“រដ្ឋាភិបាលវៀតណាមវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ រវាងទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong និងរដ្ឋមន្រ្តីក្រសួងរតនាគាសហរដ្ឋអាមេរិក លោកស្រី Janet Yellen ក៏ដូចជាកិច្ចព្រមព្រៀងដែលសម្រេចបានរវាងធនាគាររដ្ឋវៀតណាម និងក្រសួងរតនាគាសហរដ្ឋអាមេរិក  ដែលទាក់ទងនឹងគោលនយោបាយអត្រាប្តូរប្រាក់។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ក្រសួងការបរទេសវៀតណាម)

កិច្ចព្រមព្រៀងខាងលើបានបញ្ជាក់ជាថ្មីម្តងទៀតថា គោលនយោបាយអត្រាប្តូរប្រាក់របស់វៀតណាមស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយរូបិយប័ណ្ណរួម សមស្របនឹងភាពជាក់ស្តែងនៃទីផ្សាររូបិយប័ណ្ណបរទេសនៅវៀតណាម និងកិច្ចសន្យាអន្តរជាតិរបស់វៀតណាមក្នុងបញ្ហានេះ ក្នុងគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងមិនបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងមិនស្មើភាពក្នុងពាណិជ្ជកម្មអន្តរជាតិ។

នេះគឺជាលទ្ធផលនៃដំណើរការសន្ទនា និងពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរ។ លទ្ធផលនេះក៏បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវៀតណាម និងសហរដ្ឋអាមេរិកលើវិស័យហិរញ្ញវត្ថុ និងរូបិយប័ណ្ណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្រោយពីជំងឺរាតត្បាត Covid-19។

នាពេលខាងមុខ វៀតណាមនឹងបន្តរក្សាកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនាជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ រួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីប្រកបដោយស្ថិរភាព និងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃដើម្បីផលប្រយោជន៍របស់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ”៕

បកប្រែដោយ Huyen Trang