ឱកាសដើរទន្ទឹមជាមួយបញ្ហាប្រឈម

យោងតាមលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម​ បានឱ្យដឹងថា បច្ចុប្បន្នវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងទ្វេភាគី និងពហុភាគីចំនួន១៦។ FTA ជំនាន់ថ្មីទាំងនេះមានស្តង់ដារខ្ពស់បំផុតសម្រាប់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មសង្គម និងបរិស្ថាន។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចបានប៉ះពាល់ដល់វិស័យនានា សហគ្រាស និងជីវភាពរស់នៅរបស់ប្រជាជន។ វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចបើកទូលាយនិងធ្វើសមាហរណកម្មយ៉ាងទូលាយនិងស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ ឧទាហរណ៍ថា លើវិស័យកសិកម្ម វៀតណាមបានក្លាយជាប្រទេសនាំចេញឈានមុខគេលើពិភពលោកដូចជា កាហ្វេឈរលំដាប់ទី២ អង្ករឈរលំដាប់ទី៣ គ្រឿងឈើឈរលំដាប់ទី៥។ FTA ជួយដល់វៀតណាមមានឱកាសជាច្រើនក្នុងការលើកកំពស់គុណភាពផលិតផលដែលក្នុងនោះមានផលិតផលកសិផលក្នុងបំណងបង្កើនការប្រកួតប្រជែងនិងតម្លៃនាំចេញ។

leftcenterrightdel
អ្នកប្រើប្រាស់ទិញផ្លែស្រការនាគក្នុងទិផ្សារទំនើបនៅទីក្រុងនៅតូកូ្យ (រូបថត៖ vnanet.vn)

 

លោក Tran Cong Thang អនុប្រធានវិទ្យាស្ថានគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចែករំលែកថា  "នៅពេលចូលរួម FTA ជំនាន់ថ្មី ជាពិសេសកិច្ចព្រមព្រៀង CPTPP និង EVFTA នោះ វិស័យកសិកម្មរបស់វៀតណាមមានឱកាសអភិវឌ្ឍន៍ជាច្រើន។ ប៉ុន្ដែអាស្រ័យលើវិស័យនិមួយៗឱកាសនេះគឺខុសគ្នា។ មុខទំនិញផ្លែឈើ ជលផល គ្រឿងឈើ មានប្រៀបប្រកួតប្រជែងខ្ពស់ ហើយផលិតផលមួយចំនួនផ្សេងទៀតក៏មានប្រៀបក្នុងការប្រកួតប្រជែងល្អដូចជាម្រេច ស្វាយចន្ទី និងកាហ្វេ។ ផ្ទុយទៅវិញសម្រាប់ផលិតផលសត្វចិញ្ចឹមរបស់វៀតណាមនឹងមានការប្រកួតប្រជែងយ៉ាងខ្លាំង ដូចជាសាច់គោ និងសាច់មាន់ ... "។

លោក Hong Sun អនុប្រធានសមាគមសហគ្រាសកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានចែករំលែកថា  "ផ្លែឈើដែល​វៀតណាមនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងអាមេរិកភាគច្រើនជាដូងនិងផ្លែស្រការនាគ។ វៀតណាមមានកសិផលល្អជាច្រើនប៉ុន្ដែមិនទាន់មានពាណិជ្ជសញ្ញា ជាពិសេសផ្លែឈើមានតម្លៃនាំចេញមិនខ្ពស់នៅឡើយ។ ការនាំចេញកសិផលមានតម្លៃទាបដោយការថែរក្សានិងចំណាយដឹកជញ្ជូនខ្ពស់ជាងកូរ៉េខាងត្បូងនិងប្រទេសមួយចំនួនទៀត ដោយមកពីវិស័យ logistis មិនបានល្អនោះទេ "។

ការលើកកម្ពស់គុណភាពកសិផល ធានាសុវត្ថិភាពអាហារបានក្លាយទៅជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់នៃវិស័យកសិកម្មនៅពេលដែលវិស័យសេដ្ឋកិច្ចរបស់វៀតណាមកាន់តែបើកទូលាយជាមួយសេដ្ឋកិច្ចពិភពលោកតាមរយៈការចុះហត្ថ​លេខា​​លើកិច្ចព្រមព្រៀង FTA។

ដើម្បីឆ្លៀតយកផលប្រយោជន៍ពី FTA

យោងតាមលោកស្រី Nguyen Thi Thu Trang នាយកមជ្ឈមណ្ឌល WTO និងសមាហរណកម្មនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មរបស់វៀតណាម បានឲ្យដឹងថា ការចូលរួម FTA ក៏បានជួយវៀតណាមកែលម្អបរិស្ថានពាណិជ្ជកម្មនិងទាក់ទាញទុនវិនិយោគពីបរទេសលើវិស័យកសិកម្ម  ជាពិសេសលើវិស័យកែច្នៃ ព្រមទាំងលើកកម្ពស់លទ្ធភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា កែលម្អលទ្ធភាពគ្រប់គ្រងនិងការផ្លាស់ថ្មីរបស់សហគ្រាស។ "ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង CPTPP ប្រទេសជាសមាជិកនឹងលុបចោល ៤៨% នៃពន្ធអាករលើវិស័យកសិកម្មចុះមក ០% នៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមានជាផ្លូវការ។

លោករដ្ឋមន្ត្រី Tran Tuan Anh បានឲ្យដឹងថែមទៀតថា "FTA គឺជាឱកាសដ៏សំខាន់ដើម្បីវៀតណាមលើកកំពស់លទ្ធភាពប្រកួតប្រជែង ជាពិសេសក្នុងវិស័យកសិកម្ម។ ក្នុងវិស័យធំៗជាច្រើនរបស់វៀតណាមដែលនាំមកតម្លៃនាំចេញលើសពី ១ ពាន់លានដុល្លារអាមេរិកនោះ គឺមានជាង ៣០   មុខទំនិញដែលក្នុងនោះវិស័យកសិកម្មរួមចំណែកភាគច្រើន ប៉ុន្ដែវិស័យកសិកម្មនៅតែជួបបញ្ហាប្រឈមនូវគុណភាពនិងលទ្ធភាពប្រកួតប្រជែង និងបច្ចេកវិទ្យា កែច្នៃ ការធានានូវស្តង់ដារបច្ចេកទេសនៅពេលចូលរួម FTA។ ហេតុនេះវៀតណាមគួរតែបន្ដស្រាវជ្រាវ រៀបចំការផលិតកម្មឡើងវិញនិងលើកកំពស់លទ្ធភាពប្រកួតប្រជែងជាដើម។

អ្នកឯកទេសសេដ្ឋកិច្ចនិងអ្នកគ្រប់គ្រងបានចាត់ទុកថា ដើម្បីឆ្លៀតយកផលប្រយោជន៍ពី FTA ដែលក្នុងនោះមានកិច្ចព្រមព្រៀង CPTPP និង EVFTA នៅពេលដែលរបាំងពន្ធគយត្រូវបានលុបចោល (ភាគច្រើនពន្ធចុះមក ០%), កសិផលវៀតណាមត្រូវការលើកកម្ពស់គុណភាព ជាពិសេសគឺធានាបាននូវអនាម័យសុវត្ថិភាពអាហារនិងប្រភពដើមនៃផលិតផល។ ប្រសិនបើដោះស្រាយបានបញ្ហាទាំងនេះ កសិផលវៀតណាមអាចឈានចូលទីផ្សារពិភពលោកដែលតម្រូវឲ្យផលិតផលកសិផលមានគុណភាពល្អ៕

បកប្រែដោយ Pham Diep