ថ្លែងនៅកិច្ចប្រជុំ លោក Nguyen Hong Dien បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរដែលអភិវឌ្ឍដោយឥតឈប់ឈរតាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត​៖ vnanet.vn)

លោក Nguyen Hong Dien បានចែករំលែកការលំបាកដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងជួបប្រទះក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 បន្ដមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្ដដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រជាជន ប្រទេសកម្ពុជានឹងទប់ទល់ដោយជោគជ័យនូវជំងឺរាតត្បាត និងស្ដារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ ដើម្បីជួយប្រទេសកម្ពុជាក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid-19 លោក Nguyen Hong Dien បានប្រគល់ម៉ាស់ ១០ ពាន់សន្លឹក ជូនស្ថានទូតកម្ពុជាប្រចាំវៀតណាម និងក្រសួងនានារបស់កម្ពុជា។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូតកម្ពុជាបានពិភាក្សាអំពីការពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅពេលកន្លងមក។ ក្នុងដំណាក់កាល ២០១០-២០១៩ កំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ទទួលបាន ១៨% ក្នុងមួយឆ្នាំ។ ភាគីទាំងពីរបានឯកភាពជម្រុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។

លោក Nguyen Hong Dien បញ្ជាក់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មត្រៀមជាស្រេចសហការនិងជួយគាំទ្រស្ថាប័ន និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា ឲ្យកាន់តែសម្រេចបានលទ្ធផលវិជ្ជមានថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh