ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំនៃការនាំចូល-នាំចេញទំនិញរបស់វៀតណាមសម្រេចបានជាង ២៤០ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះអតិរេកពាណិជ្ជកម្មមានចំនួន ២.៥៣ ពាន់លានដុល្លារ។ គេហទំព័រសេដ្ឋកិច្ច TIMVEST នៃប្រទេសស្វីស បានចាត់ទុកថា ការនាំចូលនិងនាំចេញរបស់វៀតណាមបានបន្តកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមេសា ក្នុងបរិបទសេដ្ឋកិច្ចងើបឡើងវិញយ៉ាងខ្លាំង។

ទន្ទឹមនឹងនោះ កាសែតទីផ្សារហិរញ្ញវត្ថុពិភពលោករបស់អាល្លឺម៉ង់មានអត្ថបទមួយដែលគូសបញ្ជាក់ថា វៀតណាមបានបើកប្រទេសយ៉ាងពេញលេញបន្ទាប់ពីជំងឺរាតត្បាត Covid-19 ស្ថិតក្រោមការគ្រប់គ្រង ហើយឧស្សាហកម្មទាំងឡាយបានបង្ហាញនូវសញ្ញាវិជ្ជមាន។ ការនាំចេញរបស់វៀតណាមនៅឆ្នាំនេះនឹងឈានដល់កំណត់ត្រាថ្មីមួយ។

leftcenterrightdel
រូបថតឧទាហរណ៍៖ baochinhphu.vn

ការនាំចេញអង្កររបស់វៀតណាមទៅកាន់អឺរ៉ុបបានបន្តកើនឡើងក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ អាស្រ័យដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងវៀតណាម (EVFTA)។ ក្នុងតំបន់អាស៊ាននៅមានសក្តានុពលជាច្រើនសម្រាប់វៀតណាមក្នុងការនាំចេញអង្ករទៅកាន់ប្រទេសជិតខាងនានា។ នេះបើយោងតាមអត្ថបទដែលចុះផ្សាយដោយសារព័ត៌មាន EIN presswire។

ទន្ទឹមនឹងការនាំចូលនិងនាំចេញ ការទាក់ទាញ និងការបើកចំណាយទុនវិនិយោគបរទេស (FDI) របស់វៀតណាមក៏បានកត់ត្រានូវសញ្ញាវិជ្ជមានផងដែរ។ យោងតាមគេហទំព័រ The Star របស់ប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះ វៀតណាមបានផ្តល់អាជ្ញាប័ណ្ណសម្រាប់គម្រោង FDI ថ្មីចំនួន ៤៥៤ ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ៣.៧ ពាន់លានដុល្លារអាមេរិក។ វិនិយោគិនអឺរ៉ុបជាច្រើនមានសុទិដ្ឋិនិយមជាងទៅលើយថាទស្សន៍វិនិយោគនៅវៀតណាម។

យោងតាមសារព័ត៌មាននិងអ្នកជំនាញអន្តរជាតិ ជាមួយនឹងគោលនយោបាយបើកចំហរ និងការឆ្លើយតបប្រកបដោយភាព​បត់បែន សកម្មភាពផលិតកម្មរបស់វៀតណាមកំពុងបន្តត្រូវបានជំរុញ និងពង្រីកដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ នេះក៏ជាគន្លឹះមួយដើម្បីជំរុញការនាំចូលនាំចេញ និងទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាមបន្តកើនឡើងនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang