អ្នកយកព័ត៌មាន៖ នៅឆ្នាំ ២០២២ វៀតណាមនិងកម្ពុជាប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ / ២៤ មិថុនា ២០២២) តើឯកអគ្គរាជទូតវាយតម្លៃយ៉ាងដូចម្ដេចចំពោះអត្ថន័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះក្នុងដំណើរសហប្រតិបត្ដិការ មិត្ដភាពរវាងប្រទេសទាំងពីរ?

លោកឯកអគ្គរាជទូត ចាយ ណាវុធ៖ ក្នុងរយៈពេលកន្លងមកនេះ ប្រទេសយើងទាំងពីរបានសហប្រតិបត្ដិការនិងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុរបស់ប្រជាជាតិទាំងពីរ។ លោកប្រធានហូជីមិញ​ និងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានចាក់គ្រឹះ និងរួមចំណែកយ៉ាងធំធេងក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លងកាត់ការឡើងចុះនៃប្រវត្ដិសាស្ដ្រក្នុងរយៈពេល ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិយម - ដែលជាសត្រូវរួមនៅក្នុងដំណើរការរំដោះជាតិនៅក្នុងប្រទេសនីមួយៗ ហើយតែងតែជួយគ្នាទៅវិញទៅ​មក ជាពិសេសក្នុងគ្រាលំបាកបំផុត។

ក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” នាថ្ងៃទី ២០ ខែមិថុនា លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ដោយសង្កត់ធ្ងន់លើការជួយគ្នាទៅវិញទៅមកនេះ។ ក្នុងដំណាក់កាលរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជាមិនអាចបំភ្លេចជំនួយរបស់វៀតណាមបានឡើយ។

leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានផ្ដល់ជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ( រូបថត៖ vnanet.vn)

ប្រទេសកម្ពុជាត្រូវបានរស់ឡើងវិញដោយការជួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ បន្ទាប់ពីរំដោះកម្ពុជា វៀតណាមបានចាត់បញ្ជូនអ្នកជំនាញមកជួយកសាងនិងអភិវឌ្ឍន៍ប្រទេសឡើងវិញ។

ខ្ញុំគិតថា កត្តាដែលជួយវៀតណាមនិងកម្ពុជាជំនះឧបសគ្គជាច្រើនដើម្បីកសាងទំនាក់ទំនងជិតស្និទ្ធដូចសព្វថ្ងៃនេះគឺនៅគ្រប់សម័យកាល យើងតែងតែកាន់ដៃគ្នានិងរួបរួមគ្នាដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ។ ប្រជាជនកម្ពុជានិងវៀតណាមយល់ច្បាស់អំពីកត្តានេះ ដោយសារការឃោសនានិងការអប់រំយ៉ាងទូលំទូលាយលើគោលនយោបាយសហប្រតិបត្តិការមិត្តភាពរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំវៀតណាមក៏ដូចជាប្រជាជនវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ គោលមាគ៌ានិងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ដោយអះអាងថា ប្រទេសទាំងពីរត្រូវតែសាមគ្គីភាព។ នេះជាគោលការណ៍ត្រឹមត្រូវទាំងស្រុង។

កម្ពុជាក៏អញ្ចឹងដែរ ថ្នាក់ដឹកនាំកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ជំរុញចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលការណ៍ត្រឹមត្រូវ ជាពិសេសការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា។

ក្រៅពីនេះ ប្រទេសយើងទាំងពីរមានប្រពៃណីជួយគ្នាទៅវិញទៅមកដែលបានចារទុកក្នុងចិត្តរបស់ប្រជាជនទាំងពីរ។ គ្រប់ជំនាន់ក្រោយៗនេះក៏បន្តទទួលមរតកនិងសិក្សាពីប្រពៃណីល្អប្រសើររបស់បុព្វបុរស។ ទន្ទឹមនឹងនោះ ការរួមចំណែកនៃប្រព័ន្ធផ្សព្វផ្សាយបានជួយឲ្យប្រជាជននៃប្រទេសទាំងពីរយល់ពីវប្បធម៌ ទឹកដីនិងប្រជាជនរបស់គ្នាទៅវិញទៅមក តាមរយៈនោះ ជួយឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរីកចម្រើនជារៀងរហូត។

អ្នកយកព័ត៌មាន៖ ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត និងមូលដ្ឋានគ្រឹះដែលត្រូវបានកសាង និងពង្រឹងក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា អាចបន្ដឆ្ពោះទៅគោលដៅថ្មីណាខ្លះ ជាពិសេសគឺនៅក្នុងបរិបទដែលប្រទេសទាំងពីរឈានចូលដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាត Covid-19?

