ការតភ្ជាប់បេះដូង និងបេះដូង

មានអនុសាសន៍ក្នុងពិធីបើកសម្ពោធមូលនិធិវ៉ាក់សាំង Covid-19 នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអះអាងថា៖ រាល់ការបរិច្ចាគទាំងអស់សុទ្ធតែមានអត្ថន័យសម្រាប់សុវត្ថិភាពរបស់យើង ក្រុមគ្រួសារយើង និងសហគមន៍ទាំងមូលរបស់យើង។ នេះគឺជាមូលនិធិនៃសេចក្តីសប្បុរសធម៌ សាមគ្គីភាព ជំនឿទុក្ខចិត្ត និងជាការតភ្ជាប់រវាងបេះដូង និងបេះដូងដើម្បីយើងអាចជំនះលើរាល់ការលំបាកជាមួយគ្នា ចូលរួមចំណែកបង្កើតនូវវៀតណាមជោគជ័យមួយ ដើម្បីឱ្យយើងជាថ្មីម្តងទៀតសរសេរនូវប្រវត្តិសាស្ត្រនៃជ័យជំនះដ៏រុងរឿងមួយទៀតរបស់ប្រទេសជាតិ ពោលគឺជ័យជំនះលើរោគរាតត្បាត Covid-19 ។

នៅពិធីសម្ពោធនោះ អង្គការ អង្គភាពអាជីវកម្ម ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងប្រជាជនទូទាំងប្រទេសបានចូលរួមវិភាគទាននូវចំនួនទឹកប្រាក់រហូតដល់រាប់ពាន់ពាន់លានដុង។ បន្ថែមពីលើគឺការគាំទ្រតាមរយៈសារទូរស័ព្ទ គេហទំព័រ www.vietnamkhoemanh.vn ការចូលរួមវិភាគទានពីមនុស្សមួយចំនួនធំដល់មូលនិធិវ៉ាក់សាំង Covid-19 ដែលមានសារថា “សម្រាប់ប្រទេសវៀតណាមមានសុខភាពល្អ” ។

លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងទាំងនេះគឺជាវិធានការដ៏មានប្រសិទ្ធិភាពបំផុតដើម្បីការពារអាយុជីវិតមនុស្សចំពោះរោគរាតត្បាត និងធ្វើអោយជីវិតសង្គមមានសភាពដូចដើមឡើងវិញ។ ប្រទេសភាគច្រើនបាន និងកំពុងខិតខំដើម្បីសម្រេចគោលដៅនៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនយ៉ាងហោចណាស់បានពីរភាគបីចំនួនប្រជាជនសរុបរបស់ខ្លួនឯងនៅចុងឆ្នាំ ២០២១ ក្នុងនោះក៏មានរួមទាំងប្រទេសវៀតណាមផងដែរ។ លោក Nguyen Thanh Long ក៏បានលើកឡើងផងដែរថា ដើម្បីទទួលបានវ៉ាក់សាំងក្នុងបរិបទនៃភាពខ្សត់ខ្សោយវ៉ាក់សាំងលើទូទាំងពិភពលោក ក្រសួងសុខាភិបាលបានធ្វើការពិភាក្សាចរចាជាមួយអង្គការ និងអ្នកផលិតវ៉ាក់សាំងជាង ២០០ លើកហើយ។

leftcenterrightdel

លោកស្រី Nguyen Thi Phuong Thao បរិច្ចាគថវិកាចំនួន ១០០ ពាន់លានដុងដល់

មូលនិធិវ៉ាក់សាំង Covid-19

គំរូក្នុងការចូលរួមជាមួយសហគមន៍ប្រយុទ្ធប្រឆាំងនឹង Covid-19

នៅក្នុងពិធីបើកសម្ពោធមូលនិធិវ៉ាក់សាំង Covid-19 ក្នុងចំណោមអាជីវកម្មជាច្រើនដែលបានចូលរួមវិភាគទានមូលនិធិនោះ អាជីវកម្មដែលដឹកនាំដោយលោកស្រី Nguyen Thi Phuong Thao បានបរិច្ចាគថវិកាចំនួន ១០០ ពាន់លានដុង។ នេះគឺជាការបន្តសកម្មភាពស្ម័គ្រចិត្តជាបន្តបន្ទាប់របស់រាល់អង្គភាពគ្រប់គ្រងដោយមហាសេដ្ឋីស្រី Nguyen Thi Phuong Thao។

