តាមរយៈសមាគមខ្មែរ - វៀតណាមសាខាខេត្តរតនគិរី និងសាខាខេត្តស្ទឹងត្រែង គណៈប្រតិភូរបស់ខេត្ត Gia Lai បានប្រគល់ទឹកសម្លាប់មេរោគចំនួន ២,១០០ ដប ម៉ាស់សុខាភិបាលចំនួន ៥០០ ប្រអប់ គ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខាពេទ្យគិតជាទឹកប្រាក់ជាង ១៨៥ លានដុង ជូនអាណិកជនវៀតណាមចំនួន ៨៩១ គ្រួសារនៅខេត្តទាំងពីរ និងអាណិកជនវៀតណាមក្រីក្រចំនួន ២២៥ គ្រួសារនៅខេត្តមួយចំនួន។

leftcenterrightdel
ពិធីប្រគល់គ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខាពេទ្យជូនអាណិកជនវៀតណាមនៅកម្ពុជា (រូបថត៖ nhandan.com.vn)

ជំនួសមុខគណៈប្រតិភូ លោក Do Le Nam អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Gia Lai បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងចែករំលែកនូវការលំបាកដែលអាណិកជនវៀតណាមរស់នៅខេត្តរតនគិរី និងស្ទឹងត្រែង កំពុងប្រឈមនឹងក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19។ លោកបានរំពឹងថា បងប្អូនអាណិកជនវៀតណាមនឹងខិតខំប្រឹងប្រែងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ស្របតាមបទបញ្ជារបស់ប្រទេសសាមី ដើម្បីធានាសុខភាព រួមគ្នាជំនះពុះពារគ្រាលំបាកនេះ។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមប្រចាំខេត្ត បានប្រគល់អំណោយដល់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co) និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ រួមមានម៉ាស់ចំនួន ២,៥០០ ប្រអប់ និងទឹកថ្នាំលាងដៃដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang