ព្រះមហាក្សត្រ នរោត្តម សីហមុនី បានស្វាគមន៍ចំពោះការដែលលោក Nguyen Huy Tang ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយបានសង្កត់ធ្ងន់លើអត្ថន័យនៃសាមគ្គីភាព ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែងរវាងប្រជាជនទាំងពីរ; ព្រមទាំងសម្តែងនូវសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់ និងរវាងក្រសួងនិងមន្ទីរទាំងឡាយ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ចូល​ក្រាបថ្វាយបង្គំ​គាល់និង​ថ្វាយ​សារតាំងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (រូបថត៖ vnanet.vn)

ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់វៀតណាម ដោយជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang នឹងបន្តបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ និងរួមចំណែកជាវិជ្ជមានថែមទៀតក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។

ថ្លែងមតិក្នុងពិធីថ្វាយសាតាំង លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនានិងការយកចិត្ដទុកដាក់របស់ព្រះមហាក្សត្រសម្រាប់ប្រទេសនិងប្រជាជនវៀតណាម ក៏ដូចជាទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពនិងយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនកម្ពុជាក្នុងការជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ​រាត​ត្បាតកូវីដ-១៩។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ សីហមុនី ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានឹងបន្តទទួលបានជោគជ័យកាន់តែច្រើនថែមទៀតក្នុងដំណើរការកសាងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព។

លោកឯកអគ្គរដ្ឋទូត បានអះអាងថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពូនជ្រំទំនាក់ទំនងមិត្ដភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Pham Diep