ក្នុងនោះ ការការពារជាតិរបស់វៀតណាម គឺជាការការពារជាតិរបស់ប្រជាជនទាំងអស់ ប្រកបដោយសន្តិភាព ស្វ័យការពារ បង្កើនសក្តានុពលការពារជាតិ ការពារមាតុភូមិ។ សន្ទរកថាបាននាំសារសន្តិភាព លើកកម្ពស់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ និងទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង  កាសែតកងទ័ពប្រជាជនសូមជំរាបជូនអត្ថបទមួយចំនួនដើម្បីបញ្ជាក់បន្ថែមខ្លឹមសារនេះ។

អត្ថបទទី១៖ ការពារជាតិដោយប្រជាជនទាំងមូល និងទូលំទូលាយ

"បង្កើនភាពខ្លួនទីពឹងខ្លួន ស្វ័យសង្គ្រោះខ្លួនឯង" - ជាគោលការណ៍មូលដ្ឋានដើម្បីរក្សាឯករាជ្យជាតិ

ចែករំលែកជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet នាយកវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ (ក្រសួងការពារជាតិ) បានអះអាងថា  សុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានបង្ហាញនូវចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់បញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក  ផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនានាដែលវៀតណាមកំពុងប្រឈមមុខក្នុងវិស័យការពារជាតិ និងសន្តិសុខ។ ក្នុងនោះ បញ្ជាក់ថានិន្នាការនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តែងតែជាបំណងប្រាថ្នាទូទៅរបស់មនុស្សជាតិ ប៉ុន្តែបញ្ហាសន្តិសុខប្រពៃណីនៅតែមានភាពស្មុគស្មាញ ជាពិសេសការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ទំនាស់ ជម្លោះផលប្រយោជន៍ ជម្លោះអធិបតេយ្យភាពទឹកដីរវាងប្រទេសនានានៅតែបន្តកើតមាន។ ព្រោះហេតុដូច្នោះ ការបង្កើនសមត្ថភាពការពារជាតិ ដើម្បីការពារមាតុភូមិ និងការពារសន្តិភាព ពិតជាតម្រូវការមិនអាចខ្វះបានរបស់ប្រទេស និងជាតិនីមួយៗ។ ហើយវៀតណាមក៏មិនមែនជាករណីលើកលែងដែរ។ ក្នុងបរិបទទូទៅនោះ ប្រទេសនីមួយៗជ្រើសរើសយុទ្ធសាស្ត្រឆ្លើយតបរៀងៗខ្លួន ហើយវៀតណាមប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រកបដោយសន្តិភាព ស្វ័យការពារ និងបង្កើនសក្តានុពលការពារជាតិដើម្បីការពារមាតុភូមិ។

ចែករំលែកទស្សនៈពោលខាងលើនៅពេលដែលផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជន លោកស្រី Hoang Thi Ha អ្នកជំនាញមកពីវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៅសិង្ហបុរីបានមានប្រសាសន៍ថា  នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ១៩ ប្រទេសទាំងឡាយបានលើកឡើងភាពចាំបាច់ក្នុងការបង្កើនសមត្ថភាពការពារជាតិ និងយោធា ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។ “នេះគឺជាតម្រូវការស្វ័យការពារស្របច្បាប់ ហើយវាក៏ជាសារសំខាន់របស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនៅក្នុងវេទិកានេះ។ គោលការណ៍ខ្លួនទីពឹងខ្លួន និងការស្វ័យសង្គ្រោះខ្លួនឯងគឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាឯករាជ្យជាតិ” លោកស្រី Hoang Thi Ha បាននិយាយបែបនេះ។

leftcenterrightdel
លោក​រដ្ឋមន្ត្រី Phan Van Giang ថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនា Shangri-La លើកទី ១៩

សារស្តីពីការការពារជាតិ និងសន្តិសុខរបស់វៀតណាមក្នុងកិច្ចសន្ទនា Shangri-La លើកទី ១៩ យោងតាមអ្នកប្រាជ្ញ អ្នកជំនាញខាងយោធាជាតិ និងអន្តរជាតិ បានបង្ហាញថា តួនាទី និងកិត្យានុភាពរបស់វៀតណាមត្រូវបានលើកកំពស់ខ្ពស់ក្នុងឆាកអន្តរជាតិ នៅពេលបញ្ជាក់យ៉ាងច្បាស់ថា ខឿនការពារជាតិដោយប្រជាជនទាំងមូលគឺសន្តិភាព និងស្វ័យការពារ។ យោងតាមអ្នកជំនាញ លោកស្រី Hoang Thi Ha ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំង និងការប្រមូលកម្លាំងក្នុងចំណោមប្រទេសមហាអំណាចតាមនិន្នាការបែងចែកប៉ូល និងការបន្តពង្រីកអំណាចជាអតិបរមាបានជម្រុញខ្លាំង ប្រទេសតូច និងប្រទេសមធ្យម ជាពិសេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមបញ្ហាលំបាកជាច្រើន រួមទាំងបញ្ហាធ្វើយ៉ាងដូចម្តេចដើម្បីរក្សាឯករាជ្យភាព និងស្វ័យភាពក្នុងទំនាក់ទំនងជាមួយប្រទេសដ៏ទៃ? ជាមួយនឹងធនធានមានកម្រិត តើធ្វើយ៉ាងដូចម្តេចដើម្បីបង្កើនសមត្ថភាពការពារជាតិ និងផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ក៏ដូចជាការគំរាមកំហែងផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជាគ្រោះធម្មជាតិ ភេរវកម្ម និងជំងឺរាតត្បាត? ជាមួយនឹងការវិលត្រលប់មកវិញនូវការអនុវត្ត "តុល្យភាពអំណាច" និង "ការគំរាមកំហែងយោធា" របស់ប្រទេសមហាអំណាចនោះ តើធ្វើយ៉ាងដូចម្តេចដើម្បីបន្តរក្សាតួនាទីរបស់អាស៊ានក្នុងការលើកកម្ពស់សន្តិសុខ កិច្ចសហប្រតិបត្តិការ? បណ្ដាប្រទេសមហាអំណាចបាន និងនឹងបន្តបង្កើនការយកចិត្តទុកដាក់ និងការវិនិយោគជាយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងអាស៊ីអាគ្នេយ៍។ ប្រការនេះរួមចំណែកក្នុងការលើកកម្ពស់តួនាទីភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់បណ្ដាប្រទេសក្នុងតំបន់។

វៀតណាមមានបំណងបើកចំហរ និងតម្លាភាពក្នុងការបង្កើនសក្តានុពលការពារជាតិរបស់ខ្លួន

អ្នកជំនាញមកពីវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍បានបន្ថែមថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសមួយចំនួនដែលចូលរួមក្នុងកិច្ចសន្ទនាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អសមត្ថភាពបន្លាច និងទប់ទល់ បានសេចក្ដីថា ត្រូវតែបង្កើនថវិកាការពារជាតិ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើននៅអឺរ៉ុបដែលកំពុងធ្វើ។

យោងតាមអ្នកជំនាញមកពីវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ “នេះគឺជាភាពប្រតិមតិក្នុងទំនាក់ទំនងអន្តរជាតិក្នុងសម័យបច្ចុប្បន្ន ដើម្បីធានាបាននូវសន្តិភាព ចាំបាច់ត្រូវបង្កើនកម្លាំងយោធា។ ភាពប្រតិមតិនេះនឹងមានផលវិបាកដ៏ស្មុគស្មាញលើទិដ្ឋភាពពីរ។ ទីមួយ ការរត់ប្រណាំងសព្វាវុធ ជាពិសេសរវាងមហាអំណាច នឹងកាន់តែខ្លាំងឡើងៗ។ ទីពីរ វានឹងបន្តមើលឃើញកម្រិតកាន់តែខ្ពស់ជាងនេះទៅទៀតនៃបញ្ហាស្មុគស្មាញលើវិស័យសន្តិសុខ   ពោលគឺប្រទេសមួយ ឬក្រុមប្រទេសមួយបង្កើនយ៉ាងខ្លាំងនូវសន្តិសុខផ្ទាល់ខ្លួន វានឹងបង្កឱ្យមានការព្រួយបារម្ភ ការសង្ស័យ និងការរត់ប្រណាំងសព្វាវុធពីប្រទេសផ្សេងៗ»។

