សមាគមមិត្តភាពវៀតណាម-កម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៥ បច្ចុប្បន្នមានសមាជិកជាង ៥២,០០០ នាក់ដែលកំពុងធ្វើសកម្មក្នុងសមាគមនៅ ៤២ ខេត្ត-ក្រុង និងមានសមាគមចំណុះចំនួន ១២ ដែលក្នុងនោះសមាជិកជាង ៤៥,០០០ នាក់ជាអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញដែលធ្លាប់បានធ្វើការ និងប្រយុទ្ធនៅលើសមរភូមិកម្ពុជា និងមានសមាជិកជាង ១,២០០ នាក់ ជាពាណិជ្ជករ និងសមាជិកជិត ៤,០០០ នាក់កំពុងធ្វើការនៅក្នុងទីភ្នាក់ងាររដ្ឋ អង្គការនយោបាយ និងសង្គម។

leftcenterrightdel
ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ទទួលជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន នៅខែមិថុនា ឆ្នាំ២០២២

ជាមួយនឹងបេសកកម្មដ៏រុងរឿងប៉ុន្តែធ្ងន់ធ្ងរ សមាគមទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបក្ស និងរដ្ឋវៀតណាម ដោយបានណែនាំកម្មាភិបាលដែលមានមុខតំណែងខ្ពស់ក្នុងស្ថាប័នបក្ស និងរដ្ឋដើម្បីជ្រើសរើសឱ្យកាន់តំណែងជាប្រធានសមាគមតែម្តង។ ប្រធានសមាគមដំបូងបង្អស់គឺអតីតឧបនាយករដ្ឋមន្ត្រី លោក Phan Trong Tue។ លោក Vu Mao សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងបន្ទាប់មកជានាយខុទ្ទកាល័យរដ្ឋសភា និងក្រោយមកជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា បានធ្វើជាប្រធានសមាគម ចាប់តាំងពីឆ្នាំ១៩៨៣ រហូតដល់ពេលលោកទទួលមរណភាពនៅឆ្នាំ ២០២០។

នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ មហាសន្និបាតទូទាំងប្រទេសលើកទី ៥ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា អាណត្តិឆ្នាំ ២០២១-២០២៦ បានប្រព្រឹត្តទៅក្នុងទម្រង់ជួបជុំគ្នាផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងមហាសន្និបាតនេះ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា   ប្រធានគណៈកម្មការការងារតំណាង និងជាអនុប្រធានគណៈកម្មការចាត់តាំងមជ្ឈិមបក្ស លោកស្រី Nguyen Thi Thanh ត្រូវបានជ្រើសរើសជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា សម្រាប់អាណត្តិ ២០២១ ដល់ ២០២៦។

រួមចំណែកក្នុងការកសាងទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក

ក្រោយរយៈពេលជិតកន្លះសតវត្សរ៍នៃការកសាង និងអភិវឌ្ឍ ក្នុងនាមជាសមាជិកសកម្មនៃសហភាពអង្គការមិត្តភាពវៀតណាម ដែលកំពុងប្រតិបត្តិការលើវិស័យការទូតប្រជាជន និងប្រជាជនកម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជា តែងតែយល់ដឹងយ៉ាងស៊ីជម្រៅ៖ ការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រជាជនវៀតណាម និងកម្ពុជា គឺដើម្បីកសាងមូលដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំមួយសម្រាប់ការថែរក្សា ការការពារ លើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរយៈពេលវែងដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ។

ផ្តើមពីការយល់ដឹងដ៏ជ្រាលជ្រៅនោះ ចាប់តាំងពីការបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន សមាគមមិត្តភាពវៀតណាម - កម្ពុជា តែងតែយល់ជ្រាបយ៉ាងពេញលេញអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋស្តីពីអត្ថន័យ និងសារៈសំខាន់ នៃទំនាក់ទំនងវៀតណាម - កម្ពុជា ក្នុងបុព្វហេតុនៃការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។

