នាព្រឹក ថ្ងៃទី ១២ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារជាតិឡាវ នៅទីក្រុងវៀងចន្ទន៍ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាយកដ្ឋានការពារព្រំដែនឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Siphan Phutthavong ប្រធាននាយកដ្ឋាន នៃអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien ផ្តល់ទឹកប្រាក់ជូនក្រសួងការពារជាតិឡាវ ដើម្បីជួយឲ្យប្រជាជនឡាវ ក្នុងការពុះពារផលវិបាកដោយសារទឹកជំនន់ (រូបថត៖ vnanet.vn)

នៅកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តយ៉ាងម៉ឹងម៉ាត និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនរវាងភាគីទាំងពីរ ព្រមទាំងឃោសនា អប់រំយ៉ាងសកម្មឲ្យប្រជាជននៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ មានការយល់ដឹងច្បាស់លាស់អំពីពិធីសារស្តីពីបន្ទាត់ព្រំដែន និងបង្គោលព្រំដែនជាតិរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិគ្រប់គ្រងព្រំដែន និងច្រកព្រំដែននៅលើដីគោករវាងប្រទេសទាំងពីរ និងអំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែននៅគ្រប់លំដាប់ថ្នាក់ និងជំរុញការជួបប្រាស្រ័យ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង ការពារព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាល និងបំប៉ន់សមត្ថភាពអនុវត្តច្បាប់របស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានផ្តល់ទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ជូនក្រសួងការពារជាតិឡាវ ដើម្បីជួយឲ្យប្រជាជននៅបណ្តាខេត្តភាគកណ្តាល និងខាងត្បូងឡាវ ក្នុងការពុះពារផលវិបាកដោយសារទឹកជំនន់៕

បកប្រែដោយ Thanh Cong