ក្នុងសុន្ទរកថានៅឯកិច្ចសន្ទនា Shangri-La លើកទី ១៩ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា ការបង្កើនសមត្ថភាពការពារជាតិត្រូវតែធានានូវតម្លាភាព ជៀសវាងនាំឲ្យមានការសង្ស័យ និងការយល់ច្រឡំ នាំឲ្យបន្ថយការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងប្រទេសនានា។ សាររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមត្រូវបានអ្នកប្រាជ្ញចាត់ទុកថាមានអត្ថន័យខ្លាំងចំពោះវេទិកាជំរុញកិច្ចសហប្រតិបត្តិការសន្តិភាពនិងការអភិវឌ្ឍដូច Shangri-La ពីព្រោះវាបានរួមចំណែកដោះស្រាយកង្វល់ជុំវិញបញ្ហាបង្កើនសក្ដានុពលការពារជាតិ ទូទៅរបស់ប្រទេសនានា។ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet បានមានប្រសាសន៍ថា ក្នុងបរិបទនោះ ការបង្កើនសក្ដានុពលការពារជាតិ គឺជានិន្នាការជៀសមិនផុត ហើយជាការជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក គឺជាភាពចាំបាច់បំផុត ដើម្បីកុំឱ្យនិន្នាការនេះប្រែទៅជាការរត់ប្រណាំងសព្វាវុធយ៉ាងខ្លាំងក្លា ពីព្រោះកិច្ចសហប្រតិបត្តិការតែងតែដើរទន្ទឹមនឹងការប្រកួតប្រជែង។ ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វិបុលភាពសម្រាប់មនុស្សជាតិ ប្រទេសនានាត្រូវខិតខំពយាយាមប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ បង្កើនសក្ដានុពលលើវិស័យការពារជាតិ និងធានាឱ្យបាននូវភាពបើកចំហ និងតម្លាភាព។

យោងតាមលោកវរសេនីយ៍ឯក Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេស) ចំណុចសំខាន់មួយក្នុងសាររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនៅឯកិច្ចសន្ទនា Shangri-La លើកទី ១៩ គឺបានបញ្ជាក់ថា៖ “វៀតណាមមានបំណងចង់បើកចំហរ និងតម្លាភាពក្នុងការបង្កើនសមត្ថភាពការពារជាតិ និងធ្វើទំនើបកម្មកងទ័ព ដើម្បបញ្ជៀសការសង្ស័យ ការយល់ច្រឡំ និងការមិនទុកចិត្តគ្នាជាយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេស ដែលនាំទៅរកការរត់ប្រណាំងសព្វាវុធអាចកើតមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន”។ វៀតណាមធ្វើទំនើបកម្មសព្វាវុធ និងយុទ្ធោបករណ៍សម្រាប់ការពារមាតុភូមិ ដោយមិនមានបំណងគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធប្រឆាំងនឹងប្រទេសដទៃឡើយ។ ស្របតាមគោលនយោបាយការពារជាតិ “មិន៤ចំណុច” របស់វៀតណាម៖ គឺមិនចូលរួមសម្ព័ន្ធភាពយោធា; មិនចងសម្ព័ន្ធនឹងប្រទេសមួយដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសមួយទៀត; មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសមួយទៀត មិនប្រើកម្លាំងអាវុធ ឬគំរាមប្រើកម្លាំងអាវុធក្នុងទំនាក់ទំនងអន្តរជាតិ។

