នារសៀលថ្ងៃទី ១ ខែសីហា តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្ថាប័នអចិន្រ្តៃយ៍នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា និងសាខាសមាគម ខ្មែរ - វៀតណាម ប្រចាំនៅខេត្តកណ្ដាល បានចុះសួរសុខទុក្ខ ស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងសេចក្តីប្រាថ្នារបស់ប្រជាជនដើមកំណើតវៀតណាមចំនួន ៧ គ្រួសារ (រួមមានមនុស្ស ៤១ នាក់) ដែលរស់នៅក្នុងខេត្តសៀមរាប និងខេត្តពោធិ៍សាត់ដែលស្វែងរកការធ្វើចំណាកស្រុកទៅកាន់ប្រទេសវៀតណាមដោយសេរី ដែល​ត្រូវបានកម្លាំងមានសមត្ថកិច្ចរកឃើញ និងរារាំងមិនឱ្យចូលដោយខុសច្បាប់។ នាបច្ចុប្បន្ននេះ ពលរដ្ឋទាំងនេះ កំពុងស្នាក់នៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេជាបណ្តោះអាសន្ននៃខេត្តកណ្តាល។

leftcenterrightdel
តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្ថាប័នអចិន្រ្តៃយ៍នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា និងសាខាសមាគម ខ្មែរ - វៀតណាម ប្រចាំនៅខេត្តកណ្ដាល ប្រគល់អំណោយដល់គ្រួសារដែលជួបការលំបាក (រូបថត៖ baoquocte.vn)

 

តំណាងស្ថានទូតវៀតណាមបានចែករំលែកអំពីស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាជន ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការអនុវត្តតាមបទប្បញ្ញត្តិនាបច្ចុប្បន្នស្តីពីការគ្រប់គ្រងជនអន្តោប្រវេសន៍នៃប្រទេសទាំងពីរ។ តំណាងស្ថានទូតវៀតណាម បានលើកឡើងអំពីហានិភ័យ និងស្នើឲ្យប្រជាជនមិនគួរទៅប្រទេសវៀតណាមដោយសេរីនៅក្នុងបរិបទរោគរាតត្បាត Covid-19 នាបច្ចុប្បន្ន ជាពិសេសមិនមានឯកសារណាមួយបញ្ជាក់ថាខ្លួន​ជាពលរដ្ឋវៀតណាម។

ទាក់ទងនឹងវិធានការគាំទ្រ តំណាងស្ថានទូតវៀតណាម បានផ្តល់គ្រឿងឧបភោគបរិភោគដល់ប្រជាជន ព្រមទាំងស្នើឲ្យប្រជាជនទាំងនេះគប្បីទាក់ទងជាមួយសាខាសមាគមមូលដ្ឋាន និងស្ថានទូត ដើម្បីទទួលបានជំនួយក្នុងការផ្លាស់ប្តូរអាជីព និងវិលទៅរកជីវភាពធម្មតាឡើងវិញនៅកម្ពុជា។

តំណាងក្រុមហ៊ុន Thadi បានឲ្យដឹងថា អង្គភាពអាជីវកម្មនេះត្រៀមខ្លួនជាស្រេចទទួល និងគាំទ្រដល់គ្រួសារទាំង ៧ នេះ នៅពេលដែលក្រុមគ្រួសារយល់ព្រម។ តំណាងគណៈប្រតិភូបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Thadi ព្រមទាំងស្នើឲ្យអាជ្ញាធរដែនដី និងនគរបាលខេត្តកណ្តាល យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនទាំងនេះ។

នៅប៉ុន្មានថ្ងៃខាងមុខ ស្ថានទូតវៀតណាម សមាគម និងសាខាសមាគម នឹងបន្តឃោសនា និងស្វែងរកមធ្យោបាយដើម្បីគាំទ្រដល់ប្រជាជនទាំងនេះ៕

បកប្រែដោយ Huyen Trang