ក្នុងកិច្ចប្រជុំនេះ ប្រធាន TNC បានបង្ហាញរបាយការណ៍របស់ TNC ជូនរដ្ឋមន្រ្តីទាំងឡាយស្តីពីស្ថានភាពនៃការចរចា RCEP ។ រដ្ឋមន្រ្តីទាំងឡាយក៏បានពិភាក្សាអំពីការរៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅឯកិច្ចប្រជុំកំពូល RCEP លើកទី ៤។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ congthuong.vn)

រដ្ឋមន្រ្តីទាំងឡាយបានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏សំខាន់ដែលគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP  និងក្រុមការងារស្តីពីបញ្ហារៀបចំជាច្បាប់ និងគតិយុត្តដែលសម្រេចបានក្នុងការធានាឱ្យសម្រេចតាមកាលបរិច្ឆេទ។

រដ្ឋមន្រ្តីទាំងឡាយក៏បានឯកភាពថា RCEP នឹងបើកទ្វារឲ្យប្រទេសឥណ្ឌាចូលរួមក្នុងកិច្ចព្រមព្រៀងនេះនៅពេលដែលប្រទេសនេះត្រៀមខ្លួនជាស្រេច។ ក្រុមការងារស្តីពីបញ្ហារៀបចំជាច្បាប់និងគតិយុត្ត និងលេខាធិការដ្ឋានអាស៊ានបានធ្វើការយ៉ាងសកម្មក្នុងការធានាឲ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP។

រដ្ឋមន្រ្តីមកពី ១៥ ប្រទេស RCEP កំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏បានជំរុញឱ្យប្រទេសឥណ្ឌាវិលត្រឡប់ទៅរកការចរចាដើម្បីឆ្ពោះទៅរកការសម្រេចកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី RCEP ពាក់កណ្តាលអាណត្តិ លើកទី ១១ គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូលើកទី ៣ ដែលរៀបចំឡើងនៅឆ្នាំនេះ។ នៅកិច្ចប្រជុំលើកនេះ រដ្ឋមន្រ្តីទាំងឡាយមិនចេញសេចក្តីថ្លែងការណ៍រួមទេ។

មកទល់បច្ចុប្បន្ននេះ ដំណើរការចរចា RCEP បានឆ្លងកាត់រយៈពេលជិត ៨ ឆ្នាំហើយ ចាប់តាំងពីពេលដែលវាបានចាប់ផ្តើមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានាឆ្នាំ២០១២ មក។ RCEP មានគោលបំណងបង្កើតក្រមប្រតិបត្តិការរួមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក  ពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា ដែលគ្របដណ្តប់មួយភាគបីនៃបរិមាណសេដ្ឋកិច្ចពិភពលោក និងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ប្រសិនបើរាប់ទាំងប្រទេសឥណ្ឌាផងដែរ៕

បកប្រែដោយ Duy Hoan