ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កាណាដាឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង
កប.អនឡាញ - នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា ក្នុងឱកាសដែលលោកស្រី Stefanie Beck បំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហប្រធាននៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣។
នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះជោគជ័យនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ ព្រមទាំង លោកសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយកាណាដា និងវាយតំលៃខ្ពស់ចំពោះសក្តានុពល តួនាទីរបស់កាណាដាក្នុងតំបន់ និងអន្តរជាតិ ហើយសម្តែងនូវសេចក្តីរីករាយដែលឃើញការអភិវឌ្ឍកាន់តែស៊ីជម្រៅលើវិស័យជាច្រើនរបស់ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-កាណាដា ស្របតាមឯកសារសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកស្រី Stefanie Beck |
នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានយកចិត្តទុកដាក់ និងជំរុញដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ តាមរយៈជំនួប និងការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនា-ពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ជំនះផលវិបាកនៃសង្គ្រាម និងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគី...
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលមានស្រាប់ ស្របតាមឯកសារដែលបានចុះហត្ថលេខា បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ការជំនះផលវិបាកនៃសង្គ្រាម និងការគ្រប់គ្រងព្រំដែន។
លោកស្រី Stefanie Beck បានសម្ដែងបំណងចង់ថា នាពេលខាងមុខ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរនឹងបន្តជម្រុញ ដើម្បីវិបុលភាពរួមរបស់ប្រទេសទាំងពីរ។
*សូមរំលឹកថា នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកស្រី Stefanie Beck អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា។
ក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ត្រូវបានអនុវត្តយ៉ាងសកម្មតាមឯកសារសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា ស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីនិមួយៗ ហើយសម្រេចបានលទ្ធផលជាក់ស្ដែងក្នុងការផ្លាស់ប្តូរលើគ្រប់លំដាប់ថ្នាក់ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនា កិច្ចពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ។ល។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកស្រី Stefanie Beck ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា៖ រក្សាជំនួប ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងបង្កើតយន្តការសន្ទនា និងពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងលើកកំពស់សមត្ថភាពនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម ឧស្សាហកម្មការពារជាតិ... ក្រសួងការពារប្រទេសវៀតណាមគាំទ្របំណងប្រាថ្នារបស់កាណាដាក្នុងការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) ដោយផ្អែកលើការឯកភាពរបស់អាស៊ាន។
លោកស្រី Stefanie Beck បានសម្តែងការចាប់អារម្មណ៍ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយសង្ឃឹមថា នាពេលខាងមុខ ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរនឹងត្រូវបានជម្រុញឲ្យកាន់តែមានប្រសិទ្ធភាព។
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។
នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកស្រី Stefanie Beck បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កាណាដាលើកទី៣ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុការងាររវាងមេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពពិសេសវៀតណាម និងមេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពប្រយុទ្ធពិសេសកាណាដា៕
បកប្រែដោយ Thanh Cong