អ្នកយកព័ត៌មាន៖ តើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលី នាពេលកន្លងមក មានលទ្ធផលយ៉ាងណាដែរ?

លោកវរសេនីយ៍ឯក Paul Foura៖ វៀតណាម និងអូស្ត្រាលីគឺជាដៃគូ និងមិត្តជិតស្និទ្ធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងមានទំនាក់ទំនងមិត្តភាពរឹងមាំ។ ប្រទេសទាំងពីរមានផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នា និងចែករំលែកចក្ខុវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយប្រកបដោយបរិយាបន្ន ភាពធន់ និងវិបុលភាព។ ប្រទេសទាំងពីរស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចែករំលែកក្តីកង្វល់រួមក្នុងតំបន់។ ក្នុងបរិបទនោះ កិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

យើងមានមោទនភាពយ៉ាងខ្លាំងដែលប្រទេសទាំងពីរបានកសាងទំនាក់ទំនងការពារជាតិដ៏រឹងមាំក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ទំនាក់ទំនងនេះបានចាប់ផ្តើមក្នុងវិស័យអប់រំ  និងបណ្តុះបណ្តាល ដោយដំបូងឡើយគឺការបង្រៀនភាសាអង់គ្លេសនៅអង្គភាពលេខ ៨៧១ (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) សម្រាប់សិក្ខាកាមយោធាវៀតណាមមួយចំនួនតូច។ ប៉ុន្តែនាបច្ចុប្បន្ននេះ បើគិតត្រឹមតែឆ្នាំនេះទេ មានសិក្ខាកាមចំនួនជាង ៣០០ នាក់ ដែលចូលរួមក្នុងកម្មវិធីបង្រៀនភាសាអង់គ្លេសរបស់យើងនៅទីក្រុងហាណូយ និងទីក្រុងញ៉ាត្រាង។ ទំនាក់ទំនងផ្នែកការពារជាតិ ដែលបានចាប់ផ្តើមពីវិស័យអប់រំ-បណ្តុះបណ្តាលខ្នាតតូច ឥឡូវនេះកំពុងពង្រីកកាន់តែខ្លាំងឡើងក្នុងវិស័យជាច្រើនដូចជា៖ ការសន្ទនាជាយុទ្ធសាស្ត្រ ការជួបប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ឬការផ្លាស់ប្តូរជាក់ស្តែងក្នុងវិស័យដែលអាចនាំមកនូវផលប្រយោជន៍ជូនភាគីទាំងពីរ ក្នុងនោះ វិស័យថ្មីៗបំផុតគឺវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ខ្ញុំត្រូវតែបញ្ជាក់ថា វិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាចំណុចលេចធ្លោជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Paul Foura ក្នុងឱកាស​ផ្តល់​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

អ្នកយកព័ត៌មាន៖ ដូចដែលលោកបានអះអាងថា វិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាចំណុចលេចធ្លោជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលី។ តើលោកអាចបញ្ជាក់បន្ថែមអំពីប្រការនេះបានទេ?

លោកវរសេនីយ៍ឯក Paul Foura៖ អូស្ត្រាលីមានមោទនភាពដែលបានសហការចាប់តាំងពីវៀតណាមបានចាប់ផ្តើមដំណើររបស់ខ្លួនក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយដំបូងឡើយមានតែវគ្គបណ្តុះបណ្តាលជាភាសាអង់គ្លេសដើម្បីជួយគាំទ្រដល់យោធិនវៀតណាមដំបូងគេដែលត្រូវបានដាក់ពង្រាយជាលក្ខណៈបុគ្គលទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ក្នុងឆ្នាំ២០១៤ ហើយវគ្គបណ្តុះបណ្តាលទាំងនេះបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ អូស្ត្រាលីផ្តល់ឧបករណ៍សំខាន់ៗដែលប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺនមុនពេលដាក់ពង្រាយ និងក្នុងករណីមួយចំនួន ហើយមានទាំងឧបករណ៍ដែលបម្រើការក្នុងអំឡុងពេលយោធិនវៀតណាមកំពុងបំពេញភារកិច្ច​នៅតាមស្ថានបេសកកម្មនៅអង្គការសហប្រជាជាតិ ក៏មានការប្រជុំពិភាក្សាផ្លាស់ប្តូរជំនាញផងដែរ។

គួរកត់សម្គាល់ថា អូស្ត្រាលីបានយកយន្តហោះដឹកជញ្ជូនយោធា C-17 ដើម្បីជួយវៀតណាមក្នុងការដឹកជញ្ជូនកងទ័ព និងឧបករណ៍ក្នុងការដាក់ពង្រាយកងពេទ្យកម្រិត២ ចំនួន ៤ លើកទៅកាន់ UNMISS និងមានផែនការបន្តជួយវៀតណាមក្នុងការដាក់ពង្រាយលើកទី ៥ នៅឆ្នាំ២០២៣។ រូបភាពនៃកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមនៅពេលឡើងយន្តហោះ C-17 គឺជានិមិត្តរូបដ៏រឹងមាំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងរីកចម្រើនរវាងប្រទេសយើងទាំងពីរ។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់យើងដើម្បីជួយគាំទ្រដល់អ្នកក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងតំបន់នេះ។

leftcenterrightdel
កម្មាភិបាល វេជ្ជបណ្ឌិត នៃកងពេទ្យកម្រិត២ លេខ៤ នៃប្រទេសវៀតណាម  នៅលើយន្តហោះ C-17

អ្នកយកព័ត៌មាន៖ តាមគំនិតរបស់លោក តើអនាគតនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលី នឹងទៅជាយ៉ាងណា?

លោកវរសេនីយ៍ឯក Paul Foura៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍ឥតឈប់ឈរ រួមចំណែកយ៉ាងខ្លាំងក្លាដល់ការពង្រីកទំនាក់ទំនងទ្វេភាគីនិយាយរួម។ ឧទាហរណ៍ដ៏ល្អមួយគឺនៅពេលដែលជំងឺរាតត្បាត Covid-19 ផ្ទុះឡើង យើងមានភាពបត់បែនក្នុងការសហការ និងចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត។ ប្រការនេះបង្ហាញពីកម្រិតនៃការជឿទុកចិត្តរវាងភាគីទាំងពីរ។ ឥឡូវនេះទំនាក់ទំនងទ្វេភាគីកំពុងរីកចម្រើន យើងកំពុងផ្លាស់ប្តូរទៅកាន់ផ្នែកនៃកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនសម្រាប់ភាគីទាំងពីរ ដូចជាសន្តិសុខសមុទ្រ ការចែករំលែកព័ត៌មាន។ ឧទាហរណ៍មួយទៀតគឺពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២២ នៅខែធ្នូ ដែលអាចបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងអូស្ត្រាលី និងវៀតណាម។ ដូច្នេះហើយ វាជារឿងសំខាន់ដែលយើងត្រូវបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

អ្នកយកព័ត៌មាន៖ អរគុណច្រើន!

បកប្រែដោយ Duy Hoan