“ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន” ថ្ងៃនេះជាឱកាសមួយសម្រាប់យើងខ្ញុំពិនិត្យមើលឡើងវិញនូវប្រវត្តិនៃចំណងសាមគ្គីភាព ការរួមសុខរួមទុក្ខ និងចែករំលែកនូវភាពសប្បាយរីករាយ និងទុក្ខសោករវាងប្រទេសទាំងពីរ និង​រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដើម្បីបុព្វហេតុរំដោះជាតិ ដើម្បីសិទ្ធិរស់រានមានសេរីភាព សុភមង្គល និងកសាងប្រទេសឱ្យរីកចម្រើន។

ការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ វៀតណាម និងកម្ពុជា ដូចដែលលោកប្រធានហូជីមិញធ្លាប់បានអះអាងនៅក្នុងសារលិខិតជូនព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ថា “ជាការបង្ហាញដ៏ត្រចះត្រចង់នៃចំណងមិត្តភាពជិតស្និទ្ធ និងសាមគ្គីភាពប្រយុទ្ធ” “ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍”។

ចាប់តាំងពីរនោះមក ប្រជាជននៃប្រទេសទាំងពីរបានបន្តប្រកៀកស្មាគ្នា ដើម្បីដណ្តើមយកជ័យជំនះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ១៩៧៥ ព្រមទាំងជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងនាំមកនូវការរស់ឡើងវិញជូនប្រទេសកម្ពុជា។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីពូនជ្រំទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងជឿទុកចិត្តបន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេយូរអង្វែង” នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនៅលើពិភពលោក។

អាចសង្កេតឃើញថា រយៈពេល​ ៥៥ ឆ្នាំ វាមិនយូរប៉ុន្មានទេ បើធៀបនឹងប្រវត្តិដ៏យូរលង់នៃទំនាក់ទំនងរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា ក៏ប៉ុន្តែវាគឺជារយៈពេលដ៏ពិសេសមួយ ដែលប្រជាជននៃប្រទេសទាំងពីរ ទោះបីជាជួប​​ការលំបាក និងបញ្ហាប្រឈមនានាក៏ដោយ ក៏តែងតែផ្តល់ការគាំទ្រ និងជួយគ្នាទៅវិញទៅមកដោយស្មោះត្រង់ក្នុងបុព្វហេតុ​តស៊ូរំដោះជាតិ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍​ប្រទេសនីមួយៗ។

រាល់ឱកាសរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ក៏ជាឱកាសសម្រាប់មនុស្សជំនាន់បច្ចុប្បន្នសម្តែងការដឹងគុណចំពោះគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់ នៃប្រទេសទាំងពីរ ជាពិសេសគឺយុទ្ធជនពលី យុទ្ធជនពិការ  អតីតកងទ័ព​ស្ម័គ្រចិត្ត អតីតកម្មាភិបាល និងអ្នកជំនាញវៀតណាមដែលបានបូជាសាច់ស្រស់ ឈាមស្រស់ របស់ខ្លួនដើម្បីពូនជ្រំនូវចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា។

បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជាច្រើនជំនាន់បាន​ជូនចំពោះវៀតណាមក្នុងបុព្វហេតុ​តស៊ូរំដោះប្រទេសជាតិកាលពីមុន ក៏ដូចជាការកសាងប្រទេសនាសព្វថ្ងៃនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធ វៀតណាមសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រជាជនកម្ពុជាចំពោះជ័យជម្នះដ៏ធំធេងដែលប្រជាជនកម្ពុជាទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយមានជំនឿជាក់យ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀត ដើម្បីព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។

ក្រឡេកទៅមើលរយះពេល ៥៥ ឆ្នាំ កន្លងមក ដោយកាន់តែសប្បាយរីករាយ និងមានមោទនភាពចំពោះទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជាដែលមានការអភិវឌ្ឍដោយឥតឈប់ឈរ ក៏ដូចជាសមិទ្ធិផលដែលប្រជាជននៃប្រទេសទាំងពីរសម្រេចបាននោះ យើងកាន់តែមានទំនុកចិត្តលើអនាគតដ៏ភ្លឺនៃទំនាក់ទំនងល្អរវាងប្រទេសអ្នកជិតខាងទាំងពីរ។

ស្ថានភាពនៅលើពិភពលោក និងក្នុងតំបន់តែងតែមាន​ភាព​ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលបង្កការលំបាក និងបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសយើងទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងអ្វីបានបង្ហាញក្នុងរយៈពេលជាងកន្លះសតវត្សរ៍នោះ ប្រទេសយើងទាំងពីរនឹងរួមគ្នារឹតចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏មានតម្លៃ សក្តិសមនឹងការបូជាសាច់ស្រស់ ឈាមស្រស់របស់ជំនាន់មុនៗ ហើយទន្ទឹមនឹងនោះក៏ឆ្លើយតបទៅនឹងសេចក្តីប្រាថ្នា និងដើម្បីផល​ប្រយោជន៍របស់ប្រជាជននៃប្រទេសយើងទាំងពីរ។

វៀតណាម - កម្ពុជាជារៀងរហូតនឹងដូចជាដងទន្លេមេគង្គដែលតភ្ជាប់ប្រទេសទាំងពីរ ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ដ៏ពិសិដ្ឋ និងប្រកបដោយនិរន្តរភាពរបស់ប្រជាជាតិយើងទាំងពីរ៕

បកប្រែដោយ Duy Hoan