ទាក់ទិននឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet បានសង្តត់ធ្ងន់បន្ថែមថា ខឿនការពារជាតិដោយប្រជាជនទាំងមូលរបស់វៀតណាមក៏បានបង្ហាញពីតម្លាភាពផងដែរ។ ជាក់ស្តែង ការបង្កើនសក្ដានុពលការពារជាតិ មិនត្រឹមតែជាការបង្កើនកម្លាំងយោធាប៉ុណ្ណោះទេ ថែមទាំងបង្កើនកម្លាំងទាំងអស់របស់ប្រទេសទាំងមូល ទាំងផ្នែកនយោបាយ ស្មារតី សេដ្ឋកិច្ច ទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងយោធា។ ទំនើបភាវូបនីយកម្មកងទ័ពមិនត្រឹមតែធ្វើទំនើបកម្មសព្វាវុធ និងយុទ្ធោបករណ៍ប៉ុណ្ណោះទេ ថែមទាំងកសាងកម្លាំងនយោបាយ និងស្មារតី ធ្វើទំនើបកម្មលើការចាត់ចែង ក្របខ័ណ្ឌ និងសិល្ប៍វិធីយោធាទៀតផង។ យោងតាមលោកវរសេនីយ៍ឯក Vu Thanh Van ឲ្យដឹងថា៖ “ខឿនការពារជាតិរបស់វៀតណាមគឺជាខឿនការការពារជាតិដោយប្រជាជន ទាំងមូល និងទូលំទូលាយ។ ការបង្កើនសមត្ថភាពការពារជាតិ មានន័យថា ជាការបង្កើនសក្តានុពលលើគ្រប់វិស័យ មិនមែនគ្រាន់តែធ្វើទំនើបកម្មអាវុធ និងយុទ្ធោបករណ៍ប៉ុណ្ណោះទេ។

ការពារខ្លួនឯងផង និងរួមចំណែកក្នុងសន្តិភាពពិភពលោកផង

នៅក្នុងកិច្ចសន្ទនា Shangri-La រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ម្តងទៀតនូវសារថា វៀតណាមយល់ច្បាស់អំពីតម្លៃនៃសន្តិភាព មានបំណងចង់រក្សា និងប្តេជ្ញាចិត្តរក្សាសន្តិភាពរបស់ប្រទេសជាតិ  ហើយប្តេជ្ញាការពារឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី  ផលប្រយោជន៍ជាតិ” បន្ទាប់ពីឆ្លងកាត់សង្គ្រាមស្វ័យការពារជាច្រើនលើកច្រើនសា  ទទួលរងការឈឺចាប់ និងការបាត់បង់យ៉ាងធំធេង។ វៀតណាមមានបំណងចង់ឱ្យពិភពលោក តំបន់ គ្រប់ប្រទេស និងប្រជជាតិទាំងអស់ទទួលបានសន្តិភាព សេរីភាព វិបុលភាព និងសុភមង្គល។

យោងតាមលោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet ឲ្យដឹងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់វៀតណាមគឺមិនអាចកាត់ផ្តាច់ចេញពីសន្តិភាពក្នុងតំបន់ និងពិភពលោកបានឡើយ ដូចលោកប្រធានហូជីមិញមានដំបូន្មានថា៖ “រក្សាសន្តិភាពពិភពលោកមានន័យថា រក្សាផលប្រយោជន៍របស់ប្រទេសយើង”។  វៀតណាមបានបង្កើនសក្ដានុពលការពារជាតិរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខរួម និងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ដូច្នេះ វៀតណាមបង្កើនសក្ដានុពលការពារជាតិដើម្បីការពារមាតុភូមិផង និងថែរក្សាសន្តិភាពរបស់ខ្លួនផង ហើយនិងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងលើពិភពលោកផង។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Vu Thanh Van បានឲ្យដឹងថា សុន្ទរកថារបស់វៀតណាមនៅឯការសន្ទនា Shangri-La តែងតែបង្ហាញនូវសារដ៏មានអត្ថន័យនោះគឺ៖ វៀតណាមមានបំណងចង់ឲ្យសន្តិសុខក្នុងតំបន់ និងពិភពលោករក្សាស្ថិរភាព ត្រៀមខ្លួនជានិច្ចដើម្បីរួមចំណែកក្នុងបេសកកម្មរួមរក្សាសន្តិភាព; ចង់បានប្រទេសនានាដោះស្រាយការវិវាទ និងការខ្វែងគំនិតដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ការសន្យាក្នុងតំបន់ដូចជា សេចក្តថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ការគោរពឯករាជ្យ អធិបតេយ្យភាព ទឹកដី និងផលប្រយោជន៍របស់ប្រទេសជាតិ៕

(នៅបន្តទៀត)

បកប្រែដោយ Duy Hoan