ដោយសារលក្ខណៈនៃការងាររបស់យើង យើងមានឱកាសជាច្រើនក្នុងការជួបប្រាស្រ័យ និងទាក់ទងជាមួយនិស្សិតឡាវ។ នៅពេលសរសេរអត្ថបទទាំងបួនក្រោមប្រធានបទ "បណ្តុះពន្លកមិត្តភាពដោយបេះដូងរបស់ប្រជាជនវៀតណាម" យើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្អូន Khamlar Keomanychan និស្សិតឡាវម្នាក់ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសវៀតណាម ព្រោះគាត់និយាយភាសាវៀតណាមបានស្ទាត់ជំនាញ។ ក្នុងអំឡុងពេលសំណេះសំណាល ប្អូន Khamlar តែងតែរៀបរាប់អំពីគ្រួសារទីពីរនៅវៀតណាមរបស់គាត់ ដែលមានឪពុកធម៌ គឺជាកងទ័ពលោកអ៊ំ ហូ ដោយមានក្តីស្រឡាញ់ និងមោទនភាព។

leftcenterrightdel
ប្អូន Khamlar Keomanychan ជាមួយគ្រួសារនៃឪពុកធម៌

ប្អូន Khamlar មកប្រទេសវៀតណាមក្នុងឆ្នាំ២០១៦ បច្ចុប្បន្នជានិស្សិតនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត ទីក្រុង Vinh។ ប្អូន Khamlar បានឲ្យដឹងថា អ្នកដែលទទួលគាត់ជាកូនធម៌គឺជាគ្រួសាររបស់ឪពុក Dang Sy Ngoc (ទីក្រុង Vinh ខេត្ត Nghe An) ដែលជាអតីតយុទ្ធជនដែលធ្លាប់ប្រយុទ្ធនៅសមរភូមិឡាវ។ ឪពុកម្តាយធម៌ស្រឡាញ់ខ្ញុំណាស់។

ចែករំលែកអំពីផែនការនាពេលអនាគត ប្អូន Khamlar សង្ឃឹមថា “ខ្ញុំចង់ក្លាយជាគ្រូពេទ្យយោធា ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនឡាវ ហើយបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី មិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”។

សិស្ស និងនិស្សិតកម្ពុជាដែលមកសិក្សានៅប្រទេសវៀតណាម មិនខុសពីសិស្ស និស្សិតឡាវនោះទេ។ ការរស់នៅឆ្ងាយពីផ្ទះកាន់តែលំបាកសម្រាប់អ្នកដែលមានគ្រួសារក្រីក្រនៅឡើយ។ ប៉ុន្តែនៅពេលរស់នៅ និងសិក្សានៅវៀតណាម និស្សិតជាច្រើនដែលមានស្ថានភាពលំបាក ទទួលបានជំនួយពីគ្រួសារវៀតណាមដែលមានចិត្តសប្បុរសធម៌។

leftcenterrightdel
ប្អូន ឈុន សៀវម៉ី​ និងក្រុមគ្រួសារនៃឪពុកម្ដាយធម៌

ប្អូន ឈុន សៀវម៉ី ជានិស្សិតកម្ពុជាម្នាក់ដែលកំពុងសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យសំណង់ទីក្រុងហាណូយ។ ប្អូនគឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតដែលទទួលបានការឧបត្ថម្ភពីគ្រួសារនៃអតីតយុទ្ធជនវៀតណាមដែលធ្លាប់ប្រយុទ្ធនៅកម្ពុជា តាមរយៈចលនា “បណ្តុះពន្លកមិត្តភាព”។ ឈុន សៀវម៉ី ចែករំលែកថា “ខ្ញុំទទួលបានឧបត្ថម្ភដោយឪពុក Nho (លោកវរសេនីយ៍ឯក La Van Nho អតីតយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរណសិរ្សលេខ៤៧៩ ដែលបច្ចុប្បន្នរស់នៅសង្កាត់ Phuc Tan ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ) តាំងពីប៉ុន្មានថ្ងៃដំបូងដែលខ្ញុំមកដល់ទីក្រុងហាណូយ។ នៅពេលណាដែលខ្ញុំជួបការលំបាក ឬឈឺ ឪពុក Nho រួមជាមួយម្តាយ និងបងប្អូនក្នុងគ្រួសារ តែងតែលើកទឹកចិត្ត និងថែទាំខ្ញុំ។ ជាពិសេស ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃជំងឺ Covid-19 ឪពុក Nho មិនត្រឹមតែថែទាំខ្ញុំប៉ុណ្ណោះទេ ថែមទាំងថែទាំឲ្យមិត្តភក្តិរបស់ខ្ញុំទៀតផង”។

