អង្គភាពការពារព្រំដែនខេត្ត Tay Ninh គឺជាអង្គភាពដំបូងនៅខ្សែព្រំដែនវៀតណាម-កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការយាមល្បាតទ្វេភាគីជាមួយស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែននានារបស់កម្ពុជា។ នាចុងឆ្នាំ២០១៦ អង្គភាពការពារព្រំដែនខេត្ត Tay Ninh ក៏ត្រូវបានជ្រើសរើសជាអង្គភាពរៀបចំកម្មវិធីជួបជុំផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជាលើកទី១ ក្រោមប្រធានបទ “ព្រំដែនពោរពេញទៅដោយមនោសញ្ចេតនា” ផងដែរ។ យោងតាមលោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានឲ្យដឹងថា កម្មវិធីបានរួមចំណែកដល់ការបង្កើនថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាពរវាងអាជ្ញាធរ ប្រជាជន និងកម្លាំងការពារព្រមដែននៃប្រទេសទាំងពីរ។ លោកបានឲ្យដឹងទៀតថា នៅពេលកន្លងមក អង្គភាពការពារព្រំដែននានានៅខេត្ត Tay Ninh បានសហការជាមួយកម្លាំងការពារព្រំដែន និងអាជ្ញាធរកម្ពុជារៀបចំកិច្ចពិភាក្សា សហការយាមល្បាតទ្វេភាគីដើម្បីរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន។

leftcenterrightdel
គ្រូពេទ្យវៀតណាមពិនិត្យជម្ងឺឲ្យប្រជាជនកម្ពុជា (រូបថត៖ vietnamplus.vn)

ទន្ទឹមនឹងនោះ កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនៅតែបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនជាប់ព្រំដែនរកស៊ី ជួញដូរទំនិញ សួរសុខទុក្ខសាច់ញាតិ និងព្យាបាលជម្ងឺ។ ភាគីទាំងពីរបានឯកភាពដោះស្រាយបញ្ហាទាក់ទងទៅនឹងអធិបតេយ្យភាពទឹកដី និងដោះស្រាយជម្លោះ ដែលមិនឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន។

នៅពេលកន្លងមក ក្រុមបេសកកម្មនៃថ្នាក់ដឹកនាំ និងកងទ័ពការពារព្រំដែនខេត្ត An Giang និងខេត្ត Tay Ninh បានទៅសួរសុខទុក្ខ និងជូនអំណោយដល់អាជ្ញាធរ និងប្រជាជន ជួយអង្គភាពប្រដាប់អាវុធកម្ពុជាកសាង និងជួសជុលបន្ទាយ។ ក្រុមគ្រូពេទ្យវៀតណាមជាច្រើនក៏បានទៅពិនិត្យជម្ងឺ និងជូនអំណោយឲ្យប្រជាជនក្រីក្រជាង ២០,០០០នាក់ដែរ។

ដោយការបំពេញល្អនូវកិច្ចការបរទេស អង្គភាពការពារព្រំដែននៅតាមព្រំដែនជាមួយប្រទេសកម្ពុជាបានរួមចំណែកការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់មាតុភូមិ ផលប្រយោជន៍ជាតិ រក្សាបរិស្ថានសន្តិភាព ស្ថិរភាពដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Thanh Cong