“យើងគ្រប់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តប្រទេសជាមិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ តស៊ូដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានពួតដៃគ្នាការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ” ។

leftcenterrightdel
ប្រជាជនរាប់ពាន់នាក់នៅរាជធានីភ្នំពេញបានឈរនៅសងខាងផ្លូវជូន​ដំណើរ​កងទ័ព​ស្ម័គ្រចិត្តវៀត ណាម​វិ​ល​ត្រឡប់មាតុភូមិវិញ (រូបថត៖ vnanet.vn)

ក្នុងអត្ថបទអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជំនះ ៧ មករា ដែលចេញផ្សាយលើហ្វេសប៊ុកផ្ទាល់ខ្លួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្ត និងបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានគេស្គាល់ថា ជារបបប្រល័យពូជសាសន៍ខ្មែរក្រហមរបស់ ប៉ុល ពត ។ ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។

នៅព្រឹកថ្ងៃទី ៧ ខែមករា កាសែតខ្មែរថាមស៍មានអត្ថបទមួយបញ្ជាក់ថា កាលពី៤២ ឆ្នាំមុន កងទ័ពបដិវត្តន៍កម្ពុជាដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមបានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើកងទ័ពខ្មែរក្រហម ជួយសង្គ្រោះជីវិតប្រជាជនកម្ពុជារាប់លាននាក់ចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ។ អត្ថបទដកស្រង់សម្តីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នគឺមានប្រភពមកពីជ័យជម្នះ ៧ មករា៕

បកប្រែដោយ Duy Hoan