leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក  Park Jae-min

ដោយស្វាគមន៍លោក Park Jae-min និងសមាជិកគណៈប្រតិភូបានអញ្ជើញមកចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី ៩ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា ក្នុងរយៈពេលជិត ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ជាពិសេសចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង បានរីកចម្រើនយ៉ាងរឹងមាំ ស៊ីជម្រៅ និងមានសារៈសំខាន់ជាងមុន។ លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី៩ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោករដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ដោយផ្តោតលើការរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ យន្តការសន្ទនានៅថ្នាក់អនុរដ្ឋមន្រ្តី និងការពិគ្រោះយោបល់កម្រិតការងារ ការបណ្តុះបណ្តាលកម្មាភិបាល ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការផ្លាស់ប្តូររវាងប្រភេទទ័ពនានា វិស័យសន្តិសុខសមុទ្រ ឧស្សាហកម្មការពារជាតិ និងការដោះស្រាយផលវិបាកនៃគ្រាប់បែក និងគ្រាប់មីនក្រោយសម័យសង្គ្រាមនៅវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្តល់វត្ថុអនុស្សាវរីយ៍ជូន​លោក  Park Jae-min

លោករដ្ឋមន្ត្រី Phan Van Giang បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានជួយ​​គាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ លោករដ្ឋមន្ត្រី Phan Van Giang បញ្ជាក់ថា ក្នុងនាមជាកម្លាំងស្នូលនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កងទ័ពប្រជាជនវៀតណាមបានប្តេជ្ញាចិត្តធានាសុវត្ថិភាពសម្រាប់ប្រជាជនវៀតណាម និងពលរដ្ឋបរទេសដែលកំពុងរស់នៅវៀតណាម រួមទាំងពលរដ្ឋកូរ៉េខាងត្បូង​ផងដែរ។ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា ការរីករាលដាលនៃជំងឺកូវីដ១៩ មិនមែនជាបញ្ហារបស់ប្រទេសតែមួយ​ទេ ហើយនៅក្នុងបរិបទដែលជំងឺរាតត្បាត​មិនទាន់គ្រប់គ្រងបាន​នោះ វាចាំបាច់ត្រូវមានការចែករំលែក និងកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang, លោក  Park Jae-min និងបណ្តា​ប្រតិភូ​​ក្រសួងការពារជាតិនៃប្រទេសទាំងពីរ

ថ្លែងអំណរគុណលោករដ្ឋមន្ត្រី Phan Van Giang ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ លោក Park Jae-min បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមមានការអភិវឌ្ឍឥតឈប់ឈរលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិផង។ លោក Park Jae-min បានជម្រាបជូនលោក​រដ្ឋមន្ត្រី Phan Van Giang អំពីលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី ៩  ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរដែល​បាន​​រៀបចំកិច្ចសន្ទនានេះដោយជោគជ័យក្នុងបិទបទនៃជំងឺរាត​ត្បាត​កូវីដ​១៩​ នា​បច្ចុប្បន្ន​នេះ។ លោក Park Jae-min បានបញ្ជាក់ទៀតថាលោកនឹងបន្តខិតខំប្រឹងប្រែងរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងការពារជាតិរវាងកូរ៉េខាងត្បូង និងវៀតណាមនាពេលខាងមុខនេះ។

* គួររំលឹកថា នៅរសៀលថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោក Park Jae-min បានអញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម- កូរ៉េខាងត្បូង លើកទី ៩។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Park Jae-min

លោក Park Jae-min បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោកនាយឧត្តមសេនីយ៍ Phung Quang Thanh អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។ ភាគីទាំងពីរបានផ្លាស់ប្តូរបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងគោលបំណងបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នា។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ​កិច្ចសហប្រតិបត្តិការដែលសម្រេចបានចាប់តាំងពីកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី ៨ នា​ឆ្នាំ ២០១៩ លើវិស័យនានាដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលកម្មាភិបាល សន្តិសុខសមុទ្រ ការជម្នះផលវិបាកនៃគ្រាប់បែក និងគ្រាប់មីនក្រោយសម័យសង្រ្គាមនៅវៀតណាម។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Park Jae-min អញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី ៩
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien, លោក Park Jae-min និង​បណ្តា​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​អញ្ជើញចូល​រួម​កិច្ចសន្ទនា

ភាគីទាំងពីរបានឯកភាពថា​នឹង​បន្តរក្សា និងលើកកម្ពស់លទ្ធផលដែលសម្រេចបាននាពេលខាងមុខ ដែល​ក្នុងនោះផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការជម្នះផលវិបាកសង្គ្រាម សន្តិសុខសមុទ្រ ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ  ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការសម្របសម្រួលនៅវេទិកាពហុភាគីនានា​ ជាពិសេសយន្តការសហប្រតិបត្តិការទាំងឡាយដែលដឹកនាំដោយអាស៊ាន៕

បកប្រែដោយ Duy Hoan