អ្នកយកព័ត៌មាន៖ ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុបបានឆ្លងកាត់អស់រយៈពេល ៣០ ឆ្នាំដោយមានការរីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះ តើអ្វីជាចំណុចលេចធ្លោនៅក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក លោកឯកអគ្គរដ្ឋទូត?

ឯកអគ្គរដ្ឋទូត Pier Giorgio Aliberti៖ ប្រសិនបើអ្នកក្រឡេកមើលទៅលើរូបភាពរួមនៃទំនាក់ទំនងវៀតណាម - អឺរ៉ុប ក្នុងរយៈពេលជាង ៣ ទសវត្សរ៍នោះ វានឹងមានភាពខុសគ្នាយ៉ាងធំ។ កាលពី ៣០ ឆ្នាំមុនសហភាពអឺរ៉ុបមានសមាជិកចំនួន១២ ហើយរហូតមកដល់ពេលនេះ យើងមានការរីកលូតលាស់ជាមួយនិងសមាជិកចំនួន ២៧ ហើយ។ បច្ចុប្បន្ន សហភាពអឺរ៉ុបគឺជាប្លុកដែលមានសកម្មភាពពាណិជ្ជកម្មក៏ដូចជាអ្នកផ្តល់ជំនួយឥតសំណងធំបំផុតនៅទូទាំងពិភពលោក។ យើងមានទំនាក់ទំនងជាមួយដៃគូជាច្រើននៅជុំវិញពិភពលោក។

ចំពោះប្រទេសវៀតណាម ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ពិតជាមានការផ្លាស់ប្តូរដ៏អស្ចារ្យ។ ក្នុងឆ្នាំ១៩៩០ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម មានតិចជាង ១០០ ដុល្លារ/មនុស្សម្នាក់ ឥឡូវនេះបានឈានដល់ ២,៧០០ ដុល្លារ/មនុស្សម្នាក់។ ទំហំនៃការដោះដូរពាណិជ្ជកម្មវៀតណាម ជាមួយពិភពលោកក្នុងឆ្នាំ១៩៩០ មានចំនួន ៥ ពាន់លានដុល្លារអាមេរិក តែរហូតមកដល់ពេលនេះតួលេខនេះបានឈានដល់ ៥៥០ ពាន់លានដុល្លារអាមេរិក។ កាលពី ៣ ទសវត្សរ៍មុន ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហភាពអឺរ៉ុបបានឈានដល់ ២០០ លានដុល្លារ ហើយឥឡូវនេះវាកើនឡើងរហូតដល់ ៥០ ពាន់លានដុល្លារ។ នេះគឺជាចំណុចលេចធ្លោមួយ ដែលបង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងនៃពាណិជ្ជកម្មរវាងភាគីទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងអាចនិយាយបានថា វៀតណាមគឺជាដៃគូសំខាន់របស់សហភាពអឺរ៉ុប នៅអាស៊ី។

ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកមានការរីកចម្រើនយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនរាប់ចាប់ពីនយោបាយ សន្តិសុខ ការពារជាតិ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌... ភាគីទាំងពីរបានចែករំលែកគ្នានូវគោលនយោបាយរួម និងជឿទុកចិត្តគ្នាលើគោលនយោបាយសេដ្ឋកិច្ចបើកចំហ សង្គមបើកចំហ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងសណ្តាប់ធ្នាប់ពហុភាគី។ ប្រទេសវៀតណាមគឺជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនបំផុតនៅអាស៊ី ដូច្នេះយើងទន្ទឹមរង់ចាំជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយវៀតណាម។

leftcenterrightdel
ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Pier Giorgio Aliberti 

អ្នកយកព័ត៌មានៈ សមិទ្ធិផលដែលវៀតណាម និងសហភាពអឺរ៉ុបសម្រេចបានក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ គឺជាមូលដ្ឋានសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនាប៉ុន្មានឆ្នាំខាងមុខ។ នាពេលខាងមុខនេះ តើភាគីទាំងពីរផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យណា?

ឯកអគ្គរដ្ឋទូត Pier Giorgio Aliberti៖ ៣០ ឆ្នាំក្រោយគឺជាពេលវេលាដ៏យូរ ដូច្នេះខ្ញុំមិនអាចនិយាយច្រើនបានទេ។ ប៉ុន្តែខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៥-១០ ឆ្នាំខាងមុខ វៀតណាម និង EU អាចពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗជាច្រើន។ ជាបឋមគួរនិយាយដល់កិច្ចព្រមព្រៀងបៃតង របស់សហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យភាគីទាំងពីរសហការគ្នាក្នុងបណ្តាវិស័យដែលមានការអភិវឌ្ឍប្រកបដោយចីរភាពចំពោះទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ភាគីទាំងពីរក៏អាចចែករំលែកទិសដៅរួម និងកំណត់អាទិភាពសម្រាប់ការការពារបរិស្ថានឱ្យកាន់តែប្រសើរឡើង។

