leftcenterrightdel
រូបជាឧទាហរណ៍

អ្នកយកព័ត៌មាន៖ ការអភិវឌ្ឍ និងការធ្វើអាជីវកម្មអាកាសយាដ្ឋានវៀតណាមគឺជាការទទួលខុសត្រូវរបស់ ACV តើលោកអាចចែករំលែកនូវទស្សនៈមួយចំនួនរបស់លោកអំពីការទទួលខុសត្រូវនោះបានទេ?

លោក Lai Xuan Thanh: អាកាសចរណ៍ស៊ីវិលគឺជាវិស័យមួយដែលមានអត្ថន័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិនិងសន្តិសុខនៃប្រទេសជាតិ។ វិស័យអាកាសចរណ៍ក៏ជាវិស័យសេដ្ឋកិច្ចមួយឈានមុខគេនៅក្នុងដំណើរការនៃការច្នៃប្រឌិត ការរៀបចំរចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មអន្តរជាតិ។ ជាពិសេសនៅអំឡុងឆ្នាំ ២០១២-២០១៩ ACV​ បានបង្កើនសមត្ថភាពធ្វើអាជីវកម្មលើហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយ៍ប្រព័ន្ធ ២១ នៃអាកាសយានដ្ឋាន។ តាមការរំពឹងទុកគឺចំនួនអ្នកដំណើរនឹងមានលើសពី ១១៥ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ៣ ដងបើប្រៀបធៀបទៅនឹងចំនួនអ្នកដំណើរ ៣៨ លាននាក់កាលពីឆ្នាំ ២០១២ ។

អ្នកយកព័ត៌មាន៖ ដោយមានកិត្តិយសដែលត្រូវបានប្រគល់ឱ្យវិនិយោគសាងសង់អាកាសយានដ្ឋាន ឡុង ថាញ់ តាមទស្សនៈរបស់លោកតើ ACV ត្រូវតែរៀបចំដើម្បីសម្រេចឲ្យបានកិច្ចការនេះយ៉ាងដូចម្តេច?

លោក Lai Xuan Thanh៖ គម្រោងវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗនៃវិស័យដឹកជញ្ជូន។ អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់គឺជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់បំផុតរបស់ប្រទេសជាតិក្នុងគោលបំណងដើម្បីក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនមួយក្នុងតំបន់។ ដោយសារតែទទួលបានការទុកចិត្តពីរដ្ឋាភិបាលក្នុងការជ្រើសរើសឲ្យធ្វើជាវិនិយោគិនដើម្បីសាងសង់អាកាសយានដ្ឋានឡុងថាញ់គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ ACV ។ បច្ចុប្បន្ន ACV បាននិងកំពុងរៀបចំត្រៀមគ្រប់លក្ខណៈចាំបាច់ដើម្បីអាចអនុវត្តបានភ្លាមៗលុះត្រាតែទទួលបានការអនុម័តលើគំរោងជាផ្លូវការពីនាយករដ្ឋមន្រ្តីបានអនុម័តគម្រោងជាផ្លូវការ។ ជាក់ស្តែង៖ យោងតាមផែនការធ្វើជាវិនិយោគិន ACV បានត្រៀមប្រភពដើមទុនចំនួន ៣៦,០០០-៣៧,០០០ ពាន់លានដុងពីមូលនិធិវិនិយោគអភិវឌ្ឍន៍ដែលស្មើនឹង ៣៨-៤០% នៃចំណាយសាងសង់សរុបចំពោះរាល់សំណង់ណាដែលបានវិនិយោគផ្ទាល់ដោយ ACV ។ រីឯចំពោះតំរូវការដើមទុនដែលនៅសល់មានប្រមាណ ២.៥-២.៦ ពាន់លានដុល្លារនោះ ACV បានធ្វើការជាមួយបណ្តាធនាគារក្នុងស្រុក និងអន្តរជាតិ ហើយទទួលបានការសន្យាជាក់លាក់ជាមួយនឹងលក្ខខណ្ឌផ្តល់ឥណទានដ៏អនុគ្រោះ។ ACV ក៏កំពុងជួលអ្នកផ្តល់ប្រឹក្សាអន្តរជាតិដើម្បីវាយតម្លៃពីសមត្ថភាព និងវាយតម្លៃឥណទានហិរញ្ញវត្ថុរបស់ខ្លួនដែលជាលក្ខខណ្ឌមួយដ៏សំខាន់សម្រាប់ ACV ក្នុងការកៀងគរមូលធនពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ ACV បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Nai ក្នុងការដោះស្រាយបញ្ហាដីធ្លីតាមគោលនយោបាយដោយធានាការប្រគល់ផ្ទៃដីឲ្យបានរួចរាល់នៅត្រីមាសទី ៤ ឆ្នាំ ២០២០ ដើម្បីអនុវត្តគម្រោង។ ត្រៀមលក្ខណៈអនុវត្តការដេញថ្លៃជ្រើសរើសអ្នកផ្តល់ប្រឹក្សាសម្រាប់ការតាក់តែងការរចនាបច្ចេកទេសបន្ទាប់ពីគម្រោងត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី។

