ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ដោយជឿជាក់ថា ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុង​ជោគជ័យនៃ "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២" អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦៧-២០២២)។ លោកប្រធានរដ្ឋបាននអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង ដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងកិច្ចការក្នុងស្រុក និងកិច្ចការបរទេស នាពេលខាងមុខ ព្រមទាំងបំពេញល្អតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។

leftcenterrightdel
លោកប្រធានរដ្ឋ  Nguyen Xuan Phuc ទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក (រូប​ថត៖ vnanet.vn)

ដោយសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជិតស្និទ្ធ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានប្រកៀកស្មាគ្នាក្នុងការតស៊ូប្រឆាំងនឹងអាណានិគម និងចក្រពត្តិ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីនាំមកនូវឯករាជ្យ សេរីភាព និងសុភមង្គលជូនប្រជាជននៃប្រទេសនិមួយៗ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក   ហ៊ុន ម៉ាណែត ក្នុងតួនាទីដ៏សំខាន់​នា​បច្ចុប្បន្ននេះ ក៏ដូចជានាថ្ងៃអនាគត នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ហើយមានកិត្តិយសដែលបានជួបជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc ម្តងទៀត។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើការសួរសុខទុកពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗ ដែលប្រជាជនវៀតណាមសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសគឺការ​ឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 និងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម លើក​ទី៣១ ដោយជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រ និងជំនួយរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជូនកម្ពុជា ក្នុងការ​ផ្តួលរំលំរបបប្រល័យពូជសាសន៍ កាលពីមុន ព្រមទាំងក្នុងការកសាង និងអភិវឌ្ឍ​ប្រទេសសព្វថ្ងៃនេះ ហើយនិងបានថ្លែងអំណរគុណវៀតណាមដែលបានជួយគាំទ្រយ៉ាងសកម្មដល់កម្ពុជាក្នុងដំណើរការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសក្នុងបរិបទពិភពលោក និងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ប្រទេសទាំងពីរត្រូវតែរួបរួមសាមគ្គីជាមួយគ្នា។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់​វត្ថុអនុស្សាវរីយ៍​ ជូន​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (រូប​ថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍ​វិជ្ជមាននាពេលថ្មីៗនេះនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា ជាពិសេសការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការរក្សាទំនាក់ទំនង និងការជួបជុំគ្នាលើគ្រប់បណ្តាញ ហើយសម្របសម្រួលរៀបចំដោយជោគជ័យនូវសកម្មភាពសំខាន់ៗជាច្រើនក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២” ពាណិជ្ជកម្មទ្វេភាគីរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ជាវិជ្ជមាន ដែលទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆមាទី១នៃឆ្នាំ ២០២២ សម្រេចបាន ៦.៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលកន្លងមកបានក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមានបំណងថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅលើគ្រប់វិស័យ សម្រេចបាននូវប្រសិទ្ធភាពខ្ពស់ ជាក់ស្តែង ដើម្បីសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងភាពខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗ។

តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Duy Hoan