ដោយទទួលក្តីស្រឡាញ់ពីគ្រួសារវៀតណាម ឈុន សៀវម៉ី តែងតែខិតខំសិក្សាឲ្យបានល្អ ដើម្បីអាចពង្រីកសមត្ថភាពរបស់ខ្លួន សក្តិសមនឹងការរំពឹងទុករបស់ឪពុក Nho និងក្រុមគ្រួសារឡើយ ក្រោយពីពេលបញ្ឈប់ការសិក្សា វិលត្រឡប់មកប្រទេសវិញ ព្រមទាំង ចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងប្រពៃណីដ៏ល្អរវាងប្រជាជាតិទាំងពីរ។

ជាមួយនឹងប្រវត្តិសាស្ត្រប្រពៃណីជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា ក្នុងរយៈពេលកន្លងមក សិស្ស និស្សិតឡាវ និងកម្ពុជានៅវៀតណាមជាច្រើន ទទួលបានមនោសញ្ចេតនាពីគ្រួសារវៀតណាម។ ហើយរឿងមួយគឺប្រាកដណាស់ថា អារម្មណ៍របស់និស្សិតអន្តរជាតិអំពីគ្រួសារវៀតណាមនឹងដូចការចែករំលែករបស់ Khamlar និង ឈុន សៀវម៉ី ដែលជាក្តីស្រឡាញ់រវាងសមាជិកគ្រួសារ ការយល់ដឹង និងបេះដូងដ៏សប្បុរសធម៌របស់ប្រជាជនវៀតណាម។

leftcenterrightdel
នៅចុងឆ្នាំ២០២១ នៅពេលដែលជំងឺ Covid-19 វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ឪពុកម្តាយធម៌បញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគដល់កូនធម៌របស់ពួកគេ

ប្អូន សែម វិមុល ជាអតីតនិស្សិតខ្មែរនៃសាកលវិទ្យាល័យសំណង់ទីក្រុងហាណូយ។ ប្អូនត្រូវបានក្រុមគ្រួសាររបស់លោក Nguyen The Dau (អតីតអនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ នៃខុទ្ធកាល័យរដ្ឋសភាវៀតណាម) ទទួលជាកូនធម៌តាំងពីឆ្នាំ២០១៩។ បច្ចុប្បន្ន សែម វិមុល កំពុងធ្វើការនៅគម្រោង World Bright នៅពហុកីឡដ្ឋានជាតិមរតកតេជោ (រាជធានី ភ្នំពេញ ប្រទេសកម្ពុជា)។ ប្អូន សែម វិមុល បានចែករំលែកថា “នាពេលដំបូង ដែលខ្ញុំមករៀននៅវៀតណាម ខ្ញុំនឹកឪពុកម្តាយ និងក្រុមគ្រួសារខ្លាំងណាស់ វាមានឥទ្ធិពលខ្លាំងដល់ការសិក្សារបស់ខ្ញុំ។ ប៉ុន្តែចាប់តាំងពីខ្ញុំបានជួបឪពុក Dau តាមរយៈចលនា “បណ្តុះពន្លកមិត្តភាព” ខ្ញុំមានគ្រួសារ និងសាច់ញាតិថ្មីនៅវៀតណាម”។

leftcenterrightdel
ប្អូន សែម វិមុល និងឪពុក Dau

មនោសញ្ចេតនា ក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការថែទាំរបស់គ្រួសារឧបត្ថម្ភវៀតណាម បានជួយប្អូន សែម វិមុល ជំនះរាល់ការលំបាកក្នុងការរស់នៅ និងការសិក្សា។ បច្ចុប្បន្ននេះ វិមុល បានធំដឹងក្តីឡើង ត្រឡប់មកស្រុកកំណើតវិញ ហើយចូលរួមចំណែកកសាងស្រុកកំណើត ប៉ុន្តែរយៈពេលរស់នៅ និងសិក្សានៅប្រទេសវៀតណាម គឺជាអនុស្សាវរីយ៍ដែលប្អូននឹងចងចាំអស់មួយជីវិត។

