អ្នកយកព័ត៌មាន៖ នៅក្នុងកិច្ចសន្ទនា Shangri-La 19 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញថ្លែងសុន្ទរកថាក្រោមប្រធានបទ “បង្កើន​សមត្ថភាពការពារជាតិដើម្បីការពារមាតុភូមិ”។ តើសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រតិភូ និងទទួលបានការវាយតំលៃយ៉ាងខ្លាំងពីសំណាក់មតិសាធារណជនបានបង្ហាញសារអ្វីខ្លះ?

លោកវរសេនីយ៍ឯក Duong Quy Nam៖ នៅពេលដែលរដ្ឋមន្ត្រីក្រសួងការពារប្រទេសថ្លែងអំពីការបង្កើន​សមត្ថភាពការពារជាតិ និងទំនើបកម្មកងទ័ព អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញប្រាកដជានឹងគិតដល់បញ្ហាលទ្ធកម្មអាវុធ យុទ្ធោបករណ៍ និងការរត់ប្រណាំងសព្វាវុធ ។ ទោះយ៉ាងណាក៏ដោយ សុន្ទរកថារបស់លោករដ្ឋមន្ត្រី Phan Van Giang បានពាំនាំនូវសារនៃការស្ថាបនាសន្តិភាព ដោយអះអាងថា ខឿនការពារជាតិរបស់វៀតណាមគឺជាខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រកបដោយសន្តិភាព និងស្វ័យការពារ ភាពម្ចាស់ការ សកម្ម ម៉ឺងម៉ាត់  ប្តូរផ្តាច់ រក្សាការការពារនិងទប់ទល់ហានិភ័យនៃសង្គ្រាម។

អាចមើលឃើញថា តាមចំណងជើងនៃសុន្ទរកថារបស់លោករដ្ឋមន្ត្រី វាបាន​បង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់វៀតណាម។ វៀតណាមបានបង្កើន​សមត្ថភាពការពារជាតិដើម្បីការពារមាតុភូមិ ការពារសន្តិភាព និងការពារសុខុមាលភាព និងសុភមង្គលរបស់ប្រជាជន។ ប្រការនេះបានបញ្ជាក់ពីទស្សនៈឥតងាករេរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាមលើទំនើបកម្មកងទ័ព ដូចលោកប្រធានហូជីមិញបានដំបូន្មានថា៖ “យើងត្រូវខិតខំកសាងកងទ័ពឲ្យក្លាយជាកងទ័ពប្រជាជនដ៏ខ្លាំងក្លា ជាកងទ័ពបដិវត្តន៍ដែលឈានទៅរកភាពរបៀបរៀបរយ និងទំនើបកម្ម ដើម្បីការពារសន្តិភាព និងការពារមាតុភូមិ”។

leftcenterrightdel
លោកវរសេនីយ៍ឯក Duong Quy Nam

អ្នកយកព័ត៌មាន៖ នៅក្នុងសុន្ទរកថារបស់លោករដ្ឋមន្ត្រី Phan Van Giang នៅឯកិច្ចសន្ទនា Shangri-La លើកទី ១៩ បានសង្កត់ធ្ងន់ថា “ខឿនការពារជាតិរបស់វៀតណាមគឺជាខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រកបដោយសន្តិភាព និងស្វ័យការពារ បង្កើន​សក្ដានុពលការពារជាតិ ដើម្បីការពារមាតុភូមិ»។ សូមលោកបញ្ជាក់បន្ថែមខ្លឹមសារនៃសាររបស់លោករដ្ឋមន្ត្រី?

លោកវរសេនីយ៍ឯក Duong Quy Nam៖ វៀតណាមជាប្រទេសដែលត្រូវឆ្លងកាត់ក្នុងសង្គ្រាមស្វ័យការពារជាច្រើន ដូច្នេះហើយវៀតណាមយល់យ៉ាងច្បាស់នូវតម្លៃសន្តិភាព មានបំណងចង់ថែរក្សា និងប្តេជ្ញាថែរក្សាសន្តិភាពរបស់ប្រទេសជាតិ។ ដូច្នេះហើយការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រកបដោយសន្តិភាព  និងស្វ័យការពារគឺជាគោលនយោបាយយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ ដើម្បីបង្កើនកម្លាំងការពារជាតិ និងការពារមាតុភូមិយ៉ាងរឹងមាំក្នុងគ្រប់កាលៈទេសៈ។

នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ១៩ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានសង្កត់ធ្ងន់ថា៖ “ខឿនការពារជាតិរបស់វៀតណាម គឺជាខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រកបដោយសន្តិភាព និងស្វ័យការពារ; បង្កើនសក្ដានុពលការពារជាតិ ដើម្បីការពារមាតុភូមិ»។ ប្រការនេះបានបង្ហាញពីទស្សនៈឥតងាករេរបស់បក្សក្នុងដំណើរការកសាង និងការពារមាតុភូមិ។

