នៅក្នុងជំនួបនេះ លោក Nguyen Hong Dien បានអបអរសាទរចំពោះលោក Damien O’Connor ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីពាណិជ្ជកម្មនិងនាំចេញ និងជារដ្ឋមន្រ្តីក្រសួងកសិកម្ម សន្តិសុខ ជីវសាស្រ្ត ព័ត៌មានអំពីដីធ្លីនិងកិច្ចការជនបទ ព្រមទាំងលោកអបអរសាទរចំពោះនូវែលសេឡង់ដែលបានទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងជំងឺរាតត្បាត Covid-19។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម 

លោក Nguyen Hong Dien សង្កត់ធ្ងន់ថា ដោយមានការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ភាគីទាំងពីរគប្បីជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត (បង្កើតនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០) និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យកសិកម្មទ្វេភាគី (ចុះហត្ថលេខានាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)។ លោក Nguyen Hong Dien ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់នូវែលសេឡង់ក្នុងការរៀបចំកិច្ចប្រជុំ APEC ឆ្នាំ២០២១។ វៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់នូវែលសេឡង់ ឆ្នាំ APEC 2021 នឹងទទួលបានលទ្ធផលជាក់ស្ដែង។

រដ្ឋមន្រ្តីទាំងពីររូបក៏ពិភាក្សាអំពីគំនិតផ្តួចផ្តើមសំខាន់ៗរបស់ APEC ឆ្នាំ២០២១ ជាពិសេសគឺផែនការអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ២០៤០ (APEC Vision 2040) សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីពាណិជ្ជកម្មស្ដីពីការបង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញ ក៏ដូចជាគំនិតផ្តួចផ្តើមថ្មីដែលទាក់ទងនឹងការជម្រុញកំណើនបៃតងនិងចីរភាព។

លោក Damien O’Connor បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចវៀតណាមនៅប៉ុន្មានឆ្នាំកន្លងមក ហើយរំពឹងថា វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាស្ដីពីគំនិតផ្តួចផ្តើមអាទិភាពរបស់ APEC 2021 នៅឯកិច្ចប្រជុំ MRT 27។

រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធជម្រុញកិច្ចសហប្រតិបត្តិការដើម្បីទទួលបានគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងនូវែលសេឡង់៕

បកប្រែដោយ Thuy Anh