ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាល Covid-19  សកម្មភាពនាំចេញទំនិញរបស់វៀតណាម នៅតែរក្សាបានកំណើនវិជ្ជមាន ដែលក្នុងនោះមានការលេចធ្លោឡើងនូវតួនាទីនៃវិស័យសេដ្ឋកិច្ចក្នុងស្រុក ដោយមានទំហំពាណិជ្ជកម្មនៃការនាំចេញ និងនាំចូលក្នុងរយៈពេល ៩  ខែ កន្លងមកសុទ្ធតែមានការកើនឡើង បើប្រៀបធាននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
រូប​ថតឧទាហរណ៍ (congthuong.vn)

ទំហំពាណិជ្ជកម្មនៃការនាំចេញ និងនាំចូលសរុបក្នុងរយៈពេល ៩ ខែកន្លងមក សម្រេចបានជិត ៣៨៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះទំហំពាណិជ្ជកម្មនៃការនាំចេញបានប៉ាន់ប្រមាណជិត ២០៣ ពាន់លានដុល្លារ កើនឡើង​ ៤,២% បើប្រៀប​ធៀប​នឹង​​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Hai Thang បានឲ្យដឹងថា៖ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្ម ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។ ផលិតផលនាំចេញរបស់វៀតណាមជាច្រើនមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងទីផ្សារ EU ក្រោយរយៈពេលជិត ២ ខែដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ក្រៅពីជលផលនោះ អង្ករវៀតណាមដែលនាំចេញទៅកាន់អឺរ៉ុបក៏មានសញ្ញាវិជ្ជមានជាច្រើនដែរ ខណៈដែលតម្លៃអង្កររបស់វៀតណាមនាំចេញទៅ EU បានកើនឡើង (ប្រមាណពី ៨០-២០០ ដុល្លារ/តោន) បើប្រៀបធៀបនឹងមុនពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន”។ ទន្ទឺមនឹងនេះផលិតផលជាច្រើនទៀតដូចជាទូរស័ព្ទ គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ វាយនភណ្ឌ ស្បែកជើង គ្រឿងសង្ហារឹម ... ក៏ដូចជាមុខទំនិញជាច្រើនទៀតក៏ត្រូវបានគេរំពឹងថានឹងមាន​ការកើនឡើងនៃការនាំចេញទៅទីផ្សារនេះចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ក៏ដូចជានាពេលខាងមុខផងដែរ” ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថានឹងបង្កើនការផ្តល់ព័ត៌មានដើម្បីជួយតម្រង់ទិសស្តីពីផលិតកម្ម និងការនាំចេញ ជាពិសេសព័ត៌មានអំពីទីផ្សារ។ អង្គភាពទាំងឡាយរបស់ក្រសួងនឹងបន្តសម្របសម្រួលជាមួយបណ្តាញស្ថាប័នពាណិជ្ជកម្មប្រចាំនៅឯបរទេស​ និងអង្គការជម្រុញពាណិជ្ជកម្មដើម្បីជម្រុញការផ្តល់ព័ត៌មានស្តីពីការប្រែប្រួលនៃទីផ្សារនានាដើម្បីជួយឱ្យសហគ្រាសមានទិសដៅធ្វើអាជីវកម្មបានល្អថែមទៀត៕

បកប្រែដោយ Duy Hoan