លក្ខណៈពិសេសនៃការការពារជាតិរបស់វៀតណាមគឺខឿនការពារជាតិដោយប្រជាជនទាំងមូល ជាខឿនការពារជាតិដែលប្រមូលផ្តុំ និងពឹងផ្អែកលើកម្លាំងរបស់ប្រជាជាតិទាំងមូលក្នុងគ្រប់សកម្មភាពទាំងនយោបាយ សេដ្ឋកិច្ច ការទូត យោធា និងវប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ... ក្នុងបំណងបង្កើតកម្លាំងគ្រប់ជ្រុងជ្រោយដើម្បីបុព្វហេតុកសាង និងការពារមាតុប្រទេស។ ភាពជាក់ស្តែងនៃប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ខឿនការពារជាតិដោយប្រជាជនទាំងមូលបាននាំមកនូវសមិទ្ធិផលសំខាន់ៗ រួមចំណែកយ៉ាងមុតមាំក្នុងការការពារមាតុភូមិ ហើយទន្ទឹមនឹងនោះលើកកំពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រីបានអះអាងនៅចំពោះមុខមិត្តភ័ក្តិ និងដៃគូនានាថា ការបង្កើនសក្តានុភាពការពារជាតិ និងទំនើបកម្មកងទ័ពរបស់វៀតណាម ដូចជា លទ្ធកម្ម ការអភិវឌ្ឍសព្វាវុធ យុទ្ធោបករណ៍ ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលសមត្ថភាពដល់កងកំលាំងប្រដាប់អាវុធ សំដៅការពារមាតុភូមិ ការពារសន្តិភាព ផ្តល់បរិយាកាសស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងរួមចំណែកដល់និន្នាការសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់ពិភពលោក។

អ្នកយកព័ត៌មាន៖ ក្នុងបរិបទដែលបញ្ហាសន្តិសុខមិនមែនប្រពៃណីកំពុងកើតឡើងកាន់តែច្រើនឡើង ជាមួយនឹងផលវិបាកកាន់តែធ្ងន់ធ្ងរដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការរួមចំណែកពីសហគមន៍អន្តរជាតិ តើសារទាំងនេះមានន័យយ៉ាងណាចំពោះសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់?

លោកវរសេនីយ៍ឯក Duong Quy Nam៖ ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំងពីបញ្ហាសន្តិសុខមិនមែនប្រពៃណី ជាមួយនឹងការកើនឡើងកាន់តែច្រើនឡើង ជាមួយនឹងផលប៉ះពាល់ដែលមិនអាចទាយទុកជាមុនបាន និងផលវិបាកដ៏ធ្ងន់ធ្ងរ។ ប្រការនេះអាចត្រូវបានមើលឃើញយ៉ាងច្បាស់បន្ទាប់ពីរយៈពេលជាងពីរឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ឬ គ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលបណ្ដាប្រទេស រួមទាំងវៀតណាមត្រូវរងទទួល។

នៅក្នុងពិភពមួយដែលពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ដែលមិនអាចដោះស្រាយបានដោយប្រទេសតែមួយនោះ ថ្លែង​សុន្ទរកថា​ក្នុងកិច្ចសន្ទនា Shangri-La លើកទី ១៩ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងជាថ្មីម្តងទៀតនូវតួនាទីរបស់កងកម្លាំងការពារជាតិនៃប្រទេសនានាបានរួមចំណែកធនធាន ហើយនិងប្រមូលផ្តុំធនធានប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម  រួមទាំងសន្តិសុខមិនមែនប្រពៃណី ដោយជំនួសឱ្យការរត់ប្រណាំងសព្វាវុធដែលប្រើប្រាស់យ៉ាងច្រើននូវធនធានរបស់ប្រទេស ។

ដោយមានតួនាទីសំខាន់ក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល លោករដ្ឋមន្ត្រីបានលើកច្បាស់ថា នាបច្ចុប្បន្ននេះ កងទ័ពប្រជាជនវៀតណាមដើរឈានមុខគេក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីជាច្រើន ជាពិសេសការជួយសង្គ្រោះ  និងការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការបញ្ជូនកងកម្លាំងទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។

គិតត្រឹមដើមឆ្នាំ ២០២២នេះ វៀតណាមបានបញ្ជូននាយទាហានចំនួន ៧៦ នាក់ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស្ថានបេសកកម្ម UNISFA ហើយ​បានបញ្ជូនកម្មាភិបាល និងបុគ្គលិកពេទ្យចំនួន ១៨៩ នាក់នៃកងពេទ្យកម្រិត ២ ទៅកាន់ស្ថានបេសកកម្មស៊ូដង់ខាងត្បូង។ នេះជាការបង្ហាញយ៉ាងច្បាស់អំពីស្មារតីទទួលខុសត្រូវរបស់វៀតណាម ពួតដៃគ្នាបង្កើត និងរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក។

ដោយមានសារថា វៀតណាមកំពុងសហការជាមួយប្រទេសនានាដើម្បីការពារសន្តិភាព លោករដ្ឋមន្ត្រី Phan Van Giang ចង់បញ្ជាក់ពីទស្សនៈរបស់វៀតណាម ហើយចង់ឱ្យប្រទេសនានាបង្កើនការសន្ទនា កសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកលដែលកំពុងកើតមានឡើង និងកាន់តែធ្ងន់ធ្ងរឡើងៗនាបច្ចុប្បន្ន៕

បកប្រែដោយ Duy Hoan