រី Tran Thi Hong Lan អនុប្រធាននាយកដ្ឋានអនុវត្ត និងអភិវឌ្ឍន៍បច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរ និងសហការក្នុងការស្រាវជ្រាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យបច្ចេកវិទ្យា។ វិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួង ស្ថាប័ន សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ដោយផ្តោតលើការធ្វើឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាកម្លាំងចលករ ជាគន្លឹះ និងជាសសរស្តម្ភសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

ជាពិសេស ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរនោះ នាខែសីហា ឆ្នាំ២០២១ បានប្រព្រឹត្តទៅពិធីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Cuu Long (វៀតណាម) និងនាយកដ្ឋានបច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួងបច្ចេកវិទ្យា និងទំនាក់ទំនងឡាវ) តាមប្រព័ន្ធវីដេអូ។ យោងតាមអនុស្សរណៈ ភាគីទាំងពីរអនុវត្តការផ្ទេរបច្ចេកវិទ្យា ជួយ​គាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស និងរាល់សកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

ក៏ផ្ដើមពីសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​វៀត​ណាម-ឡាវ ភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នារវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសឡាវ បាន​ជួយលើកកំពស់សមត្ថភាពរបស់អង្គការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឡាវ លទ្ធផលដែលសម្រេចបាននោះបានជួយបណ្តុះបណ្តាល និងកសាងជួរកម្មាភិបាលឱ្យមានភាពម្ចាស់ការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា។ លើសពីនេះ តាមរយៈការងារស្រាវជ្រាវរួមគ្នា ភាគីទាំងពីរក៏ធ្វើការរួមគ្នាដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធឯកសារច្បាប់ ដែលជាច្រករបៀងផ្លូវច្បាប់សម្រាប់ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងដំណាក់កាលបច្ចុប្បន្ន និងអនាគត។

ក្នុងដំណើរការសហប្រតិបត្តិការ ភាគីទាំងពីរបានរៀបចំ "វេទិកាផ្គត់ផ្គង់បច្ចេកវិទ្យាវៀតណាម-ឡាវ" នេះជាសកម្មភាពដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីធុរកិច្ច វិទ្យាស្ថាន និង​សាលារៀនជាច្រើន​ ហើយសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ ខណៈដែលមានកិច្ចសន្យាផ្ទេរបច្ចេកវិទ្យាជាច្រើនបានចុះហត្ថលេខា។  សកម្មភាពនេះក៏ជាឱកាសសម្រាប់ការតភ្ជាប់អង្គភាពអាជីវកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ។

បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​

ក្នុងរយៈពេលកន្លងមក ជាមួយនឹងការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើការច្នៃប្រឌិត ធ្វើអោយប្រសើរឡើងនូវផលិតភាព កាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិ និងកម្លាំងពលកម្មថោកៗនោះ សេដ្ឋកិច្ចរបស់វៀតណាមមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍។ សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិរបស់វៀតណាមក៏បានកើនឡើងជាបន្តបន្ទាប់។ ជាពិសេស សន្ទស្សន៍នវានុវត្តន៍របស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ នៅឆ្នាំ ២០២១ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងចំណោមប្រទេស និង​ខឿនសេដ្ឋកិច្ចចំនួន ១៣២។

តាមរយៈការអភិវឌ្ឍ និងរីកចម្រើនរបស់វៀតណាមក្នុងរយៈពេលកន្លងមក បានរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការអនុវត្តសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លើសពីនេះ ភាគីទាំងពីរបន្តរក្សា និងស្វែងរកកាលានុវត្តភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងអង្គភាពមានសមត្ថកិច្ចនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសទាំងពីរវៀតណាម និងឡាវ ដោយផ្តោតលើ៖ ការគ្រប់គ្រងលើវិស័យកម្មសិទ្ធិបញ្ញា ការការពារសូចនាករភូមិសាស្រ្ត ស្តង់ដារប្រព័ន្ធគ្រប់គ្រងគុណភាព ការច្នៃប្រឌិត និងការចាប់ផ្តើមធ្វើអាជីវកម្ម ...

អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Tran Van Tung បានឲ្យដឹងថា៖ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការបក្សទាំងពីរនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងឡាវ ភាគីទាំងពីរបានអះអាងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក្រសួងទាំងពីរ រួមជាមួយនឹងសកម្មភាពជំនាញ វិជ្ជាជីវៈ សកម្មភាពរបស់អង្គការបក្ស និងអង្គការមហាជនក៏មានការចាប់អារម្មណ៍ផងដែរ តាមរយៈសកម្មភាពផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដើម្បីបង្កើនការយល់ដឹង និងភាពជិតស្និទ្ធរវាងបណ្តាអង្គការនៃប្រទេសទាំងពីរ។

កម្មវិធីសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្សទាំងពីរនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​វៀត​ណាម​ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឡាវ ផ្តោតសំខាន់លើការកសាងយន្តការដើម្បីផ្លាស់ប្តូរព័ត៌មានចាំបាច់ជាប្រចាំដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការងារបក្ស និងអង្គការមហាជន​ ដើម្បីចែករំលែកបទពិសោធន៍ និងសមិទ្ធិផលរបស់បក្សនីមួយៗក្នុងការកសាងប្រព័ន្ធនយោបាយ ព្រោះការកសាងប្រព័ន្ធនយោបាយរឹងមាំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធ្វើបានល្អក្នុងការងារជំនាញ​វិជ្ជាជីវៈ ជាភារកិច្ចនយោបាយរបស់ភាគីនីមួយៗ៕

បកប្រែដោយ Duy Hoan