ក្នុងឱកាសនេះលោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានមានអត្ថបទមួយដោយក្រឡេកមើលឡើងវិញពីប្រវត្តិនៃទំនាក់ទំនងវៀតណាម - កម្ពុជា ក៏ដូចជាសមិទ្ធិផលសំខាន់ៗជាច្រើនដែលប្រទេសទាំងពីរបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែន និងទឹកដី។ កាសែតកងទ័ពប្រជាជនវៀតណាមមានកិត្តិយសសុំផ្សាយបង្ហាញពីអត្ថបទនេះដូចខាងក្រោម។

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានមានអត្ថបទមួយដោយក្រឡេកមើលឡើងវិញពីប្រវត្តិនៃទំនាក់ទំនងវៀតណាម - កម្ពុជា

 

ព្រំដែននិងទឹកដីតែងតែជាបញ្ហាដ៏ពិសិដ្ឋចំពោះប្រជាជាតិនិងប្រទេសនីមួយៗ។ ការណ៍ដែលមានខ្សែបន្ទាត់ព្រំដែន មួយដែលត្រូវបានកំណត់សម្គាល់យ៉ាងច្បាស់នៅលើទីវាលជាក់ស្តែងនោះ ត្រូវបានកត់សម្គាល់ដោយឯកសារ ច្បាប់អន្តរជាតិ ដែលនឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការគ្រប់គ្រង និងការធានាការពារជាតិ សន្តិសុខ នៅតាមតំបន់ព្រំដែន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក៏ដូចជាការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងបណ្តាប្រទេសជិតខាង។ ដើម្បីបម្រើដល់គោលដៅថែរក្សាបរិស្ថានប្រកបដោយសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងជាមួយគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ វៀតណាមតែងតែមានបំណងចង់ចូលរួមជាមួយប្រទេសជិតខាងកសាងព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

អស់រយៈពេលជិត ៤ ទសវត្សប្រទេសវៀតណាម និងកម្ពុជាបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែន និងអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។ ដោយសារតែកិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវសមិទ្ធិផលសំខាន់ៗ ដែលថ្មីៗបំផុតនេះគឺជាសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុងកំឡុងឆ្នាំ ២០០៦-២០១៩ និងពិធីចុះហត្ថលេខាលើឯកសារច្បាប់ដោយទទួលស្គាល់នូវសមិទ្ធិផលរបស់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលទើបតែត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយនៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ ។ ឆ្លៀតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះសូមក្រឡេកមើលប្រវត្តិនៃទំនាក់ទំនងវៀតណាម - កម្ពុជាក៏ដូចជាសមិទ្ធិផលសំខាន់ៗដែលប្រទេសទាំងពីរបានខិតខំដើម្បីសម្រេចបានក្នុងការដោះស្រាយបញ្ហាព្រំដែន។

ប្រទេសវៀតណាម - កម្ពុជាជាប្រទេសជិតខាងជួយគាំទ្រទៅវិញទៅមកជានិច្ច

ប្រទេសវៀតណាមនិងប្រទេសកម្ពុជាគឺជាប្រទេសជិតខាងពីរដែលមានប្រវត្តិនៃទំនាក់ទំនងជិតស្និទ្ធតាំងពីយូរលង់មកហើយ។ ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ ប្រជាជននៃប្រទេសទាំងពីរស្មាកៀកស្មាគ្នាជានិច្ច។ ជាពិសេសលោកប្រធាន ហូ ជី មិញ និងសម្តេចព្រះនរោត្តមសីហនុមានទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធកាលពី ៤០ ឆ្នាំមុន ហើយដោយមានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម  រដ្ឋាភិបាលបដិវត្តន៍កម្ពុជាបានដឹកនាំប្រជាជនឱ្យផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បង្កើតឡើងសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឥឡូវជាព្រះរាជាណាចក្រកម្ពុជា)។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានអះអាងនូវចំណងសាមគ្គីភាពប្រយុទ្ធ និងកិច្ចសហប្រតិបត្តិការយូរអង្វែងលើគ្រប់វិស័យ។ ក្រៅពីការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរតែងតែបញ្ជាក់ការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ស្របច្បាប់របស់គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាឡើយ។

