យោងតាមសេចក្តីថ្លែងការណ៍រួម អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់តំណាងគណៈកម្មាធិការសម្របសម្រួលនៃប្រទេសទាំងបី រួមទាំងលទ្ធផលដែលទទួលបានក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ការបោះបង្គោលព្រំដែនបំពេញបន្ថែម ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងបីនាពេលកន្លងមក។  អង្គប្រជុំបានឯកភាពលើការតំរង់ទិស និងសេចក្តីសម្រេចទាំងឡាយដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួម ហើយក្នុងនោះបានអះអាងពីសារៈសំខាន់នៃការពង្រឹងការសម្របសម្រួលរវាងរដ្ឋសភា និងរដ្ឋាភិបាល ក៏ដូចជាសកម្មភាពនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងរវាងសហគ្រាសនៃប្រទេសទាំងបី។

leftcenterrightdel
ពីឆ្វេងទៅស្តាំ៖ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឡាវ លោក Eksavang Vongvichit; ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau; ប្រធាន​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា លោក​ ឈាង វុន ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម

សេចក្តីថ្លែងការណ៍រួមបានអំពាវនាវឲ្យរដ្ឋាភិបាលទាំងបីសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ កិច្ចព្រមព្រៀងស្តីពីការសម្រួលនិងជំរុញពាណិជ្ជកម្ម CLV-DTA រួមជាមួយនឹងដំណោះស្រាយនានាសម្រាប់បង្កភាពងាយស្រួលដល់នីតិវិធីប្រតិវេទន៍គយ នីតិវិធីនៃការដាក់ពាក្យសុំអាជ្ញាប័ណ្ណសម្រាប់ការដឹកជញ្ជូនឆ្លងដែន ការបង្កើនកូតាសម្រាប់មធ្យោបាយដឹកជញ្ជូនដើម្បី​ជួយសម្រួលដល់ការដឹកជញ្ជូន និងការដោះដូរទំនិញឆ្លងដែន។ គណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំង៣ ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថែងការណ៍រួមនានាដែលបានអនុម័តនៅឯកិច្ចប្រជុំមុនៗ រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនីតិប្បញ្ញត្តិ និងការត្រួតពិនិត្យ ក៏ដូចជាបន្តសកម្មភាព​ត្រួត​ពិ​និត្យ​លើបញ្ហានានាដែលមានការចាប់អារម្មណ៍ពី CLV-DTA។

សេចក្តីថ្លែងការណ៍រួមក៏បានអំពាវនាវ និងជម្រុញឱ្យស្ថាប័នទាំងឡាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងបីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងធនធានព្រៃឈើ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខបណ្តាញអ៊ីនធឺណិត ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកនិងផ្តល់ព័ត៌មានជាប្រចាំពីប្រទេសទាំង៣ នៅលើគេហទំព័ររួមរបស់ CLV-DTA ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងសម័យថ្មី។ ព្រមទាំងត្រូវមានដំណោះស្រាយចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងការជួញដូរឈើឆ្លងដែនខុសច្បាប់។

លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍រួមបានឯកភាពថា នាពេលខាងមុខ ខ្លឹមសារនិងសមាសភាពចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំង ៣ CLV នឹងត្រូវបានពង្រីក ដោយអាស្រ័យលើលក្ខខណ្ឌ និងតម្រូវការរបស់ប្រទេសនីមួយៗ និងតាមប្រធានបទនៃកិច្ចប្រជុំនីមួយៗ។ សេចក្តីថ្លែងការណ៍រួមក៏បានឯកភាពប្រគល់ឲ្យគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម នាឆ្នាំ ២០២១ នៅប្រទេសកម្ពុជា៕

បក​ប្រែ​ដោយ Duy Hoan