ក្នុងឆ្នាំ ២០០៩ ក្នុងអំឡុងពេលនៃការស្ទង់មតិដើម្បីអនុវត្តគំរូ "ពានអង្ករនៃក្តីស្រឡាញ់" សម្រាប់ជួយគ្រួសារក្រីក្រក្នុងតំបន់នោះ ប៉ុស្តិ៍ការពារព្រំដែន Thu Lum បានរកឃើញថា កុមារជាច្រើនមានចិត្តចង់រៀន ប៉ុន្តែដោយសារតែស្ថានភាពគ្រួសារជួបលំបាក ពួកគេត្រូវតែបង្ខំចិត្តបោះបង់ការសិក្សាដោយមិនទាន់បញ្ចប់។

ដើម្បីជួយកុមារឱ្យមានលំនឹងជីវិត និងមានលក្ខខណ្ឌសិក្សា មេបញ្ជាការអង្គភាពបានពិភាក្សា និងឯកភាពទទួលយកកុមារមួយចំនួនដែលមកពីគ្រួសារក្រីក្រដែលចង់បន្តទៅសាលារៀនដើម្បីចិញ្ចឹម និងមើលថែទាំពួកគេ។ ជាមួយគ្នានោះ មេបញ្ជាការអង្គភាពបានរាយការណ៍ទៅបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Lai Chau និងអនុវត្តនីតិវិធីច្បាប់ក្នុងការចិញ្ចឹមប្អូនៗចំនួន២នាក់ គឺ Ma Mo Ha និង Sung Su Xa ដែលសុទ្ធតែជាជនជាតិភាគតិច La Hu។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន Thu Lum  យល់ព្រមទទួលយកសិស្សចំនួន ៨ នាក់ ដែលមានស្ថានភាពលំបាក សម្រាប់ជួយដល់ប្អូនៗទាំងនេះបានទៅសាលារៀន

លោកវរសេនីយ៍ត្រី Cao Van Quy ប្រធាននយោបាយកងទ័ពការពារព្រំដែន Thu Lum បានឲ្យដឹងថា៖ “ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កុមារក្នុងការរស់នៅ និងសិក្សានោះ អង្គភាពបានដាក់ចេញនូវបន្ទប់ដាច់ដោយឡែកមួយសម្រាប់់ប្អូនៗ ហើយទន្ទឹមនឹងនោះចាត់តាំងឱ្យអង្គការ និងបុគ្គលជាក់លាក់មួយៗទទួលអនុវត្តភារកិច្ចចិញ្ចឹម និងបង្រៀនប្អូនៗទាំងនេះ។ អនុប្រធាននយោបាយម្នាក់ នឹងទទួលបន្ទុកការងាររួម។

បន្ទាប់ពីការអនុវត្តអស់រយៈពេលជាង ១២ ឆ្នាំមកទល់នឹងពេលនេះ អង្គភាពបានចិញ្ចឹមប្អូនៗចំនួន ៨ នាក់ ដែលក្នុងនោះប្អូនៗ ២ នាក់ដំបូងដែលត្រូវបានចិញ្ចឹមនោះបានប្រឡងជាប់បាក់ឌុប ហើយក្លាយទៅជាអ្នកចិញ្ចឹមគ្រួសាររបស់ខ្លួន។ ប្អូនៗ ៣ នាក់ដែលអង្គភាពចិញ្ចឹមលើកទី ២ កំពុងសិក្សានៅថ្នាក់ទី១០ ស្រុក Muong Te។ នៅដើមឆ្នាំ ២០២១ អង្គភាពបន្តចិញ្ចឹមប្អូនចំនួន ៣ នាក់ទៀតគឺ Sung Phi Gia, Lo Xu Tu និង Gong Xi Xa ដែលកំពុងសិក្សានៅអនុវិទ្យាល័យ Thu Lum។

មកដល់បន្ទប់ស្នាក់នៅដែលជាកន្លែងសម្រាប់ក្មេងៗសិក្សាផងដែរ រូបភាពភួយ វាំងនន មុង និងតុសិក្សាត្រូវបានរៀបចំយ៉ាងស្អាត ហើយតាមរយៈនោះយើងខ្ញុំយល់បានមួយផ្នែកពីទឹកចិត្ត និងគុណូបការៈរបស់កម្មាភិបាលការពារព្រំដែន Thu Lum សម្រាប់កូនចិញ្ចឹមទាំងនេះ។

លោកវរសេនីយ៍ត្រី Cao Van Quy បានបន្ថែមថា “កូនចិញ្ចឹមទាំង ៨ នាក់ ដែលអង្គភាពបានយកមកចិញ្ចឹម មានកាលៈទេសៈស្ថានភាពគ្រួសារស្រដៀងគ្នា។ នៅពេលមករស់នៅអង្គភាពវិញ យើងខ្ញុំព្យាយាមស្និទ្ធស្នាល ចែករំលែក និងចិញ្ចឹមកូនៗឲ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ លើសពីនេះ គណៈបញ្ជាការអង្គភាពបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលា និងលោកគ្រូ អ្នកគ្រូដើម្បីស្វែងយល់ពីស្ថានភាពសិក្សា បណ្តុះបណ្តាល វិន័យ និងការអភិវឌ្ឍផ្លូវចិត្ត ដើម្បីជំរុញកុមារឱ្យសិក្សាកាន់តែល្អ និងកាន់តែប្រសើរឡើង”។

អស់រយៈពេលជាង ១២ ឆ្នាំនៃការទទួលចិញ្ចឹមប្អូនៗ ដែលមានស្ថានភាពលំបាកខ្លាំងរបស់កងទ័ពការពារព្រំដែន Thu Lum គឺជាការងារដ៏ថ្លៃថ្នូ និងប្រកបដោយមនុស្សធម៌ និងមានការកោតសរសើរយ៉ាងខ្លាំងពីអាជ្ញាធរដែនដី និងកាន់តែមានទំនុកចិត្តពីប្រជាជន៕

បកប្រែដោយ Minh Trung