បន្ថែមលើការងារស្រាវជ្រាវ និងផ្តល់ប្រឹក្សា ការកសាងស្ថាប័ន និងអភិវឌ្ឍសមាជិក ការកៀរគរធនធាន ការចូលរួមយ៉ាងសកម្មក្នុងការងារតបស្នង សងគុណ ជាដើមនោះ សមាគមមិត្តភាពវៀតណាម - កម្ពុជា ក៏បានសម្របសម្រួលរៀបចំការអនុវត្តសកម្មភាពប្រកបដោយអត្ថន័យជាច្រើនទៀត រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាពិសេស ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ឆ្នាំ ២០១២ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានបំផុសកម្មវិធី “បណ្តុះពន្លកនៃមិត្តភាព” សំដៅដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម។ គោលបំណងនៃកម្មវិធីគឺដើម្បីគាំទ្រ និងជួយសិស្សានុសិស្ស និស្សិតកម្ពុជាលើកកម្ពស់គុណភាពសិក្សារបស់ប្អូនៗ  មានឱកាសបានចូលរួមសកម្មភាពស្វែងយល់អំពីប្រទេស និងប្រជាជនវៀតណាម និងមានការយល់ច្បាស់ និងស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។ បន្ទាប់ពីដំណើរការអស់រយៈពេល ១០ ឆ្នាំ កម្មវិធី “បណ្តុះពន្លកនៃមិត្តភាព” ទទួលបានលទ្ធផលដំបូងដ៏មានន័យ និស្សិតកម្ពុជារាប់ពាន់នាក់ដែលទទួលបានការជួយឧបត្ថម្ភដោយសមាគម បានបញ្ចប់ការសិក្សា និងត្រលប់មកមាតុប្រទេសវិញ ហើយក្លាយជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីចូលរួមទទួលខុសត្រូវលើការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា និងពួកគេជាកម្លាំងដ៏សំខាន់ក្នុងការបន្តប្រពៃណីនៃទំនាក់ទំនងល្អរវាងប្រជាជនទាំងពីរ ដោយមានការទទួលស្គាល់ និងកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងអនុញ្ញាតឱ្យបន្តការពង្រីក និងពង្រាយ គំរូនេះឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ជាងទៀត។

ការលើកកម្ពស់មិត្តភាពរបស់ប្រជាជន

ក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធទាំងពីរ ប្រជាជនវៀតណាម និងកម្ពុជាបានប្រកៀកស្មាគ្នា គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះជាតិ និងកសាងជាតិ។ ដោយចងចាំនូវវីរភាពរបស់ប្រជាជនទាំងពីរសមាគមបានរៀបចំឱ្យអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយនិងប្រជាពលរដ្ឋកម្ពុជាធ្លាប់ជួយកងទ័ពស្ម័គ្រចិត្តវៀតណាមមកទស្សនា សួរសុខទុក្ខគ្នាទៅវិញទៅមក ទន្ទឹមនឹងនោះក៏បាន រៀបចំឱ្យមានក្រុមគ្រូពេទ្យជួយផ្តល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួននៅកម្ពុជាទៀតផង…

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពផ្លាស់ប្តូរមិត្តភាព។ សមាគមទាំងពីរបានបង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកទាន់ពេលវេលា និងជួយគ្នាទៅវិញទៅមកនូវមធ្យោបាយសម្ភារៈ និងស្មារតីក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

នៅឆ្នាំ ២០២២ ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាបានរួមគ្នាប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ សមាគមមិត្តភាពវៀតណាម-កម្ពុជាគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសបាននិងកំពុងអនុវត្តជាបន្ទាន់នូវផែនការ និងរៀបចំសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាច្រើន រួមទាំងការជួបប្រាស្រ័យមិត្តភាព វប្បធម៌-សិល្បៈ  យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំ និងទិសដៅរបស់បក្ស និងរដ្ឋាភិបាល ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ក្រសួង សាខា អង្គការមហាជន មូលដ្ឋាន និងសហគមន៍ធុរកិច្ច រួមទាំងសមាគមគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទូទាំងប្រទេសនោះ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Minh Trung