ដោយអនុវត្តកម្មវិធីទាំងនេះ កម្មាភិបាល និងយុទ្ធជននៃស្ថាប័ន អង្គភាពនានារបស់កងទ័ពការពារព្រំដែនខេត្ត Nghe An មិនត្រឹមតែជួយឧបត្ថម្ភសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជួយកូនសិស្សសម្រេចនូវក្តីសុបិនទៅសិក្សាទៀតផង។ ដោយអនុវត្តកម្មវិធីទាំងឡាយពោលខាងលើ ប៉ុស្តិ៍ការពារព្រំដែនពិតជាក្លាយជាផ្ទះទីពីររបស់កូនសិស្សមានស្ថានភាពលំបាក។

មកទល់ពេលនេះ តាមរយៈកម្មវិធី "ជួយឧបត្ថម្ភប្អូនៗទៅសាលារៀន" និង "កូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន" កងទ័ពការពារព្រំដែនខេត្ត Nghe An បានជួយគាំពារទំនុកបម្រុងកូនសិស្សចំនួន ១១៥ នាក់ ដែលមានស្ថានភាពលំបាក រួមទាំងកូនសិស្សចំនួន ១៧ នាក់ត្រូវបានទទួលជាកូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន។ ជារៀងរាល់ខែ ទន្ទឹមនឹងការឧបត្ថម្ភថវិកា ៥០ ម៉ឺនដុងសម្រាប់កូនសិស្សម្នាក់ៗ កម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ក៏យកចិត្តទុកដាក់លើពេលបាយនីមួយៗ ការដេក និងជួយកុមារក្នុងការសិក្សាផងដែរ។

leftcenterrightdel
កងទ័ពការពារព្រំដែនបង្រៀនកូនធម៌

លោកគ្រូ Lau Ba Xenh នៅសាលាបឋមសិក្សា Nam Can លេខ២ ឃុំ Nam Can ស្រុក Ky Son ខេត្ត Nghe An បានឲ្យដឹងថា ក្រោយពីបានមករស់នៅក្នុងប៉ុស្តិ៍ការពារព្រំដែន ប្អូនៗមានភាពប្រសើរឡើងច្រើន។ ទោះបីជាប្អូនម្នាក់ៗមានស្ថានភាពលំបាករៀងៗខ្លួនក៏ដោយ ប៉ុន្តែត្រូវបានមើលថែទាំ ចិញ្ចឹមបីបាច់ និងបង្រៀនដោយកងទ័ព ពួកគេបានខិតខំសិក្សា ចូលរៀនទៀងទាត់ ហើយការសិក្សាមានគុណភាពល្អជាង។

យោងតាមលោកវរសេនីយ៍ឯក Le Nhu Cuong ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Nghe An បានឲ្យដឹងថា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី "ជួយឧបត្ថម្ភប្អូនៗទៅសាលារៀន" និង "កូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន" ទន្ទឹមនឹងការសម្របសម្រួលជាមួយមូលដ្ឋាន ក្រុមគ្រួសារ និងសាលា ក្នុងការមើលថែទាំកុមារ អង្គភាពនៃកងទ័ពការពារព្រំដែនខេត្ត Nghe An ក៏រៀបចំកន្លែងស្នាក់នៅ និងកន្លែងសិក្សាផ្ទាល់ខ្លួន ជាដើម សម្រាប់កូនធម៌ ហើយប្អូនៗចាត់ទុកប៉ុស្តិ៍ការពារព្រំដែនជាផ្ទះទីពីររបស់ខ្លួន។ អង្គភាពក៏ចាត់ចែងកម្មាភិបាលឲ្យមកបង្រៀន ណែនាំ អប់រំ និងមើលថែទាំប្អូនៗផងដែរ។ បើសាលានៅឆ្ងាយ អង្គភាពនឹងចាត់ចែងកម្មាភិបាលបញ្ជូននិងទទួលប្អូនៗទៅសាលា ដើម្បីធានាសុវត្ថិភាព។ សកម្មភាពទាំងនេះមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្កើតលក្ខខណ្ឌទៅសាលារៀនសម្រាប់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។ នេះក៏ជាឱកាសសម្រាប់កម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងឡាយ បង្ហាញមនោសញ្ចេតនា ទំនួលខុសត្រូវ និងសមានចិត្តជាមួយជនរួមជាតិភាគតិចនៅតំបន់ព្រំដែន ចូលរួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន កសាង "ការការពារជាតិដោយពឹងផ្អែកលើប្រជាជន" កាន់តែរឹងមាំ៕

បកប្រែដោយ Thuy Anh