វៀតណាម និងកម្ពុជា ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយឥតឈប់ឈរ
កប.អនឡាញ - នាថ្ងៃទី៧ ខែកុម្ភៈ នៅព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានីភ្នំពេញ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម បានថ្វាយសារតាំងថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីពិធីថ្វាយសាតាំង ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។
    |
 |
លោកឯកអគ្គរដ្ឋទូតវៀតណាម Nguyen Minh Vu (ឆ្វេង) ថ្វាយសារតាំងថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ( រូបថត៖ VNA) |
នៅក្នុងជំនួបនេះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានជូនពរលោក Nguyen Minh Vu ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានសម្តែងការជឿជាក់ថា ជាមួយនឹងបទពិសោធន៍ការងារដ៏ទូលំទូលាយ និងការប្តេជ្ញាចិត្តខ្ពស់ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu នឹងបំពេញភារកិច្ចបានយ៉ាងល្អ រួមចំណែកជាវិជ្ជមានជាច្រើនដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ ព្រះមហាក្សត្រ ក៏បានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងទូលំទូលាយរបស់វៀតណាម ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ប្រជាជនវៀតណាមនឹងបន្តទទួលបានភាពជោគជ័យកាន់តែច្រើនថែមទៀត។
ថ្លែងអំណរគុណចំពោះព្រះមហាក្សត្រដែលបានចំណាយពេលវេលាទទួលជួប និងទទួលសារតាំង ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ វៀតណាមជូនចំពោះព្រះមហាក្សត្រ សីហមុនី និងសម្តេចម៉ែ មុនីនាថ នោះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អះអាងថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលត្រូវបានកសាងនិងពូនជ្រំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានមានការរីកចម្រើនឥតឈប់ឈរ។
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងនិងពង្រីកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា; លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu សន្យាថា ក្នុងមុខតំណែងថ្មីនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ស្របតាមការតម្រង់ទិសរបស់ថ្នាក់ដឹកនាំ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមិទ្ធិផលយ៉ាងធំធេងដែលប្រជាជនកម្ពុជាសម្រេចបានលើគ្រប់វិស័យដូចជា ស្ថិរភាពនយោបាយ និងសន្តិសុខ សេដ្ឋកិច្ចមានការអភិវឌ្ឍ និងប្រជាជនរស់នៅប្រកបដោយសុខសន្តិភាព។ លោកឯកអគ្គរដ្ឋទូត សម្តែងការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជានឹងបន្តមានសុខសន្តិភាព ស្ថិរភាព និងសម្រេចបានជោគជ័យកាន់តែច្រើនលើមាគ៌ាកសាងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងកិត្យានុភាពអន្តរជាតិកាន់តែកើនឡើង៕
បកប្រែដោយ Pham Diep