លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីកម្ពុជាបន្តផ្តល់សញ្ជាតិដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា; ជំរុញកិច្ចសហប្រតិបត្តិការព្រំដែន; សម្របសម្រួលការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ល។
ដោយរំលឹកពីជំនួយរបស់កម្ពុជាក្នុងការតស៊ូដណ្តើមឯករាជ្យជាតិរបស់វៀតណាម និងការគាំទ្ររបស់វៀតណាមចំពោះកម្ពុជាក្នុងការប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ហើយស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារប្រកបដោយជោគជ័យរវាងរដ្ឋមន្ត្រីទាំងពីរ ដែលបង្ហាញពីការយល់ដឹង និងការចែករំលែកដ៏ស៊ីជម្រៅ រវាងភាគីទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្រសួងទាំងពីរនឹងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងរួមគ្នាដោះស្រាយបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា; ពង្រឹងការផ្លាស់ប្តូរ និងការចែករំលែកលើបញ្ហាយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា នាពេលខាងមុខ កម្ពុជា និងក្រសួងមហាផ្ទៃកម្ពុជា បន្តយកចិត្តទុកដាក់ និងដឹកនាំឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់ភូមិសាស្រ្តនៅប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការ។ ទន្ទឹមនឹងនោះ ប្រយុទ្ធប្រឆាំងនឹងកម្លាំងអរិភាពដែលបំផ្លិចបំផ្លាញប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ; ជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាម ដែលកំពុងត្រូវបានបង្ខំឱ្យធ្វើការ ដោយសារការការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ឱ្យត្រឡប់មកប្រទេសវិញ។ ជាពិសេស ជំរុញការផ្តល់សញ្ជាតិដល់ប្រជាជនដើមកំណើតវៀតណាម ដែលរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព និងស្របច្បាប់ ធ្វើសមាហរណកម្មល្អក្នុងប្រទេសសាមី និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ; ជំរុញការខ័ណ្ឌសីមា បោះបង្គោលព្រំដែន ដោះស្រាយបញ្ហានៅសេសសល់នៅតាមព្រំដែន កសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ទៅវិញទៅមក។
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូទៅកាន់វៀតណាមលើកនេះ សំដៅបន្តអនុវត្តកិច្ចព្រមព្រៀង និងយន្តការកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក សេដ្ឋកិច្ចសង្គមរបស់កម្ពុជាបានបន្តងើបឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំង ប៉ុន្តែមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការ និងជំនួយរបស់វៀតណាមបានទេ។
ជាមួយនឹងមុខងារ និងភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃកម្ពុជានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាល និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; អប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រពៃណីនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ; បន្តពូនជ្រំទំនាក់ទំនងវៀតណាម-កម្ពុជា; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា៕
បកប្រែដោយ Huyen Trang