ក្នុងស្មារតីយោគយល់គ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក មេដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពក្នុងប្រទេសនីមួយៗនាពេលថ្មីៗនេះ និងពិភាក្សាលើវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្ដទុកដាក់ដូចគ្នាផងដែរ។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជានាពេលកន្លងមក ហើយបានវាយតម្លៃខ្ពស់​ចំពោះលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នាពេលថ្មីៗនេះ ។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការពិភាក្សាជាទៀងទាត់ដោយទម្រង់ជាច្រើន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; បង្កើតលក្ខខណ្ឌអំណោយផល និងស្វែងរកវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសទាំងពីរមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ធនាគារ កសិកម្ម ដំណាំឧស្សាហកម្ម ការអប់រំនិងបណ្តុះបណ្តាល ពត៌មាន ការដឹកជញ្ជូននិងគមនាគមន៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម សេវាកម្មនិងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ជាពិសេសបណ្តាមូលដ្ឋាននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

អំពីវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ គ្រឿងញៀន និងការជួញដូរមនុស្ស  ហើយបញ្ជាក់សាជាថ្មីនៃគោលការណ៍ដែលមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ ហើយបានប្តេជ្ញាស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះកិច្ចការបោះបង្គោលព្រំដែនគោកដែលនៅ​សេស​សល់ ១៦% ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលសម្រេចបានរវាងប្រទេសទាំងពីរ ដើម្បីកសាងព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ​(រូបថត៖ vnanet.vn)

អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសភាទាំងកម្រិតទ្វេភាគី និងពហុភាគី; វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលស្របតាមបរិបទនិងស្ថានភាពថ្មី។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលក្នុងការពិនិត្យ និងជំរុញការអនុវត្តសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីដែលប្រទេសទាំងពីរបានចុះហត្ថលេខា ឬ ជាសមាជិក ជាពិសេសខ្លឹមសារកិច្ចសហប្រតិបត្តិការថ្មីដែលត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រីទាំងពីរ; កសាងទំនាក់ទំនងភាពជាដៃគូក្នុងការគោរពច្បាប់អន្តរជាតិ និងជំរុញដំណោះស្រាយពហុភាគីចំពោះបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព សន្តិសុខស្បៀង - ថាមពល - ធនធានទឹក និងសន្តិសុខសុខាភិបាល ជំរុញបន្ថែមទៀតនូវកម្មវិធីសហប្រតិបត្ដិការ និងអភិវឌ្ឍន៍រួមនៅតាមតំបន់ព្រំដែន ដើម្បីជំរុញសន្ដិភាព កិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

leftcenterrightdel
សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ​(រូបថត៖ vnanet.vn)

ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជាគប្បីបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ; រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព ឯកភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន។ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ពង្រឹងការកសាងទំនុកចិត្ត មិនគំរាមកំហែង ឬ ប្រើប្រាស់កម្លាំងយោធា គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

* នៅចុងបញ្ចប់  ប្រធានរដ្ឋសភាទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាកម្ពុជា និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភាវៀតណាម និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ ប្រធានរដ្ឋសភាទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីប្រគល់អំណោយជាសម្ភារៈបរិក្ខារដែលមានតម្លៃ ១០ ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់រដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា៕

បកប្រែដោយ Pham Diep