ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកងទ័ពអំពីការអនុវត្តការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិរបស់ប្រទេសនិយាយរួម និងរបស់កងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃយ៉ាងដូចម្តេចពីលទ្ធផលគួរឱ្យចាប់អារម្មណ៍នៃការងារការទូតការពារជាតិវៀតណាមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានទេ?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ការទូតការពារជាតិគឺជាផ្នែកមួយនៃការទូតប្រទេសជាតិ រួមចំណែកការពារមាតុភូមិតាំងពីដើម ពីឆ្ងាយ ពីសម័យសន្តិភាព ខិតខំប្រឹងប្រែងទប់ស្កាត់ជម្លោះមិនឲ្យកើតមានឡើង និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមចំណែកការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ បង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេស។

ក្នុងរយៈពេលកន្លងមក ការអនុវត្តនូវគោលនយោបាយការទូតរបស់បក្ស និងរដ្ឋ ត្រូវបានគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសដឹកនាំឱ្យអនុវត្តយ៉ាងស៊ីសង្វាក់គ្នានិងទូលំទូលាយ បានជាការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិសម្រេចបាននូវលទ្ធផលលេចធ្លោជាច្រើន។ លទ្ធផលនោះគឺបានម្ចាស់ការផ្តល់យោបល់យ៉ាងសកម្មជូនបក្ស រដ្ឋក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រទាក់ទិននឹងការការពារជាតិ សន្តិសុខ ព្រំដែន និងទឹកដីរបស់មាតុភូមិ មិនទុកឱ្យបាត់ភាពជាម្ចាស់ ឬភ្ញាក់ផ្អើលក្នុងគ្រប់ស្ថានការណ៍ កាលៈទេសៈទេ, ដោះស្រាយបានល្អទំនាក់ទំនងការពារជាតិជាមួយប្រទេសផ្សេងៗ ជាពិសេសប្រទេសជិតខាង ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ បង្កើតទំនាក់ទំនងជាយុទ្ធសាស្ត្រ ធានាផលប្រយោជន៍ប្រទេសជាតិ និងជាតិ, សកម្ម និងម្ចាស់ការពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បង្កើនសក្ដានុពលបម្រើភារកិច្ចកសាងកងទ័ពបដិវត្តន៍ រៀបរយ ចំណាន ឆ្ពោះទៅរកភាពទំនើបជាជំហានៗ រួមចំណែកពង្រឹងការជឿទុកចិត្តជាយុទ្ធសាស្ត្ររវាងវៀតណាមនិងប្រទេសនានា លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ។

រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសជាង ១០០ ជុំវិញពិភពលោក រួមទាំងសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) និងបណ្តាប្រទេសធំៗទាំងអស់លើវិស័យជាច្រើនដោយមានយន្តការសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពដូចជា៖ ការហ្វឹកហ្វឺន, ការផ្លាស់ប្តូរគណៈប្រតិភូយោធា, កិច្ចសហប្រតិបត្តិការរវាងបណ្តាកងកម្លាំងប្រដាប់អាវុធ, ឧស្សាហកម្មការពារជាតិ, ការសន្ទនាគោលនយោបាយការពារជាតិ ក៏ដូចជាសកម្មភាពជួបប្រាស្រ័យការពារជាតិព្រំដែន, ព្រំដែនមិត្តភាព, ការទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី…

លើទិដ្ឋភាពពហុភាគី កងទ័ពប្រជាជនវៀតណាមបានក្លាយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៃរាល់យន្តការ និងវេទិកាសហប្រតិបត្តិការលើវិស័យការពារជាតិពហុភាគីក្នុងតំបន់ និងអន្តរជាតិដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។

វេទិកាសន្តិសុខក្នុងតំបន់អាស៊ាន (ARF) កិច្ចសន្ទនា Shangri-La សន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូ... ទន្ទឹមនឹងនោះ រួមចំណែកយ៉ាងសកម្មក្នុងការកសាង និងលើកឡើងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើននៅវេទិកា និងយន្តការសហប្រតិបត្តិការទាំងនេះ។ តាមរយៈនោះ បញ្ជាក់នូវទំនួលខុសត្រូវរបស់វៀតណាមក្នុងការបំពេញកាតព្វកិច្ចរបស់រដ្ឋជាសមាជិក អ.ស.ប រួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងបង្កើតសន្តិភាពពិភពលោក។