ជាពិសេសនៅឆ្នាំ ២០២០ ធនាគារ HD Bank គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អតិថិជនដែលរងផលប៉ះពាល់ដោយ Covid-19 ដែលក្នុងនោះមានខ្ទង់ថវិកាចំនួន ២៤,០០០ ពាន់លានដុងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម និងថវិកាចំនួន ១០,០០០ ពាន់លានដុងជួយដល់សហគ្រាសខ្នាតតូចបំផុត អាជីវកម្មលក្ខណៈគ្រួសារ  បុគ្គល។ល។ ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តជើងហោះហើររាប់រយជើងដើម្បីជួយសម្រួលដល់អ្នកដំណើរពីតំបន់រងគ្រោះដោយសាររោគរាតត្បាត និងបានដឹកជញ្ជូនដោយឥតគិតថ្លៃចំពោះគ្រូពេទ្យ បុគ្គលិកពេទ្យ និងឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការការពារ និងទប់ស្កាត់រោគរាតត្បាត។ ហើយខ្លួនឯងលោកស្រី Nguyen Thi Phuong Thao ក៏បានដកស្រង់ចេញពីមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួន ដើម្បីទិញ និងបរិច្ចាគម៉ាស់ការពារមេរោគរាប់លានជូនដល់ប្រជាជននៅតាមបណ្តាប្រទេសនានារួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់។

ការបរិច្ចាគរបស់លោកស្រី Nguyen Thi Phuong Thao ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 គឺដូចជាមហាសេដ្ឋីស្រីជាច្រើននៅលើពិភពលោក។ នោះគឺជាមហាសេដ្ឋីស្រីឈ្មោះ Francoise Bettencourt Meyers (ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង L'Oreal ប្រទេសបារាំង) ដែលបានផលិតទឹកលាងដៃកំចាត់មេរោគដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ និងផ្តល់ឱ្យវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដោយឥតគិតថ្លៃ។ មហាសេដ្ឋីស្រី Susanne Klatten (អ្នកស្នងមរតកម៉ាករថយន្ត BMW ប្រទេសអាឡឺម៉ង់) ផលិតម៉ាស់ និងរបាំងការពារមេរោគ។ មហាសេដ្ឋីស្រី Julia Koch (ម្ចាស់សាជីវកម្ម Koch  Industries សហរដ្ឋអាមេរិក) និងមហាសេដ្ឋីស្រី Jacqueline Mars (Mars Inc Corporation, USA) ជាដើម បានបរិច្ចាគថវិការាប់រយលានដុល្លារដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ផងដែរ។

លោកស្រី Nguyen Thi Phuong Thao បានចែករំលែកថា “យើងទាំងអស់គ្នាធ្វើការរួមគ្នាធ្វើឱ្យជីវិតសង្គមវិលត្រឡប់មករកភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ ដើម្បីឱ្យកុមារអាចបានទៅសាលារៀន ដើម្បីសុខភាពប្រជាជន ដើម្បីឱ្យមនុស្សគ្រប់គ្នាមានសុភមង្គល និងមានសុខភាពល្អ និងស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់អាជីវកម្ម រោងចក្រត្រូវបានបើក និងដំណើរការបន្ថែមទៀតដើម្បីបង្កើតការងារកាន់តែច្រើនសម្រាប់កម្មករ។

ក្រៅពីការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត Covid-19 នោះ លោកស្រី Phuong Thao ក៏ត្រូវបានគេស្គាល់ផងដែរថា ជាអ្នកដែលបានផ្តួចផ្តើមគំនិតដើម្បីអនុវត្តកម្មវិធីមួយ "ជំនួយដោយក្តីស្រឡាញ់" សម្រាប់ផ្តល់អាហារូបករណ៍ និងអំណោយដល់កុមារនៅមណ្ឌលកុមារកំព្រា ជួយលើកទឹកចិត្តកុមារក្រីក្រឱ្យបានទៅសាលារៀន និងផ្តល់សម្លៀកបំពាក់ដល់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល។ ទស្សនាវដ្តីអាស៊ីដ៏ល្បីល្បាញឈ្មោះ Tatler បានផ្តល់កិត្តិយសលោកស្រីជាមនុស្សដែលមានឥទ្ធិពលបំផុតក្នុងចំណោម ១១០ នាក់នៅអាស៊ីចំពោះការងារសប្បុរសធម៌។ នាពេលថ្មីៗនេះ មហាសេដ្ឋីស្រី Nguyen Thi Phuong Thao ក៏បានទទួលគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ពីសាធារណរដ្ឋបារាំងផងដែរ៕

បកប្រែដោយ Minh Trung