ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្តាំផ្ញើការសួរសុខទុក្ខជូនសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាទាំងមូល និងអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រជាជនកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេង និងសំខាន់ៗក្នុងគ្រប់វិស័យក្នុងរយៈពេល៧១ឆ្នាំកន្លងមក។ លោកអគ្គលេខាបក្សក៏បានអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំយ៉ាងជោគជ័យនូវការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ធំធេង ប្រការនេះជាការបញ្ជាក់ម្តងទៀតនូវតួនាទី និងឋានៈរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះគណបក្សប្រជាជនកម្ពុជា។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវការជឿជាក់យ៉ាងមោះមុតថា ក្រោមការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មី និងអស្ចារ្យជាច្រើនទៀតក្នុងបុព្វហេតុការពារជាតិ កសាង និងអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន

ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានទូរស័ព្ទមកចូលរួមអបអរសាទរខួបលើកទី ៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងឱកាសខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងស្របពេលកម្ពុជារៀបចំយ៉ាងជោគជ័យនូវការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥។ សម្តេចតេជោ បានអះអាងថា អ្វីៗទាំងអស់នេះបានឆ្លុះបង្ហាញយ៉ាងស៊ីជម្រៅនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរឹងមាំយូរអង្វែងរវាង​វៀតណាម និងកម្ពុជា។ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះភាគីវៀតណាម ដែលបានសម្របសម្រួល និងគាំទ្រកម្ពុជាក្នុងការរៀបចំពិធីអបអរសាទរ “ខួបលើកទី ៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន ដោយជោគជ័យ។

លោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាអំពីស្ថានភាពរបស់ភាគីនីមួយៗ ដោយសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកយ៉ាងទូលំទូលាយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកដ៏ធំធេងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ដោយអះអាងរួមគ្នាថែរក្សា និងពូនជ្រំទំនាក់ទំនងទ្វេភាគីល្អ បន្តសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិតាមទិសដៅដែលកំណត់ដោយភាគីទាំងពីរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា ទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយសម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញលោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលសមស្របផងដែរ៕

បកប្រែដោយ Minh Trung