សម្រាប់លោកវរសេនីយ៍ឯក Khamsao Keoviseth អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនឡាវ អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនវៀតណាម គឺជាសមមិត្ត និងសហសេវិកដ៏ជិតស្និទ្ធបំផុត។ តាមរយៈជំនួបនិងការផ្លាស់ប្តូរជាមួយគ្នា យើងដឹងថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចលនារបស់ក្រុមគ្រួសារវៀតណាមដែលបានជួយទំនុកបម្រុង ថែទាំសិស្ស និស្សិតឡាវ និងកម្ពុជាមានស្ថានភាពលំបាកក្នុងការសិក្សានៅប្រទេសវៀតណាម។

leftcenterrightdel
លោកវរសេនីយ៍ឯក Khamsao Keoviseth រីករាយដែលជួបជាមួយឪពុកម្តាយធម៌

ដូច្នេះនៅពេលសរសេរអត្ថបទទាំង៤នេះ យើងបានជួបជាមួយលោក និងគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលលោកនិយាយថា លោកចាប់អារម្មណ៍ព្រោះទាំងនេះគឺជាទង្វើដ៏ថ្លៃថ្នូ និងមានចិត្តសប្បុរសរបស់ប្រជាជនវៀតណាម ហើយហេតុផលពិសេសមួយទៀតគឺកាលពីជាង ៤០ ឆ្នាំមុន នៅពេលដែលលោកជានិស្សិតនៃវគ្គដំបូងបន្ទាប់ពីរំដោះជាតិរបស់សាលានាយទាហាននយោបាយ កងទ័ពប្រជាជនវៀតណាម លោកក៏ជួបតែសំណាងល្អ ដោយទទួលបានក្ដីស្រឡាញ់ពីគ្រួសារ ឪពុកម្តាយធម៌វៀតណាម ហើយរហូតមកដល់ពេលនេះ ក្តីស្រឡាញ់នេះ នៅតែរក្សាដដែល។

នៅពេលដែលយើងបង្ហាញពីបំណងចង់ស្តាប់ប្រាប់បន្ថែមទៀតអំពីឪពុកម្តាយធម៌វៀតណាម លោក Khamsao បានយល់ព្រមដោយរីករាយ និងសន្យាថានឹងចែករំលែកជាមួយយើងនាពេលឆាប់ៗ។ ដោយដឹងថាយើងកំពុងសរសេរអត្ថបទអំពីចលនាគ្រួសារវៀតណាមទំនុកបម្រុងសិស្ស និស្សិតឡាវ និងកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាម ដែលតែងតែជួយ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សិស្ស និស្សិតឡាវ ក្នុងការសិក្សា។ លោកបានអរគុណឪពុក Vuong ម្តាយ Duong (ឈ្មោះឪពុកម្តាយធម៌របស់លោក) និងក្រុមគ្រួសាររបស់ឪពុកម្តាយធម៌ ដែលតែងតែលើកទឹកចិត្ត ស្រឡាញ់ និងថែទាំលោក។

លោក Khamsao ក៏បានសម្តែងនូវក្តីប្រាថ្នាផងដែរថា សកម្មភាពមនុស្សធម៌ “បណ្តុះពន្លកមិត្តភាព” កាន់តែបើកទូលាយ ជួយដល់និស្សិតឡាវ និងនិស្សិតកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឲ្យពួកគេមានទីបង្អែកកាន់តែរឹងមាំ ហើយនឹងក្លាយជាស្ពានមិត្តភាព ជំរុញការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ជាដើម ដើម្បីរក្សាបាននូវទំនាក់ទំនងល្អប្រពៃណីរវាងប្រទេសទាំងបីនៅតំបន់ឥណ្ឌូចិន។

បំណងប្រាថ្នារបស់លោកវរសេនីយ៍ឯក Khamsao Keoviseth អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនឡាវ ក៏ជាការបំណងប្រាថ្នារបស់អតីតសិស្ស និស្សិតឡាវ និងកម្ពុជា ដែលធ្លាប់ទៅសិក្សានៅប្រទេសវៀតណាម ហើយទទួលបានក្តីស្រឡាញ់ពីប្រជាជនវៀតណាម។ មិនថាកាន់មុខតំណែងណាក៏ដោយ មិនថាសម្រេចបាននូវជោគជ័យក្នុងអាជីពយ៉ាងណានោះទេ មនោសញ្ចេតនារបស់ឪពុកម្តាយធម៌ប្រាកដជាជាកម្លាំងចលករសម្រាប់ "ពន្លកមិត្តភាព" ខិតខំចូលរួមចំណែកពូនជ្រំទំនាក់ទំនងពិសេសរវាងប្រទេសទាំងបី "ស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមត”៕

បកប្រែដោយ Thuy Anh