ទី ២ កិច្ចសហប្រតិបត្តិការលើការបំលែងឌីជីថល ឬ ឌីជីថលូបនីយកម្មគឺជាការផ្តល់អាទិភាពមួយក្នុងចំណោមអាទិភាពបច្ចុប្បន្នរបស់សហភាពអឺរ៉ុប ក៏ដូចជារដ្ឋាភិបាលវៀតណាម។ យើងខ្ញុំរំពឹងថា ដំណើរការនេះនឹងកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលយ៉ាងស្មុគស្មាញនៃ Covid-19 ។ ប្រទេសជាច្រើនត្រូវបង្ខំចិត្តអនុវត្តការរក្សាគម្លាតសង្គម  ដូច្នេះការធ្វើការនៅក្នុងប្រព័ន្ធអ៉ីនធឺណែត និងឌីជីថលូបនីយកម្មពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើង។ សហភាពអឺរ៉ុបអាចចែករំលែកបទពិសោធន៍ជាមួយវៀតណាម ក្នុងការគ្រប់គ្រងទិន្នន័យ ជួយវៀតណាមបង្វែរទិន្នន័យទៅជាផលប្រយោជន៍សេដ្ឋកិច្ច ហើយទន្ទឹមនឹងនោះអាចគ្រប់គ្រងទិន្ន័យបានប្រកបដោយប្រសិទ្ធភាពដើម្បីប្រជាជនមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងយុគសម័យឌីជីថល។

ទី ៣ គឺការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ។ ចាប់ពីថ្ងៃដំបូងនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ (ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២០) ទំនិញចំនួន ៧១% របស់វៀតណាម ដែលនាំចេញទៅសហភាពអឺរ៉ុបទទួលបានការលើកឡែងពន្ធ ០%។ ដំណើរការនៃការកាត់បន្ថយពន្ធរហូតដល់ ៩៩% នឹងត្រូវបានធ្វើជាការពិតក្នុងរយៈពេល ៧ ឆ្នាំ។ ខ្ញុំគិតថា អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង EVFTA មិនត្រឹមតែកាត់បន្ថយពន្ធគយប៉ុណ្ណោះទេ ថែមទាំងក្នុងដំណើរការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចដែលទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនបរទេស។ ក្រៅពីនេះ ការវិនិយោគបរទេស (FDI) ក៏ជាកត្តាសំខាន់ជួយ ជួយឱ្យវៀតណាមធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់តម្លៃពិភពលោកផងដែរ។ ទោះយ៉ាងណាដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន តាមគំនិតរបស់ខ្ញុំ រដ្ឋាភិបាលវៀតណាមចាំបាច់ត្រូវខិតខំប្រឹងប្រែងធ្វើកំណែទម្រង់គោលនយោបាយ និងមានតម្លាភាពថែមទៀត។

អ្នកយកព័ត៌មានៈ តើលោកឯកអគ្គរដ្ឋទូតវាយតំលៃតួនាទីរបស់វៀតណាមក្នុងនាមជាស្ពានរវាងសហភាពអឺរ៉ុប និងអាស៊ាន ជាពិសេសក្នុងបរិបទដែលវៀតណាមជាប្រធានអាស៊ាន ២០២០ យ៉ាងដូចម្តេច?

ឯកអគ្គរដ្ឋទូត Pier Giorgio Aliberti៖ ខ្ញុំសូមអបអរសាទរប្រទេសវៀតណាម ដែលទទួលបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ ក្នុងគ្រាលំបាកនៅពេលដែលពិភពលោកទាំងមូលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។ សមិទ្ធផលគួរឱ្យកត់សំគាល់បំផុតរបស់វៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ នោះគឺ ការជំរុញឱ្យភាគីនានាចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏ដូចជាការអនុម័តលើឯកសារចំនួន ៨០ ប្រភេទ។ នេះគឺជាចំនួនឯកសារច្រើនបំផុតដែលបានឆ្លងកាត់ក្នុងរាល់កិច្ចប្រជុំអាស៊ាន។

ក្នុងនាមជាដៃគូជិតស្និទ្ធរបស់សហភាពអឺរ៉ុប  ប្រទេសវៀតណាមបានលើកកម្ពស់ និងគាំទ្រការចូលរួមរបស់សហភាពអឺរ៉ុប ឱ្យកាន់តែច្រើននៅក្នុងគ្រប់សកម្មភាពរបស់អាស៊ាន។ យើងសង្ឃឹមថា ខ្លឹមសារ និងបំណងប្រាថ្នារបស់សហភាពអឺរ៉ុបនឹងត្រូវបានក្លាយជាការពិតយ៉ាងឆាប់ៗនេះ។

អ្នកយកព័ត៌មានៈសូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Minh Trung