លោកឯកអគ្គរាជទូត ចាយ ណាវុធ៖ គោលដៅរបស់យើងនាពេលខាងមុខគឺបន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។ វៀតណាមនិងកម្ពុជាសុទ្ធតែជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំនេះ មិនអាចខ្វះការរួមចំណែកពីវៀតណាម ដោយផ្អែកលើស្មារតីនៃការ "ជួយគ្នាទៅវិញទៅមក" របស់អាស៊ាន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី យើងនឹងបន្តសហប្រតិបត្តិការលើវិស័យដែលត្រូវបានផ្អាកក្នុងរយៈពេលពីរឆ្នាំដោយ​សារជំងឺរាតត្បាត Covid-19។ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានព្រមព្រៀងគ្នាបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច កសិកម្ម សុខាភិបាល អប់រំ ...។

វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយបណ្ដាប្រទេសនិងតំបន់ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។ អាស្រ័យហេតុនេះបានជួយឲ្យផលិតផលវៀតណាមចូលមកទីផ្សារធំ។ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដែលបានចុះហត្ថលេខា ហើយអាចសហប្រតិបត្ដិការជាមួយវៀតណាមក្នុងការផ្គត់ផ្គង់ទំនិញដែលមានប្រៀបខ្លាំងរបស់កម្ពុជាក្នុងវិស័យកសិកម្ម វាយនភ័ណ្ឌ។ល។

អ្នកយកព័ត៌មាន៖ ឯកអគ្គរាជទូតមានវាសនាជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា តើឯកអគ្គរាជទូតអាចចែករំលែកអំពីវាសនានេះបានទេ?

លោកឯកអគ្គរាជទូត ចាយ ណាវុធ៖ ខ្ញុំមិនអាចបំភ្លេចអនុស្សាវរីយ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានឡើយ។ បើគ្មានកងទ័ពស្ម័គ្រចិត្តវៀតណាមទេ ប្រហែលជាគ្មានខ្ញុំឥឡូវនេះទេ ហើយគ្រួសាររបស់ខ្ញុំក៏ដូចគ្នាដែរ។

នៅឆ្នាំ១៩៧៩ កាលពីខ្ញុំ អាយុ ៩ ឆ្នាំ គ្រួសាររបស់ខ្ញុំមានបងប្អូន៣នាក់ ហើយបានឪពុកនាំខ្ញុំទៅខេត្តព្រៃវែងជាប់ព្រំដែន​វៀត​ណាមក្នុងបំណងចូលក្នុងវៀតណាម ដើម្បីគេចពីអំពើឃោរឃៅរបស់ពួកខ្មែរក្រហម។ ខណៈពេលនោះ យន្តហោះរបស់កងស្ម័គ្រចិត្តវៀតណាមកំពុងវាយបកប្រឆាំងនឹងពួកប៉ុលពតដែលកំពុងនាំប្រជាពលរដ្ឋខ្មែរទៅសម្លាប់។ ឪពុកខ្ញុំក៏ត្រូវខ្មែរក្រហមសម្លាប់ដែរ។

បន្ទាប់ពីកងស្ម័គ្រចិត្ដវៀតណាមចូលក្នុងប្រទេសកម្ពុជា ខ្ញុំបានត្រលប់មកភ្នំពេញវិញដោយដើរថ្មើរជើង ខ្ញុំដើរផងនិងសម្រាកតាមផ្លូវផង។ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមឃើញគ្រួសារខ្ញុំមានទាំងកូនក្មេងក៏ហៅឲ្យយើងខ្ញុំឡើងឡាន។

នៅទីក្រុងភ្នំពេញ ទល់មុខផ្ទះខ្ញុំជាទីតាំងឈរជើងរបស់កងស្ម័គ្រចិត្តវៀតណាម។ ជារៀងរាល់ថ្ងៃ នាវេលាម៉ោង ៥ ព្រឹក ខ្ញុំឮគេស្រែកថា ក្រោកឡើងហាត់ប្រាណ សម្លេងស្រែក ១-២-៣-៤ នៅតែដក់ជាប់ក្នុងចិត្តខ្ញុំ។ សម្រាប់ខ្ញុំ វាជាអនុស្សាវរីយ៍ដែលផ្សារភ្ជាប់ជាមួយខ្ញុំ។

ពិតប្រាកដណាស់ បើគ្មានជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមទេ ខ្ញុំក៏គ្មានថ្ងៃនេះទេ។ ក្នុងអំឡុងពេលដែលខ្ញុំបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម រាល់ពេលដែលខ្ញុំជួបជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាជួបនឹងឪពុកទីពីររបស់ខ្ញុំម្តងទៀត ដោយការដឹងគុណយ៉ាងជ្រាលជ្រៅ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរាជទូត!

បកប្រែដោយ Pham Diep