វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរលង់មក។ ឆ្នាំ ២០២២ បានគូសសញ្ញាជារបត់មួយនៃទំនាក់​ទំនងវៀតណាម-កម្ពុជា នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥  នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២)។ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជាក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ទំនាក់ទំនងល្អប្រសើរនេះ បានអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ។ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានបញ្ជាក់ថា “មន្ដ្រីជាច្រើននាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានបណ្តុះបណ្តាលនៅប្រទេសវៀតណាម ហើយបន្ទាប់ពីបញ្ចប់ការសិក្សាត្រឡប់ទៅកម្ពុជាវិញបានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យការពារជាតិកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ទទួលជួបលោក​ឯកអគ្គរាជទូត ចាយ ណាវុធ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០

ការបណ្តុះបណ្តាលធនធានមនុស្សគ្រាន់តែជាវិស័យមួយក្នុងចំណោមវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទកម្ពុជា។ លោក​ឯកអគ្គរាជទូត ចាយ ណាវុធ បានឲ្យដឹងថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោក កងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាបានសហការគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងនៅតំបន់ព្រំដែន។ ទន្ទឹមនឹងនោះ គ្រូពេទ្យយោធាវៀតណាមមកពិនិត្យសុខភាព និងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅតាមព្រំដែន។  លើសពីនេះទៅទៀត កងទ័ពនៃប្រទេសទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន  និងឧបាយកលបំបែកទំនាក់ទំនងវៀតណាម-កម្ពុជា។ លោក​ឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរភូមិន្ទ បានរួមចំណែករឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ”។

leftcenterrightdel
លោក​ឯកអគ្គរាជទូត ចាយ ណាវុធ ទទួលនិមិត្តសញ្ញាជាសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាមជូនក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០

សម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី ១ នាពេលខាងមុខ លោក​ឯកអគ្គរាជទូត ចាយ ណាវុធ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងក្នុងពេលវេលាដ៏ពិសេស ព្រោះឆ្នាំ២០២២ គឺជាឆ្នាំដែលមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗដូចជា ខួបអនុស្សាវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូត “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម” ហើយក៏ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃ “ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” (២០ មិថុនា ១៩៧៧/ ២០ មិថុនា ឆ្នាំ ២០២២)។ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាពិសេសក្រសួងការពារជាតិទាំងពីរ បានសហការយ៉ាងជិតស្និទ្ធ ត្រៀមរៀបចំនិង​ធានាឲ្យបានជោគជ័យនៃជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទី ១ នាពេលខាងមុខ។

ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើននឹងត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនោះ លោក​ឯកអគ្គរាជទូត ចាយ ណាវុធ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងកម្ពុជាឡើងកម្រិតកម្ពស់ថ្មីមួយ។ “ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម- កម្ពុជាលើកទី​ ១ នាពេលខាងមុខនឹងលើកកម្ពស់សកម្មភាពប្រាស្រ័យរវាងប្រទេសទាំងពីរ ជាពិសេសរវាងតំបន់មូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រោះយើងដឹងថា ប្រជាជនកម្ពុជាជាច្រើនរស់នៅតាមតំបន់ព្រំដែនជាប់នឹងប្រទេសវៀតណាម ក៏ដូចជាប្រជាជនវៀតណាមជាច្រើនរស់នៅតាមតំបន់ព្រំដែនជាប់នឹងកម្ពុជា។ តាមរយៈនោះ រួមចំណែករក្សាសន្តិភាព ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា"៕

បកប្រែដោយ Thanh Cong