ប្រសិទ្ធភាពនៃទុនកម្ចីសម្រាប់ជនជាតិភាគតិច
កប.អនឡាញ - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គមបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារក្រីក្រ និងជនជាតិភាគតិចក្នុងខេត្ត An Giang ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
បច្ចុប្បន្ននេះ ធនាគារគោលនយោបាយសង្គម-សាខាខេត្ត An Giang កំពុងអនុវត្តកម្មវិធីផ្តល់ប្រាក់កម្ចីចំនួន ១៨ សម្រាប់ជនជាតិភាគតិច។ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ ធនាគារបានផ្តល់កម្ចីអនុគ្រោះដល់គ្រួសារជនជាតិភាគតិចជាង ៧,៦០០ គ្រួសារ (ស្មើនឹង ២៧.៨៨% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបក្នុងខេត្ត) ដែលមានទឹកប្រាក់សរុបជិត ១៨០ ពាន់លានដុង។ លោក Tran The Loan នាយករងទទួលបន្ទុកធនាគារគោលនយោបាយសង្គម - សាខាខេត្ត An Giang បានឲ្យដឹងថា៖ “ការគាំទ្រសម្រាប់ទុនកម្ចី ដែលមានអត្រាការប្រាក់អនុគ្រោះ រួមដំណើរធ្វើពិពិធកម្មការរកស៊ីចិញ្ចឹមជីវិតរបស់ធនាគារ មិនត្រឹមតែជួយជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរការយល់ដឹង និងផ្នត់គំនិតក្នុងផលិតកម្មរបស់ប្រជាពលរដ្ឋទៀតផង។ អាស្រ័យហេតុនេះ មានទម្រង់ធ្វើអាជីវកម្មដែលមានប្រសិទ្ធភាពជាច្រើនពីទុនកម្ចីដើម្បីរួចផុតពីភាពក្រីក្រ។ ជាឧទាហរណ៍ នៅស្រុក Tinh Bien និងស្រុក Tri Ton បន្ទាប់ពីទទួលបានទុនកម្ចីអនុគ្រោះ គ្រួសារជនជាតិភាគតិចបានបង្កើតទម្រង់ចិញ្ចឹមគោ ធ្វើស្ករត្នោត ការត្បាញសំពត់សង្កិម ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់”។
    |
 |
ទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គម បានជួយជនជាតិ Cham នៅភូមិ Phum Soai ឃុំ Chau Phong (ទីរួមខេត្ត Tan Chau ខេត្ត An Giang) អភិវឌ្ឍការត្បាញសំពត់សង្កិម |
កាលពីមុន គ្រួសារអ្នកស្រី Neang Tha Ray នៅភូមិ Mang Ro ឃុំ Van Giao (ស្រុក Tinh Bien) ជាគ្រួសារក្រីក្រ។ អាស្រ័យដោយមានទុនកម្ចីអនុគ្រោះ ពីធនាគារគោលនយោបាយសង្គម មកទល់បច្ចុប្បន្ន គ្រួសាររបស់នាងបានរួចផុតពីភាពក្រីក្រ និងមានប្រាក់ចំណូលស្ថិរភាព។ អ្នកស្រី Tha Ray បានចែករំលែកថា៖ “កាលពីមុន ដោយសារខ្វះទុនធ្វើអាជីវកម្ម ជីវភាពគ្រួសារខ្ញុំលំបាកខ្លាំងណាស់។ បន្ទាប់ពីត្រូវបានធានាដោយសមាគមនារីឃុំ ខ្ញុំត្រូវបានផ្តល់ប្រាក់កម្ចីចំនួន ៤០ លានដុង ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ គ្រួសារខ្ញុំបានសម្រេចចិត្តធ្វើស្ករត្នោត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។
យោងតាមលោក Men Pholly ប្រធានគណៈកម្មាធិការជនជាតិខេត្ត An Giang បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទុនកម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ រួមទាំងជនជាតិភាគតិច ក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យដោយមានទុនកម្ចីអនុគ្រោះ បានរួមចំណែកដល់ការកាត់បន្ថយគ្រួសារជនជាតិភាគតិចក្រីក្រជាមធ្យមពី ៣ ទៅ ៤% ក្នុងមួយឆ្នាំ ដោយកាត់បន្ថយគម្លាតរវាងកម្រិតជីវភាពរបស់ជនជាតិភាគតិចជាបណ្តើរៗ បើធៀបនឹងមធ្យមកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងប្រទេស។
អាស្រ័យដោយមានទុនកម្ចីអនុគ្រោះរបស់ធនាគារ បានជួយគ្រួសារជនជាតិភាគតិចជាច្រើនក្នុងខេត្ត An Giang មានជីវភាពរស់នៅប្រកបដោយស្ថិរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃ៕
បកប្រែដោយ Huyen Trang