ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិនលើកនេះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Wei Fenghe

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ពិធីគោរពបង្គោលព្រំដែនអធិបតេយ្យភាព ការលាបថ្នាំលើបង្គោលព្រំដែន និងការដាំដើមឈើមិត្តភាព លោករដ្ឋមន្រ្តី Phan Van Giang និងលោករដ្ឋមន្រ្តី Wei Fenghe រួមជាមួយគណៈប្រតិភូនៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ មានកិច្ចសន្ទនានៅមជ្ឈមណ្ឌលសន្ទនាស្រុក Longzhou ខេត្ត Guangxi។

ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានវាយតម្លៃថា ទោះបីរងឥទ្ធិពលពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ចិនត្រូវបានរក្សាប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ ភាគីទាំងពីរក៏រៀបចំដោយជោគជ័យនូវការហាត់សមរួមគ្នារវាងពេទ្យយោធានៃប្រទេសទាំងពីរនាខែធ្នូ ឆ្នាំ២០២១ នៅទីក្រុង Mong Cai ខេត្ត Quang Ninh ប្រទេសវៀតណាម។

leftcenterrightdel
គណៈប្រតិភូទាំងពីរថតរូបមុនពេលចូលរួមកិច្ចសន្ទានា

ទន្ទឹមនឹងនោះ ភាគីទាំងពីរបញ្ជាក់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅព្រំដែនវៀតណាម-ចិន បានចូលរួមចំណែកដ៏សំខាន់ក្នុងការជម្រុញចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ រវាងក្រសួងការពារជាតិទាំងពីរ និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ចូលរួមចំណែកកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍ។

ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះ ភាគីទាំងពីរឯកភាពជម្រុញការផ្លាស់ប្ដូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ហើយបន្តសហការនិងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាយោធា ការពារជាតិពហុភាគី។ល។ ព្រមទាំងបន្តសហការនិងអនុវត្តយ៉ាងតឹងរឹងនូវឯកសារច្បាប់ស្ដីពីព្រំដែនគោក វៀតណាម-ចិន ចំនួន៣ ការពារព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្ម ការចូលនិងចេញដោយខុសច្បាប់ បង្ការនិងទប់ស្កាត់ការរីករាលដាលឆ្លងព្រំដែននៃជំងឺរាតត្បាត។ ចំពោះបញ្ហានៅសេសសល់ ភាគីទាំងពីរបានពិភាក្សានិងឯកភាពដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធានាឲ្យបានផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh