នៅក្នុងកិច្ចសន្ទនានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរចំពោះរាល់សមិទ្ធិផលទាំងខាងកិច្ចការក្នុងប្រទេស និងកិច្ចការបរទេសដែលប្រទេសវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងមានគំនិតផ្តួចផ្តើមជាច្រើនដែលចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព និងរឹងមាំ។ សម្តេចតេជោក៏បានអះអាងថានឹងសហការជាមួយវៀតណាមក្នុងនាមជាសមាជិកអាស៊ាន និងបន្តគាំទ្រវៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ហើយទន្ទឹមនឹងនោះក៏បានសំដែងការជឿជាក់លើវៀតណាមនឹងបន្តគ្រប់គ្រងការរីករាលដាលជំងឺបានល្អ និងស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ហើយនិងឆ្ពោះទៅរៀបចំមហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  និង          សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាតាមប្រព័ន្ធវីដេអូ

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្ញើសារលិខិតចែករំលែកអំពីការខូចខាតបាត់បង់ដែលបង្កឡើងដោយគ្រោះទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាមនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានវាយតំលៃខ្ពស់ចំពោះជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 និងការរក្សាបានស្ថិរភាពសង្គមបន្តការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលបានសម្របសម្រួលយ៉ាងស្អិតរមួត និងគាំទ្រវៀតណាមឱ្យសម្រេចបានជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០។

នាយករដ្ឋមន្រ្តីទាំងពីរបានសម្តែងនូវការរីករាយចំពោះការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងជាប្រទេសភូមិផងរបងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនាក់ទំនងនៃការជឿទុកចិត្តគ្នា ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍខ្លាំងក្លា និងមាននិរន្តរភាពលើគ្រប់វិស័យ ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងឯកភាពគ្នាណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់នៃភាគីទាំងពីរឱ្យសម្របសម្រួលគ្នា និងពង្រឹងវិធានការការពារ និងទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតផង និងដោះស្រាយឱ្យបានឆាប់នូវបញ្ហាដែលកើតឡើងក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការផង ព្រមទាំងភាគីទាំងពីរបានយល់ព្រមគ្នាបន្តរក្សាឱ្យបាននូវការធ្វើពាណិជ្ជកម្មតាមព្រំដែនធម្មតា និងខិតខំដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី  ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។

ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះការផ្តល់សច្ចាប័នលើឯកសារព្រំដែនស្របច្បាប់ចំនួនពីរដោយស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ រួមមានសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ និងការរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ឱ្យស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរឱ្យបន្តសម្របសម្រួលរៀបចំព្រឹត្តិការណ៍មួយចំនួនដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការព្រំដែននាពេលខាងមុខ។

ភាគីទាំងពីរក៏បានឯកភាពគ្នាសម្របសម្រួលការអនុវត្តនូវរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម - កម្ពុជា លើកទី១៨ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរក្នុងពេលវេលាសមស្របណាមួយ។

ភាគីទាំងពីរបានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងបណ្តាយន្តការសហប្រតិបត្តិការនៃអនុតំបន់។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅបំផុត ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung