គ្រួសារភាគច្រើននៅភូមិ Ja Lu សុទ្ធតែមានកូនជាច្រើន ឧទាហរណ៍មានប្តីប្រពន្ធខ្លះមានកូនរហូតដល់ ១១ នាក់ ដែលនាំអោយពួកគេស្ថិតក្នុងស្ថានភាពក្រីក្រចង់រួចខ្លួនក៏មិនបាន។ បញ្ហាចោទឡើងគឺថា ការកាត់បន្ថយភាពក្រីក្រនៅ Ja Lu ពិតជាពិបាកណាស់។ លោក Hoang Ngoc Thuc ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dak R'Tih បានឲ្យដឹងថា៖ នៅឆ្នាំ ២០១៦ ភូមិ Ja Lu ទាំងមូលមាន ១០៩ គ្រួសារដោយមានប្រជាជនចំនួន ៥៣៦ នាក់ ប៉ុន្តែក្នុងនោះមានរហូតដល់ ៩៣ គ្រួសារក្រីក្រ ស្មើនឹង ៨៥,៣២% ហើយ។

leftcenterrightdel
កងទ័ព និងកងជីវពលជួយដល់គ្រួសារជនជាតិភាគតិចថែទាំចម្ការម្រេច

ដោយសារអនុវត្តតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចនៅហ្នឹងកន្លែងរបស់គណៈកម្មាធិការបក្សស្រុក Tuy Duc ដំណាក់កាល ២០១៦-២០២០ នោះ ភូមិ Ja Lu ទទួលបានជំនួយពីបញ្ជាការដ្ឋានយោធាស្រុក គួបផ្សំជាមួយនឹងការងារជាក់ស្តែងដោយមានគោលដៅកាត់បន្ថយគ្រួសារក្រីក្រយ៉ាងឆាប់រហ័ស។ លោកវរសេនីយ៍ត្រី Tran Van Tu ជំនួយការផ្នែកនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Tuy Duc បាននិយាយអំពីថ្ងៃដំបូងៗនៃការធ្វើការជាមួយបងប្អូនជនជាតិ M'nong នៅភូមិ Ja Lu ដើម្បីរកដំណោះស្រាយកាត់បន្ថយភាពក្រីក្រថា៖ ជាដំបូង អង្គភាពបានធ្វើការស្ទង់មតិ និងស្វែងរកមូលហេតុនៃភាពក្រីក្ររបស់គ្រួសារនីមួយៗ បន្ទាប់មករួមគ្នាជាមួយអាជ្ញាធរដែនដីឯកភាពលើផែនការ និងដំណោះស្រាយដើម្បីអនុវត្តជាក់ស្តែង។ ជាឧទាហរណ៍ ចំពោះគ្រួសារណាដែលមានជួបការលំបាកខ្លាំងអំពីលំនៅឋាន គឺនឹងទទួលបានជំនួយសាងសង់ផ្ទះសាមគ្គី, គ្រួសារដែលខ្វះកូនឈើ កូនពូជ នឹងទទួលបានកូនឈើ និងកូនពូជ រីឯ គ្រួសារខ្វះកម្លាំងពលកម្មនឹងទទួលបានជំនួយពីកងទ័ពចុះមកជួយ និងណែនាំពីបច្ចេកទេសក្នុងការថែទាំរុក្ខជាតិ និងសត្វ តាមរយៈនោះជួយបង្កើនប្រាក់ចំណូលដល់គ្រួសារទាំងនេះ...

ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានយោធាស្រុកបានសុំការផ្តល់គោលការណ៍ពីថ្នាក់លើ គឺបញ្ជូនកងទ័ពចុះមកមូលដ្ឋានទៅធ្វើការចលនាប្រជាជននៅភូមិ Ja Lu ។ ក្រៅពីការជួយដល់ប្រជាពលរដ្ឋក្នុងការងារផលិតកម្ម ច្រូតកាត់ដំណាំ ជួសជុលកែលំអសួនច្បារ ជំនះផលវិបាកពីគ្រោះធម្មជាតិនោះ កងទ័ពក៏បានជួយឧបត្ថម្ភជួសជុលផ្លូវថ្នល់ ប្រឡាយទឹក សំអាតអនាម័យនៅតំបន់ផ្ទះវប្បធម៌សហគមន៍ផងដែរ។

ជាលទ្ធផលទទួលបាន ក្នុងឆ្នាំ ២០១៦-២០២០ បញ្ជាការដ្ឋានយោធាស្រុក Tuy Duc បានជួយឧបត្ថម្ភសាងសង់ផ្ទះជូន ៣ គ្រួសារ ផ្តល់គោជូនចំនួន ៥គ្រួសារ និងឧបត្ថម្ភដល់កូនសិស្សម្នាក់ជំនះការលំបាក។ល។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការបក្សឃុំ Dak R'Tih ដោយមានកិច្ចសហប្រតិបត្តិការ និងការរួមវិភាគទានរបស់យុទ្ធជន កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាស្រុក Tuy Duc រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន បានជាការងារកាត់បន្ថយភាពក្រីក្ររបស់ភូមិ Ja Lu ដំណាក់កាលឆ្នាំ ២០១៦-២០២០ ទទួលបានលទ្ធផលវិជ្ជមាន ពី ៩៣ គ្រួសារ នៅឆ្នាំ ២០១៦ ដល់ ៥៩ គ្រួសារនៅឆ្នាំ ២០២០ និង ៣២ គ្រួសារនៅឆ្នាំ ២០២២។

ជាមួយនឹងលទ្ធផលដែលសម្រេចបានភូមិ Ja Lu បានរួចផុតពីស្ថានភាពលំបាក។ ហើយនាពេលខាងមុខនេះ ក្នុងដំណើរឆ្ពោះទៅការកាត់បន្ថយភាពក្រីក្រនៅភូមិឃុំជនជាតិភាគតិចនោះ កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក Tuy Duc នឹងធ្វើដំណើរទ័ពទៅកាន់ភូមិផ្សេងៗ បន្តរួមដៃជាមួយប្រជាជនកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព កសាងជីវភាពរស់នៅប្រកបដោយចីរភាព៕

បកប្រែដោយ Minh Trung