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្រ្តីអាចឱ្យដឹងទេថា ដើម្បីរួមចំណែកក្នុងកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងកិច្ចការបរទេសរបស់ប្រជាជនអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយការបរទេសតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិនាពេលខាងមុខចាំបាច់ត្រូវផ្តោតទៅ​លើអ្វី?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ក្នុងឆ្នាំខាងមុខ ស្ថានភាពពិភពលោក និងតំបន់នឹងបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ការប្រកួតប្រជែងជាយុទ្ធសាស្រ្ត, ជម្លោះក្នុងតំបន់អាចនឹងកើតឡើងកាន់តែខ្លាំង, លទ្ធិប្រជានិយម លទ្ធិជ្រុលនិយម ជាតិនិយមបានកើនឡើង។ សមុទ្រខាងកើត និងតំបន់យុទ្ធសាស្ត្រមួយចំនួនរបស់ប្រទេសនេះ នៅតែមានសក្តានុពលជាច្រើន និងមានភាពមិនច្បាស់លាស់។ រាល់កត្តាសន្តិសុខបែបប្រពៃណី និងមិនប្រពៃណីមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា និងបន្តស្មុគស្មាញ ដែលជះឥទ្ធិពលដល់ការអនុវត្តភារកិច្ចយោធា ការពារជាតិ និងសន្តិសុខ រួមទាំងទំនាក់ទំនងអន្តរជាតិ និងកិច្ចការបរទេស។ ប្រឈមមុខនឹងស្ថានភាពនោះ វាទាមទារឱ្យយើងផ្តោតលើបញ្ហាជាក់លាក់មួយចំនួនដូចខាងក្រោម៖

ទី១ ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិស្របតាមគោលនយោបាយការបរទេសដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ក៏ដូចជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១១ និងការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស។ ជំរុញការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិក្រោមបាវចនា "វិជ្ជមាន សកម្ម ប្រាកដ បត់បែន និងមានប្រសិទ្ធភាព"។

ទី២ ប្រកាន់ខ្ជាប់នូវមាគ៌ាឯករាជ្យ និងស្មារតីខ្លួនទីពឹងខ្លួន ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសប្រកបដោយពិពិធកម្ម ពហុភាគីភាវូបនីយកម្ម កិច្ចសហប្រតិបត្តិការ និងការតស៊ូ បង្កើនឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងកាត់បន្ថយហានិភ័យនៃជម្លោះដើម្បីជៀសវាងការឯកោ ឬស្ថិតក្នុងស្ថានភាពត្រូវតែ "ជ្រើសរើសភាគីណាមួយ"។

ទី៣ បន្តលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការស្រាវជ្រាវ ការព្យាករណ៍ និងការណែនាំជាយុទ្ធសាស្ត្រអំពីការទូតការពារជាតិ ដែលក្នុងនោះត្រូវយកចិត្តទុកដាក់លើការវាយតម្លៃ និងវិភាគគុណសម្បត្តិ គុណវិបត្តិ និងផលប៉ះពាល់ផ្ទាល់លើភារកិច្ចការទូតការពារជាតិ និងការពារមាតុភូមិ។

ទី៤ ផ្តោតលើការនាំយកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីជាមួយដៃគូសំខាន់ៗ ដៃគូយុទ្ធសាស្ត្រ ដាក់ឱ្យក្របខ័ណ្ឌទំនាក់ទំនងដែលបានបង្កើតឡើងឱ្យក្លាយជាការពិត ប្រសិទ្ធភាពជាក់ស្តែង ស្របតាមផលប្រយោជន៍របស់យើង និងដៃគូ។

ជាពិសេសគឺត្រូវផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់លក្ខណៈ និងគុណសម្បត្តិនៃការទូតការពារជាតិក្នុងការកសាងការជឿជាក់យុទ្ធសាស្រ្តជាមួយដៃគូផ្សេងៗ ហើយឈរលើមូលដ្ឋាននោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធា ពាណិជ្ជកម្មយោធា ឧស្សាហកម្មការពារជាតិ។ល។

ទី៥ បន្តលើកកម្ពស់តួនាទីការទូតការពារជាតិ ពហុភាគីក្នុងទិសដៅពង្រីកវិស័យ តំបន់ និងទំហំកិច្ចសហប្រតិបត្តិការ ធ្វើសកម្ម  និងម្ចាស់ការក្នុងការផ្តួចផ្តើមគំនិត និងចូលរួមប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពក្នុងយន្តការ និងវេទិកាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ជាពិសេសយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងក្របខ័ណ្ឌអាស៊ាន បន្តជំរុញការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ… 

ទី៦ ពង្រឹងការងារព័ត៌មាន និងឃោសនាអំពីការទូតការពារជាតិ ធ្វើឱ្យមិត្តអន្តរជាតិយល់អំពីគោលនយោបាយសន្តិភាព និងការពារស្វ័យភាពរបស់វៀតណាម។

ទី៧ យកចិត្តទុកដាក់កសាងធនធានមនុស្សសម្រាប់ការទូតការពារជាតិ ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការកសាងការទូតទំនើបរបស់ប្រទេស។ បន្តពង្រឹងអង្គភាពធ្វើកិច្ចការការទូតក្នុងជួរកងទ័ពទាំងមូល បំពេញបានតម្រូវការរបស់ភារកិច្ចការទូតការពារជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung