ថ្លែងមតិក្នុងជំនួបនេះ តំណាងជនជាតិភាគតិចខេត្ត Cao Bang បានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋ ដែលបានផ្សព្វផ្សាយពីគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនលើគ្រប់វិស័យសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដោយមានគោលដៅបង្រួមគម្លាតអភិវឌ្ឍន៍រវាងបណ្តាតំបន់យ៉ាងឆាប់រហ័ស។ ដោយលើកតម្កើងប្រពៃណីនៃទឹកដីបដិវត្តន៍ បានជាគណៈកម្មាធិការបក្ស និងប្រជាជនខេត្ត Cao Bang ជានិច្ចកាលរួបរួមគ្នា ខិតខំងើបឡើង ធ្វើឱ្យជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋថ្លែងមតិនៅកិច្ចប្រជុំគណៈប្រតិភូជនជាតិភាគតិចនៅខេត្ត Cao Bang (រូបថត៖ vnanet.vn)

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍គណៈប្រតិភូដោយមាន ៤៥ នាក់ដែលតំណាងឱ្យជនរួមជាតិចំនួន ៥០.០០០ នាក់នៃជនជាតិភាគតិចចំនួន ២០ នៅខេត្ត Cao Bang។ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា Cao Bang គឺជាទឹកដីមូលដ្ឋានបដិវត្តន៍ដំបូងបង្អស់របស់ប្រទេសយើង ដោយមានកិត្តិយសជាកន្លែងដែលនៅឆ្នាំ ១៩៤១ អគ្គមគ្គុទ្ទេសន៍ Nguyen Ai Quoc បានបោះជំហានដំបូងនៅពេលលោកត្រឡប់មកមាតុភូមិវិញបន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការធ្វើដំណើរស្វែងរកផ្លូវសង្គ្រោះជាតិ។ ប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Cao Bang លើកតម្កើងប្រពៃណីស្នេហាជាតិ លើកតម្កើងស្មារតីបដិវត្តន៍ ធ្វើតាមបក្ស និងធ្វើតាមអ៊ំ ហូ ដើម្បីទទួលបានជោគជ័យក្នុងសង្គ្រាមតស៊ូ និងការពារទឹកដីមាតុភូមិ។

លោកប្រធានរដ្ឋមានសេចក្តីសោមនស្សរីករាយដែលបានឃើញនូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ខេត្ត ក៏ដូចជាមើលឃើញនូវសាមគ្គីភាព ក្តីស្រលាញ់ ការជួយគាំទ្រគ្នា ក្តីជឿជាក់លើការដឹកនាំរបស់បក្ស ការខិតខំក្រោកឡើងក្នុងជីវិត និងស្មារតីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសពីបងប្អូននៅខេត្ត Cao Bang។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ផ្លូវទៅកណ្តាលឃុំមានអត្រាខ្ពស់ អត្រាគ្រួសារក្រីក្រមានការថយចុះ។ ជាពិសេស លោកប្រធានរដ្ឋបានសម្តែងការចាប់អារម្មណ៍ថា នៅខេត្ត Cao Bang បច្ចុប្បន្នមានគំរូល្អជាក់ស្តែងកាន់តែច្រើនឡើង ដែលឈានមុខគេក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ ហើយក្នុងចំណោមប្រតិភូទាំង ៤៥ រូបនោះ មានរហូតដល់ ៤១ នាក់ជាសមាជិកបក្ស និងមានមិនតិចទេ មានអ្នកជាលេខាបក្សជាជនជាតិ Tay, Mong ជាដើម។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នេះក៏ជារាល់កត្តាដើរតួនាទីសំខាន់ៗក្នុងការកសាងនូវប្រព័ន្ធនយោបាយនៅមូលដ្ឋាន រក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងសាមគ្គីភាព និងរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិវៀតណាម។

នាពេលខាងមុខ ប្រធានរដ្ឋបានស្នើឱ្យខេត្ត Cao Bang ផ្តោតលើការកសាងប្រព័ន្ធនយោបាយដ៏រឹងមាំ គណៈកម្មាធិការបក្ស និងអាជ្ញាធរជិតស្និទ្ធជាមួយប្រជាជន ស្តាប់ និងដោះស្រាយភ្លាមៗនូវសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។ ដោយមើលឃើញថា អត្រានៃភាពក្រីក្ររបស់ខេត្ត Cao Bang នៅតែមានកម្រិតខ្ពស់បើធៀបនឹងមធ្យមនៃប្រទេសជាតិ ហេតុនោះលោកប្រធានរដ្ឋបានជូនពរឱ្យ គណៈកម្មាធិការបក្ស អាជ្ញាធរ និងតំណាងជនជាតិភាគតិចក្នុងខេត្តបន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រ។ តាមនោះ ចាំបាច់ត្រូវអនុវត្តឱ្យបានល្អនូវសេចក្តីណែនាំរបស់បក្ស ស្តីពីការអភិវឌ្ឍតំបន់ជនជាតិភាគតិច អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាដែលអនុម័តលើផែនការមេអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ...៕

បកប្រែដោយ Minh Trung