ថ្លែងនៅឯកិច្ចប្រជុំ លោក Nguyen The Ky  អគ្គនាយក VOV បានសង្កត់ធ្ងន់ថា ក្នុងនាមជាទីភ្នាក់ងារសារព័ត៌មានជាតិមួយ VOV នឹងដើរតួនាទីឈានមុខគេជួយគាំទ្រទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិឲ្យមានសកម្មភាពកាន់តែប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម ព្រមទាំង​សហការគ្នាផ្សព្វផ្សាយដើម្បីជម្រុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានដាក់ចេញ។ បើយោងតាមលោក Nguyen The Ky ឲ្យដឹងថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា VOV នឹងចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសកម្មភាពរបស់អង្គការសហប្រជាជាតិ និងគុណតម្លៃពិភពលោករបស់អង្គការសហប្រជាជាតិ ​ទាក់ទាញចំណាប់អារម្មណ៍ពីសាធារណៈជនចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសវៀតណាម បង្កើនទំនាក់ទំនងរវាងប្រជាជនវៀតណាម ជាពិសេសយុវជនជាមួយអង្គការសហប្រជាជាតិ និងបណ្តាអង្គការជាសមាជិក។

leftcenterrightdel
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ថ្លែងនៅក្នុងជំនួបធ្វើការ

តាងនាមតំណាងនៃទីភ្នាក់ងារចំនួន ១៥ របស់អង្គការសហប្រជាជាតិប្រចាំវៀតណាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាម លោក Kamal Malhotra អបអរសាទរថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក និងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមទាំងអស់ក្នុងឱកាសគម្រប់ខួបទី ៧៥ នៃទិវាបង្កើត។ យោងតាមលោក Kamal Malhotra ឲ្យដឹងថា  អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 នៅទូទាំងពិភពលោក។ លោក Kamal Malhotra បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មាននានា​នៅប្រទេស​វៀត​​ណាម​ រួមទាំង VOV ផង​ដែរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម និងតំណាងទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានពិភាក្សាអំពីកម្មវិធីសកម្មភាព និងគោលដៅសំខាន់របស់អង្គការសហប្រជាជាតិនៅគ្រប់ខេត្ត ក្រុងនៃប្រទេសវៀតណាម រួមទាំងការជួយគាំទ្រប្រជាជននៅភាគកណ្តាលប្រទេសវៀតណាមដើម្បីជំនះផលវិបាកយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ។ ភាគីទាំងពីរក៏បានពិភាក្សា​លើ​វិធានការសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយសកម្មភាពរបស់ទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិប្រចាំវៀតណាមផងដែរ៕

បកប្រែដោយ Duy Hoan