leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អញើញចូលជួបសម្តែងការគួរសម ជូនចំពោះសម្តេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា

ក្នុងជំនួបលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu សម្តេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ហើយបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្ស រដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សម្តេចម៉ែន សំអន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ និងបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ និងពង្រឹងការអប់រំ និងការឃោសនាជូនជំនាន់ក្រោយឱ្យយល់ច្បាស់អំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។

សម្តេចម៉ែន សំអន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងការពង្រឹងចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ សម្តេចម៉ែន សំអន បានសម្តែងការជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu នឹងបំពេញភារកិច្ចរបស់ខ្លននៅកម្ពុជាប្រកបដោយជោគជ័យ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានពាំនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជាពិសេសការសួរសុខទូក្ខរបស់លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ជូនចំពោះសម្តេចម៉ែន សំអន។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកនូវមនោសញ្ចេតនាស្មោះស្ម័គ្រចំពោះប្រទេសកម្ពុជាដ៏ស្រស់ស្អាត និងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នឹងបន្តអភិវឌ្ឍរីកចម្រើនថែមទៀត។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាលើគ្រប់វិស័យ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក៏បានសម្តែងនូវការរំភើបចិត្តរបស់ខ្លួននៅពេលទទួលស្វាគមន៍សម្តេចម៉ែន សំអន អញ្ជើញមកចូលរួមកម្មវិធីនិទាឃរដូវមាតុភូមិឆ្នាំ ២០២៥ ដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ វត្តមានរបស់សម្តេចបង្ហាញពីក្តីស្រលាញ់ និងភាពជិតស្និទ្ធរបស់សម្តេចជូនចំពោះប្រទេស និងប្រជាជនវៀតណាម រួមទាំងសហគមន៍វៀតណាមនៅកម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិជ្ជមានរបស់សមាគមមិត្តភាពទាំងពីរនាពេលថ្មីៗនេះ និងតួនាទីផ្ទាល់ខ្លួនដ៏សំខាន់របស់សម្តេចម៉ែន សំអន ក្នុងការជំរុញ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ។

យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu រួមនឹងការអនុវត្តវិធានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរក៏ចាប់អារម្មណ៍លើការជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងអង្គការមហាជន យុវជន និងសមាគមមិត្តភាព ជាពិសេសយុវជនជំនាន់ក្រោយ។

បកប្រែដោយ Duy Hoan