... ACV នឹងជួលអ្នកផ្តល់ប្រឹក្សាអន្តរជាតិដើម្បីរៀបចំឯកសារដេញថ្លៃ គ្រប់គ្រងគម្រោង។ រៀបចំផែនការចូលរួម និងសម្របសម្រួលជាមួយបណ្តាស្ថាប័នពាក់ព័ន្ធរបស់រដ្ឋក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងការបាត់បង់ធនធានតាំងពីដំណាក់កាលដំបូងនៃការអនុវត្តគម្រោង។

អ្នកយកព័ត៌មានៈ​ ការអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋាន ត្រូវផ្សាភ្ជាប់ទៅនឹងភារកិច្ចធានាការពារជាតិ សន្តិសុខ ។ តើលោកមានទស្សនៈយ៉ាងណាចំពោះបញ្ហានេះ?

លោក Lai Xuan Thanh៖ ប្រព័ន្ធអាកាសយានដ្ឋានលើទូទាំងប្រទេសគឺជាព្រលានយន្តហោះប្រើរួមរវាងស៊ីវិល និងយោធា ដូច្នេះ ACV មានកិត្តិយសត្រូវបានចូលរួមដោយផ្ទាល់ក្នុងវិស័យការពារជាតិ សន្តិសុខ ការរៀបចំនិងការគ្រប់គ្រងដែនអាកាសនៃប្រទេសជាតិ។ ក្រៅពីនេះ ធានានូវសន្តិសុខអាកាសចរណ៍ក៏ត្រូវបានកំណត់ថាជាផ្នែកសំខាន់មួយនៃកិច្ចការពារសន្តិសុខជាតិផងដែរ។

ក្រៅពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិលស្របតាមបទប្បញ្ញត្តិរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដោយមានការចូលរួមពីក្រសួងការពារជាតិ  ក្រសួងនគរបាល និងបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធដែលត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍។ ទន្ទឹមនឹងនេះ វៀតណាមក៏ចូលរួមយ៉ាងសកម្មផងដែរនៅក្នុងប្រព័ន្ធធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍របស់ពិភពលោក។

អ្នកយកព័ត៌មានៈ សក្តានុពលសម្រាប់ការអភិវឌ្ឍ អាកាសយានដ្ឋានរបស់យើងគឺធំគ្រាន់បើដែល។ ដូច្នេះតើយុទ្ធសាស្ត្រវិនិយោគរបស់ ACV ក្នុងការទាញយកសក្តានុពលនេះយ៉ាងដូចម្តេច?

លោក Lai Xuan Thanh ៖ ប្រទេសវៀតណាមត្រូវបានគេកំណត់ថាជាទីផ្សារអាកាសចរណ៍មួយដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ACV នឹងទុកថវិកាសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ និងគម្រោងអាកាសយានដ្ឋានចំនួន ២១ ផ្សេងទៀតដែលកំពុងបានធ្វើអាជីវកម្ម និងសាងសង់ថ្មី។ ក្នុងចន្លោះឆ្នាំ ២០២៦-២០៣០ ដើមទុនដែលប្រមូលសម្រាប់ការវិនិយោគរបស់ ACV ពីការរំលស់ និងប្រាក់ចំណេញនឹងទទួលបានប្រហែល ១៣០,០០០ ពាន់លានដុងដែលភាគច្រើនទុកសម្រាប់គម្រោងធំៗចំនួន ២ គឺដំណាក់កាលទី ២ របស់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់និងពង្រីកអាកាសយានដ្ឋានអន្តរជាតិ Noi Bai។

ACV កំពុងរៀបចំយុទ្ធសាស្រ្តនៃការកសាង ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ដំណាក់កាល ២០២០-២០២៥ ដើម្បីឆ្លើយតបតាមតម្រូវការដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាំងអំពីទំហំ និងគុណភាពនៃការគ្រប់គ្រង និងការធ្វើអាជីវកម្មរបស់អាកាសយានដ្ឋាន។ ក្រៅពីនេះ ACV ក៏កំពុងដាក់ឲ្យដំណើរការផែនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងគ្រប់វិស័យនៃការវិនិយោគសំណង់ ការគ្រប់គ្រងអាកាសយានដ្ឋាន ការធានាសន្តិសុខអាកាសចរណ៍ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិ ការគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងធនធានមនុស្សដើម្បីឈានទៅរកការពង្រឹងសមត្ថភាពរបស់ ACV អំពីបច្ចេកវិទ្យាព័ត៌មាន។

អ្នកយកព័ត៌មានៈ សូមអរគុណលោក!

បកប្រែដោយ Minh Trung