បច្ចុប្បន្ននេះភាគីទាំងពីរមានយន្តការសហប្រតិបត្តិការទ្វេភាគីជាច្រើនដោយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ដាក់ពង្រាយផែនការសហប្រតិបត្តិការជាក់លាក់លើគ្រប់វិស័យ  និងនាំមកនូវទំនាក់ទំនងអភិវឌ្ឍដ៏ទូលំទូលាយ និងជាក់លាក់។ ភាគីទាំងពីរក៏បានសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិជាពិសេសនៅអង្គការសហប្រជាជាតិអាស៊ាន​វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) និងក្នុងក្របខ័ណ្ឌនៃអនុតំបន់ទន្លេមេគង្គដើម្បីរក្សាបរិស្ថានប្រកបដោយសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់  ព្រមទាំងពង្រឹងចំណងសាមគ្គីភាព និងស្មារតីខ្លួនទីពឹងខ្លួនរបស់អាស៊ាន។

ការងារព្រំដែនគោកវៀតណាម - កម្ពុជា

ឆ្លងកាត់រជ្ជកាលរាជវង្សសក្ដិភូមិជាច្រើន វៀតណាម និងកម្ពុជាបានបង្កើតព្រំដែនប្រវត្តិសាស្រ្ត ប៉ុន្តែជាទូទៅវាត្រឹមតែស្ថិតក្នុងទម្រង់ព្រំប្រទល់តំបន់ប៉ុណ្ណោះ។ ក្នុងសម័យអាណានិគម ព្រំដែនរវាងប្រទេសទាំងពីរមានការប្រែប្រួលជាច្រើនដោយសារការកែសម្រួលរបស់អគ្គទេសាភិបាលនៃឥណ្ឌូចិន។ នៅពេលបារាំងដកខ្លួនចេញពីឥណ្ឌូចិន (១៩៥៤) ខ្សែព្រំដែនគោកទាំងមូលរវាងប្រទេសទាំងពីរត្រូវបានបង្ហាញពេញលេញជាបង្គួរលើផែនទី Bonne ខ្នាត ១ / ១០០.០០០ ដែលបោះពុម្ពផ្សាយដោយនាយកដ្ឋានភូមិសាស្ត្រឥណ្ឌូចិន។

ក្នុងកំឡុងឆ្នាំពី ១៩៥៤-១៩៧៧ ភាគីទាំងពីរបានធ្វើកិច្ចចរចាតាមព្រំដែនជាច្រើនលើកប៉ុន្តែមិនទទួលបានលទ្ធផល។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតកម្ពុជាកើតមកនៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ១៩៧៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើ “សន្ធិសញ្ញាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា”។ ផ្អែកលើមូលដ្ឋាននៃសន្ធិសញ្ញានេះប្រទេសទាំងពីរបានចរចា និងចុះហត្ថលេខាលើ “សន្ធិសញ្ញាស្តីពីគោលការណ៍”។ ផ្អែកលើមូលដ្ឋាននៃសន្ធិសញ្ញានេះ ប្រទេសទាំងពីរបានចរចា និងចុះហត្ថលេខាលើ “សន្ធិសញ្ញាស្តីពីគោលការណ៍នៃការដោះស្រាយបញ្ហាព្រំដែនរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា” នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ១៩៨៣ និង “សន្ធិសញ្ញាកំណត់ព្រំដែនរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា” នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩៨៥ (ហៅកាត់ថាសន្ធិសញ្ញាឆ្នាំ ១៩៨៥) ។

អនុវត្តសន្ធិសញ្ញា ឆ្នាំ១៩៨៥ ចាប់តាំងពីឆ្នាំ១៩៨៦ ភាគីទាំងពីរបានអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនដោយភាគីទាំងពីររំពឹងទុកនឹងបោះបង្គោលបានចំនួន ៣២២ នៅទីវាល ប៉ុន្តែនៅដើមឆ្នាំ១៩៨៩ ការងារនេះត្រូវបានផ្អាកដោយសារតែហេតុផលមួយចំនួន។ ហើយនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០០៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញារវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥  (ហៅកាត់ថា សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥) ។

ចាប់ពីឆ្នាំ២០០៦ មកភាគីទាំងពីរបានធ្វើការខណ្ឌសីមា និងបោះបង្គោលគោកឡើងវិញ។ ជាលទ្ធផលមកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណ ១,០៤៥ គីឡូម៉ែត្រ ដោយបានសាងសង់បង្គោលព្រំដែនចំនួន ២,០៤៧ នៅទីតាំងជាក់ស្តែង ១,៥៥៣ ដែលស្មើនឹងប្រមាណ ៨៤% នៃទំហំការងារសរុប។ ហើយលទ្ធផលទាំងនេះត្រូវបានបង្ហាញយ៉ាងលំអិតលំអិតនៅក្នុងសន្ធិសញ្ញាអន្តរជាតិថ្នាក់រដ្ឋចំនួន ២ ដែលភាគីទាំងពីរបានចុះហត្ថលេខានៅទីក្រុងហាណូយនាថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ នេះ។

ចំពោះការងារដែលនៅសល់ចំនួន ១៦% ដែលមិនទាន់ត្រូវបានអនុវត្តក្នុងការខណ្ឌសីមា និងបោះបង្គោលនោះ ដោយស្មារតីសហការយ៉ាងសកម្ម ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយទាំងស្រុងឱ្យបានឆាប់ដើម្បីឈានទៅដំណាក់កាលសម្របសម្រួលដោះស្រាយបញ្ហាកំណត់ដែនសមុទ្រ។

សមិទ្ធិផលសំខាន់ៗ

ប្រទេសវៀតណាមនិងកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមក្នុងឆ្នាំ២០១៩ ហើយពិធីសារខណ្ដសីមា និងបោះបង្គោលព្រំដែនគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅក្នុងដំណើរការនៃការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ បន្ទាប់ពីរយៈពេលជាង ៣៦ ឆ្នាំនៃការចរចា។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីគោលបំណងរួមរបស់ភាគីទាំងពីរក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាពស្ថិរភាពមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋានគោរពឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នា។

ការណ៍ដែលប្រទេសវៀតណាមនិងកម្ពុជាបានចុះហត្ថលេខាលើឯកសារចំនួនពីរនោះបានបង្ហាញថា ប្រសិនបើមានសុឆន្ទៈ ការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ ការទុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា បញ្ហាលំបាកដូចជាបញ្ហាព្រំដែន ទឹកដី នៅតែអាចធ្វើបាន ដោយផ្អែកលើច្បាប់អន្តរជាតិ។ សមិទ្ធិផលរួមគ្នារបស់វៀតណាមនិងកម្ពុជាក៏មានតួនាទីសំខាន់ក្នុងការពង្រឹងសាមគ្គីភាពអាស៊ាន និងលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់អាស៊ាននៅលើឆាកអន្តរជាតិ។

សមិទ្ធិផលនេះគឺជាការឆ្លើយតបសងគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សជំនាន់មុនៗដែលបានចូលរួមចំណែកទាំងកំលាំងកាយ បញ្ញា និងសាច់ឈាមរបស់ពួកគេក្នុងបុព្វហេតុព្រំដែន

យើងសង្ឃឹមថា សមិទ្ធិផលនេះនឹងបង្កើតការលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរបន្តចរចាដើម្បីដោះស្រាយការងារដែលនៅសល់ចំនួន ១៦% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនដើម្បីឈានទៅដល់ការកសាងនូវព្រំដែនគោកពេញលេញរវាងប្រទេសវៀតណាម និងកម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្របតាមពាក្យស្លោក ប្រទេសជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung