ខេត្ត Tay Ninh មានខ្សែព្រំដែនប្រវែងជាង ២៤០ គីឡូម៉ែត្រ ជាប់នឹងខេត្តចំនួន ៣ គឺខេត្តស្វាយរៀង ព្រៃវែង និងត្បូងឃ្មុំ។ ក្នុងនោះមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ ច្រកទ្វារព្រំដែនទ្វេភាគី​ចំនួន ​៣ និងច្រកទ្វារព្រំដែន​​តំបន់ចំនួន ១០។ ក្នុងស្មារតីសាមគ្គីភាព មិត្តភាពពិសេស ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ក្នុងរយៈពេលកន្លងមក កងទ័ពការពារព្រំដែនខេត្ដ Tay Ninh និងកងកម្លាំងការពារព្រំដែននៃខេត្តជាប់គ្នាទាំង ៣ នៃប្រទេសកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន។

leftcenterrightdel
កងកម្លាំងការពារព្រំដែនកម្ពុជា ប្រគល់មុខសញ្ញាចេញចូលព្រំដែនខុសច្បាប់ឲ្យ​​ប៉ុស្តិ៍ការពារព្រំដែន Chang Riec (រូប​ថត៖ bienphong.com.vn)

បណ្តាអង្គភាពនៃភាគីទាំងពីរសហការជាប្រចាំក្នុងការដើរយាម​ល្បាត ត្រួតពិនិត្យ រកឃើញ និងដោះស្រាយការរំលោភលើអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ ព្រមទាំងទប់ស្កាត់សកម្មភាពចេញចូលព្រំដែនខុសច្បាប់ ដឹកជញ្ជូនទំនិញរត់ពន្ធ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស។

យោងតាមលោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ដ Tay Ninh បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន  កងទ័ពការពារព្រំដែនខេត្ដ Tay Ninh និងកម្លាំងការពារព្រំដែនកម្ពុជា បានជួបប្រជុំគ្នា​ជាង ២៥០ លើក ដែលក្នុងនោះមាន ៤៦ លើកថ្នាក់ខេត្ត និងជាង ២០០ លើកថ្នាក់ប៉ុស្តិ៍ការពារព្រំដែន។ ភាគីទាំងពីរក៏បានសម្របសម្រួលក្នុងការយាមល្បាត និងត្រួតពិនិត្យទ្វេភាគីចំនួន ១៩៧ លើក ដោយមានការចូលរួមពីកម្មាភិបាល យុទ្ធជនចំនួន ៩៨៨ នាក់។

ដោយសារការសម្របសម្រួលដ៏ល្អជាមួយស្ថាប័នមានសមត្ថកិច្ច ជាពិសេសជាមួយកម្លាំងការពារព្រំដែនកម្ពុជា ប៉ុស្តិ៍ការពារព្រំដែនជាច្រើនក្នុងខេត្ត Tay Ninh បានលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការការពារព្រំដែន ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

តាមរបាយការណ៍របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh  បានឲ្យដឹងថា ដោយសារមានការសម្របសម្រួលជាមួយកងកម្លាំងការពារព្រំដែននៃខេត្តទាំងបីរបស់កម្ពុជានោះ ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរំលោភបំពាននៅតាមព្រំដែន ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។

នៅ​ឆ្នាំ ២០២១ ក្នុងការការពារព្រំដែន និងទប់ស្កាត់ការរាតត្បាត កងទ័ពការពារព្រំដែនខេត្ដ Tay Ninh បានចាប់ ៤៥៩ ករណី/មុខសញ្ញាចំនួន ៥៥០ នាក់ ដែលក្នុងនោះមាន ២៧៦ ករណី/មុខសញ្ញាចំនួន ៤៩១ នាក់ចេញចូលព្រំដែនខុសច្បាប់ និងជិត ២៨៨០ ករណីចូលវៀតណាមដោយគ្មានលិខិតឆ្លងដែន ឬឯកសារជំនួសលិខិតឆ្លងដែន និង​ឯកសារទាក់ទងនឹងការចូល។ គិតត្រឹមខែមករា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ កម្លាំងការពារព្រំដែនខេត្ត Tay Ninh ចាប់បាន ២ ករណីពាក់ព័ន្ធនឹងគ្រឿងញៀន រឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជិត ១២ គីឡូក្រាម។ ចាប់ ៤១ ករណី/មុខសញ្ញាចំនួន ៩ នាក់​ រឹបអូសផាវ ៣១១ គីឡូក្រាម បារី ១៩១៥០ កញ្ចប់ ស្រា ១០៨ ដប ស្រាបៀរ ២២៧ កេស ស្ករ ១៤០០ គីឡូក្រាម និងវត្ថុតាងជាច្រើនទៀត។

លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ដ Tay Ninh បានមានប្រសាសន៍ថា៖ នាពេលខាងមុខ យើងនឹងដឹកនាំបណ្តាអង្គភាពឲ្យពង្រឹងការសម្របសម្រួលបន្ថែមទៀតជាមួយកងកម្លាំងការពារព្រំដែនក្នុងខេត្តចំនួន​បី​គឺស្វាយរៀង ព្រៃវែង និងត្បូងឃ្មុំ ក្នុងការគ្រប់គ្រង និងការការពារព្រំដែន រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Duy Hoan