ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន៖ ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារជាតិជប៉ុន គណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសវៀតណាមដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាជាផ្លូវការជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិជប៉ុន ដែលដឹកនាំដោយលោក Kishi Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន។
នៅក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា តាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើវិស័យការពារជាតិទ្វេភាគី ដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ២០១១ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឆ្ពោះទៅរកទសវត្សរ៍ខាងមុខរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរដែលបានចុះហត្ថលេខាក្នុងខែមេសា ឆ្នាំ២០១៨ រួមទាំងការខិតខំប្រឹងប្រែងយកឈ្នះលើផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ១៩នោះ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Kishi Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន |
រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងសារៈសំខាន់នៃសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ចំពោះការវិវឌ្ឍដ៏ស្មុគស្មាញដែលកើតឡើងនៅក្នុងតំបន់ និងនៅលើពិភពលោក។ ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក្នុងការដោះស្រាយការខ្វែងគំនិតគ្នារវាងភាគីពាក់ព័ន្ធនៅតាមតំបន់ដែលនៅតែមានវិវាទ ដូចជាសមុទ្រខាងកើត និងសមុទ្រចិនខាងកើតជាដើម។ ហើយទន្ទឹមនឹងនោះ រំពឹងថាភាគីពាក់ព័ន្ធនឹងមានការអត់ធ្មត់ មិនគំរាមកំហែងប្រើកម្លាំងអាវុធ ឬប្រើកម្លាំងអាវុធ និងដោះស្រាយវិវាទដោ្រយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
នាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថានឹងដឹកនាំស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារជាតិទាំងពីរឲ្យអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថានឹងប្រគល់ឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរឲ្យសម្របសម្រួល និងពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធក្នុងយន្តការ និងវេទិកាសហប្រតិបត្តិការពហុភាគី។
|
|
ទិដ្ឋភាពនៃកិច្ចពិភាក្សា |
រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៨ ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរដែលបានប្រព្រឹត្តទៅមុននេះ ហើយឯកភាពគ្នាចាត់តាំងស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានឯកភាពគ្នា រួមចំណែកជាក់ស្តែងក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
បន្ទាប់ពីកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា និងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខអ៊ីនធឺណិត។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Yamazaki Koji ប្រធានអគ្គសេនាធិការចម្រុះជប៉ុន៕
បកប្រែដោយ Duy Hoan