រាល់សកម្មភាពពិនិត្យ ផ្តល់ថ្នាំ និងព្យាបាលជំងឺដោយ ឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រនៅកម្ពុជាបានរួមចំណែកក្នុងការបង្កើតទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធ ស្អិតល្មួតរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរវៀតណាម កម្ពុជានៅតាមព្រំដែន។

leftcenterrightdel
គ្រូពេទ្យកងទ័ពការពារព្រំដែនវៀតណាមពិនិត្យសុខភាពឲ្យប្រជាជនកម្ពុជា

 

ធ្វើដំណើរជាមួយក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតនៃកងទ័ពការពារព្រំដែននៅខេត្ត An Giang យើងមានវត្តមាននៅ ឃុំព្រៃរំដេង ស្រុកគីរីវង្ស ខេត្តតាកែវ ប្រទេសកម្ពុជា នៅថ្ងៃមួយចុងខែសីហា។ នេះគឺជាដំណើរបេសកកម្មទៅពិនិត្យសុខភាព ព្យាបាលជំងឺ ចែកថ្នាំដោយឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅតាមតំបន់ព្រំដែននៃប្រទេសមិត្តកម្ពុជាក្នុងឱកាសដែលប្រព្រឹត្តទៅសកម្មភាពជួបប្រាស្រ័យព្រំដែនមិត្តភាព វៀតណាម - កម្ពុជា។ ដោយទទួលបានដំណឹងមានក្រុមគ្រូពេទ្យនៃកងទ័ពការពារព្រំដែនវៀតណាមមក ប្រជាជននៅឃុំព្រៃរំដេង ពិតជារីករាយសប្បាយណាស់។ ពួកគេមានវត្តមាន នៅមណ្ឌលសុខភាពឃុំតាំងពីព្រលឹមអង្គុយដោយមានសណ្តាប់ធ្នាប់នៅតាមជួរកៅអីដែលបានរៀបចំ ឬអង្គុយក្រោមម្លប់ដើមឈើដើម្បីរង់ចាំការហៅចូលពិនិត្យសុខភាព។ លោកយាយ ឡុង សុថា អាយុ ៨១ ឆ្នាំ បាននិយាយថា គាត់ភ្ញាក់ពីគេងតាំងពីព្រលឹមដើម្បី រង់ចាំកូនស្រីរបស់គាត់ជូនទៅមណ្ឌលសុខភាពនេះ  “ខ្ញុំប្រកបរបរធ្វើស្រែ បានជាប្រាក់ចំណូលរបស់ខ្ញុំ គឺមិនសូវប៉ុន្មានទេ ដូច្នេះខ្ញុំមិនហ៊ានទៅរកគ្រូពេទ្យ ព្រោះខ្លាចខាតលុយ។ ពេលទទួលដំណឹងថា មានក្រុមគ្រូពេទ្យនៃកងទ័ពការពារព្រំដែនវៀតណាម មកជួយពិនិត្យសុខភាពដោយឥតគិតថ្លៃខ្ញុំបានមកដល់ទីនេះ”។

leftcenterrightdel
គ្រូពេទ្យកងទ័ពការពារព្រំដែនវៀតណាមផ្តល់ថ្នាំដោយឥតគិតថ្លៃឲ្យប្រជាជនកម្ពុជា

 

និយាយជាមួយយើងខ្ញុំបងស្រី សារុន សុភាព បាននិយាយថា គាត់មានជំងឺរលាកក្រពះរ៉ាំរ៉ៃ រាល់ពេលដែលគាត់ឈឺគាត់តែងតែទៅគ្លីនិកយោធានៃឃុំ Vinh Gia, Tri Ton,  An Giang ដើម្បីព្យាបាលជំងឺ របស់គាត់។ បងស្រីសារុន សុភាព បានបន្ថែមថា “ពេលនេះគ្រូពេទ្យវៀតណាមមកដល់កន្លែងនេះផ្ទាល់ ខ្ញុំពិតជារីករាយណាស់។ គ្រូពេទ្យវៀតណាមពូកែ និងយកចិត្តទុកដាក់ពួកខ្ញុំយ៉ាងដិតដល់ ពួកគេចេះទាំងភាសាខ្មែរដូច្នេះពួកជួយណែនាំ និងផ្តល់ថ្នាំឲ្យយើងខ្ញុំយ៉ាងលម្អិតទៀតផង។

ដោយមានការប្តេជ្ញាចិត្តដើម្បីពិនិត្យជំងឺឲ្យអស់អ្នកឈឺ មិនមែនឲ្យអស់ម៉ោងទេ គ្រូពេទ្យពាក់ស័ក្តិ ពណ៌បៃតងបានធ្វើការជាបន្តបន្ទាប់នៅក្នុងអាកាសធាតុដ៏ក្តៅ។ ទោះបីហត់នឿយក្តី តែក្រុមការងារគ្រប់គ្នា មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងណាស់ដោយសារទទួលបានក្តីស្រឡាញ់និងការទុកចិត្តពីប្រជាជនមិត្តកម្ពុជា។ ឆ្លៀតពេលខណៈទៅយកថ្នាំជូន លោកយាយម្នាក់ អនុសេនីយ៍ទោ លោក Tran Van Hieu បានឲ្យដឹងថា រាល់ពេលដែលគាត់និងក្រុមគ្រូពេទ្យ ទៅប្រទេសកម្ពុជាដើម្បីពិនិត្យសុខភាពនោះ បងប្អូនប្រជាជនកម្ពុជាបានមកយ៉ាងច្រើនកុះករ ប៉ុន្តែពួកគេគ្រប់គ្នាតែងតែអត់ធ្មត់រៀបតាមជួររង់ចាំដល់វេនរបស់ខ្លួន។

យោងតាមប្រសាសន៍លោកវរសេនីយ៍ឯក  Pham Van Phong ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន ខេត្ត An Giang បានឲ្យដឹងថា សកម្មភាពពិនិត្យ ព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជាត្រូវបានអនុវត្តជាប្រចាំប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមចំណែកលើកកម្ពស់គុណភាព  ការថែទាំសុខភាព ការកែលំអស្ថានភាពសុខភាពនៅ បណ្តាឃុំតាមព្រំដែន។ សកម្មភាពទាំងនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អអំពីរូបភាពរបស់កងទ័ពការពារព្រំដែនវៀតណាម ចំពោះប្រជាជនក៏ដូចជាកម្លាំងការពារព្រំដែនប្រទេសមិត្ត។

យើងអាចបញ្ជាក់បានថា សកម្មភាពមនុស្សធម៌របស់គ្រូពេទ្យកងទ័ពការពារព្រំដែនវៀតណាម មិនត្រឹមតែ ជាអំណោយសម្រាប់ប្រជាជនកម្ពុជាក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងនូវមនោសញ្ចេតនាជិតស្និទ្ធ និងរាក់ទាក់ រស់រវើក សាមគ្គីភាព រវាងអាជ្ញាធរដែនដី ប្រជាជន និងកងកំលាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ នោះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់កម្មាភិបាល និងកងទ័ពការពារព្រំដែនបន្តពូនជ្រំ ចូលរួមកសាងព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និង អភិវឌ្ឍន៍៕

បកប្រែដោយ Minh Trung